ជាប់ពន្ធនាគារ២ដង តែមិនរៀងចាល ចេញមកវិញឆក់ទៀត ត្រូវកម្លាំងនគរបាលតាមចាប់វ៉ៃខ្នោះ

26-08-2026 22:33

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ប៉ារីស ហៅ ឆេង ពេជ្រ អាយុ២៦ឆ្នាំ ដែលធ្លាប់ជាប់ពន្ធនាគារចំនួន ២ដង និងទើបតែត្រូវបានដោះលែង បានបន្តធ្វើសកម្មភាពលួចឆក់ទៀត កាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនទៀត។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះ បានសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី នៅចំណុចនាគបាញ់ទឹក ផ្លូវសុធារស់ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកករណីទី២ បានកើតឡើងនៅថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចខណ្ឌបឹងកេងកង ក្បែរផ្សារអូឡាំពិក សង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មាន និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ពេជ្រ ប៉ារីស នៅចំណុចផ្លូវលេខ ៣៧២ ខាងក្រោយសាលាជាស៊ីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

យោងតាមដីការបង្គាប់ឱ្យដោះលែងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ ពេជ្រ ប៉ារីស ទើបតែត្រូវបានដោះលែងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីអនុវត្តទោសបាន៣ឆ្នាំ ពីបទលួច៕