ព្រឹកនេះសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវការ
27-08-2026 08:13
(ភ្នំពេញ)៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។ ពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នឹងត្រូវស្វាគមន៍ដោយមានព្រះរាជសារព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, សុន្ទរកថាស្វាគមន៍ដោយលោក ឯក ណាត ដាកាល អគ្គលេខាធិការ ISC, សុន្ទរកថា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងសារអបអរសាទររបស់លោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
ក្នុងពិធីបើកសន្និសីទនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះ ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ថ្លែងសុន្ទរកថាបើក។
សន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជា វេទិកាអន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះមានគោលបំណងជំរុញការកសាងសហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។
សន្និសីទបើកសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងឯកភាពសកល៖ ពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនាអន្តរសភា ដោយមានប្រធានសភា និងថ្នាក់ដឹកនាំសភាមកពីប្រមាណ ៤០ប្រទេសចូលរួម។
សន្និសីទ ISC លើកទី១ ត្រូវបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ដោយមានគណៈប្រតិភូមកពីសភាជាតិចំនួន ៤០ប្រទេសចូលរួម។ សន្និសីទបានផ្ដោតលើការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់សេដ្ឋកិច្ច និងបញ្ហាប្រឈមសកល ព្រមទាំងបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍រួមទីក្រុងអ៊ីស្លាម៉ាបាត។
សម្រាប់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២នៅកម្ពុជា ដែលជាសមាជិកស្ថាបនិកនៃសន្និសីទនេះដែរនោះ រៀបចំឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា។
សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភា និងតំណាងសភាមកពីបណ្តាប្រទេសនានារង្វង់ប្រមាណជា២០ប្រទេស និងអង្គការអន្តរជាតិចំនួន៥ផ្សេងទៀត មានដូចជាក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព, សភាអាមេរិកឡាទីន និងការ៉ាអ៊ីប, អង្គការអន្តរសភាអាស៊ាន AIPA និងសហព័ន្ធសន្តិភាពសកល។
សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយមានប្រធានសភា ជាច្រើនប្រទេសចូលរួមទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការអន្តរជាតិសំខាន់ៗជាច្រើនទៀតចូលរួម។ នេះជាវេទិកាសំខាន់ នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិទូទាំងសកលលោក ឱ្យរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
សន្និសីទប្រធានសភានៃអន្តរសភា (ISC) គឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។
ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ISC លើកទី២របស់កម្ពុជានេះ គឺជាការបន្តពង្រឹងតួនាទី និងឥទ្ធិពលការទូតសភារបស់កម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀត ដើម្បីរួមចំណែកដល់តំបន់ និងពិភពលោកក្នុងការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រីកទំនាក់ទំនងរវាងសភានៃបណ្តាប្រទេសជាសមាជិកក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព, ការផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍លើការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមសកល ដូចជាសន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម និងការលើកកម្ពស់មុខមាត់ជាតិ តាមរយៈការបង្ហាញទៅកាន់ពិភពលោកពីស្ថិរភាពនយោបាយ វប្បធម៌ដ៏សម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា៕











































































