ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារជូន ប្រធានរដ្ឋសភាម៉ាឡេស៊ី អបអរសាទរ និងជូនពរ ក្នុងខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី
27-08-2026 08:39
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតជូន បណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato' (Dr.) Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី ដើម្បីចូលរួមអបអរសាទរ និងជូនពរ ក្នុងឱកាសនៃការប្រារព្ធខួប លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។
តាមរយៈសារលិខិតនេះ សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ បានរីកចម្រើនលូតលាស់ជាលំដាប់ និងត្រូវបាន ពូនជ្រំយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើគោលការណ៍គោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និង ផលប្រយោជន៍ទៅវិញទៅមក។
សម្ដេចបានបន្តថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលយកប្រជាជនជាស្នូលរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរលើវិស័យជាច្រើន ចាប់ពីវិស័យសេដ្ឋកិច្ច និងសន្តិសុខ រហូតដល់ការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន ព្រមទាំងវប្បធម៌ផងដែរ។
ប្រធានរដ្ឋសភាកម្ពុជា មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែលមានស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀតនាពេលអនាគត ដើម្បីជា ឧត្តមប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនទាំងសងខាង៕







