ថ្នាក់ដឹកនាំខេត្តកណ្តាលលែងកូនត្រី ២០ម៉ឺនក្បាល កូនបង្កង ៣ម៉ឺនក្បាល និងត្រីគល់រាំងមេពូជចូលទន្លេបាទី និងបានអំពាវនាវឱ្យពលរដ្ឋកុំប្រព្រឹត្តបទល្មើសនេសាទ និងរួមគ្នាការពារធនធានជលផលទាំងអស់គ្នា
27-08-2026 10:00
(កណ្តាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានជំរុញឲ្យពលរដ្ឋកុំប្រព្រឹត្តបទល្មើសនេសាទ និងរួមគ្នាការពារធនធានជលផលទាំងអស់គ្នាដើម្បីបង្កើនផលត្រីឲ្យកាន់តែច្រើនឡើងៗ។
លោកអភិបាលខេត្តបានជំរុញបែបនេះ នៅក្នុងពិធីលែងកូនត្រី និងត្រីមេពូជចំនួន ២០ម៉ឺនក្បាល ព្រមទាំងកូនបង្កងចំនួន ៣ម៉ឺនក្បាលចូលទៅក្នុងទន្លេបាទី ត្រង់ចំណុចវត្តកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ណៅ ធួក សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក Brune តំណាងក្រុមហ៊ុនទឹកបរិសុទ្ធ ហ្គេនស្បើក (Ganzberg) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនេះលោក គួច ចំរើន បានលើកឡើងថា ធនធានជលផលមិនមែនគ្រាន់តែជាសម្បត្តិធម្មជាតិដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀងជាតិ ប្រភពប្រូតេអ៊ីនសម្រាប់សុខភាព និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះការលែងកូនត្រី ត្រីមេពូជ និងកូនបង្កងនាឱកាសនេះ គឺមិនមែនជាពិធីជានិមិត្តរូបតែប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមជាក់ស្តែងក្នុងការបង្កើនបរិមាណផលស្តុកមច្ឆជាតិ និងស្តារប្រព័ន្ធជីវចម្រុះក្នុងទឹក។
លោកអភិបាលខេត្ត បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមការពារធនធានមច្ឆជាតិ កុំឱ្យបាត់បង់ ឬផុតពូជ តាមរយៈការគោរពច្បាប់នេសាទ ជាពិសេសការគោរពរដូវបិទនេសាទ និងមិននេសាទក្នុងរដូវត្រីពងជាដាច់ខាត មួយវិញទៀត ប្រជាពលរដ្ឋត្រូវជៀសវាងការប្រើឧបករណ៍នេសាទខុសច្បាប់ ការឆក់ត្រី និងការប្រើសារធាតុពុលក្នុងការនេសាទ ដែលអាចបំផ្លាញទាំងមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។
ទន្ទឹមនឹងនេះ លោក គួច ចំរើន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំចិញ្ចឹមត្រី និងបង្កើនការផលិតវារីវប្បកម្ម ដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការត្រីក្នុងទីផ្សារ កាត់បន្ថយការពឹងផ្អែកលើការនេសាទធម្មជាតិ និងធានាឱ្យការប្រើប្រាស់ធនធានជលផលមានតុល្យភាព និងមានចីរភាព។
ក្រៅពីការអភិរក្សធនធានជលផល អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរ និងសមត្ថកិច្ច ប្រសិនបើបានដឹងពីសកម្មភាពល្មើសច្បាប់ ឬជនដែលប្រព្រឹត្តបទល្មើស ជាពិសេសមាតាបិតា និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យជៀសវាងអំពើខុសច្បាប់ ចំពោះយុវជនត្រូវបន្តផ្សព្វផ្សាយការអប់រំណែនាំទៅកាន់មិត្តភក្កិទាំងដោយផ្ទាល់ និងតាមបណ្តាញសង្គម។
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដានាថ្ងៃនេះ មានការលែងកូនត្រី ២០ម៉ឺនក្បាល ត្រីគល់រាំង ២ក្បាល ត្រីរាជ ៣ក្បាល ត្រីមេពូជចម្រុះ ចំនួន ៣០គីឡូក្រាម និងកូនបង្កង ៣ម៉ឺនក្បាល ដើម្បីបង្កើនធនធានជលផលក្នុងធម្មជាតិឱ្យកាន់តែសម្បូរបែបថែមទៀត សម្រាប់ប្រយោជន៍សហគមន៍មូលដ្ឋាន។
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកណ្តាល បានសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជលផល ចំនួន ១០៥លើក ដោយបានរុះរើ ដកហូតវត្ថុតាង រក្សាទុក និងបំផ្លាញចោល ចំនួន ៥៩ករណី និងបានចុះឃាត់ចាប់ និងអប់រំណែនាំ ចំពោះការនេសាទដោយប្រើឧបករណ៍ខ្នាតមធ្យម និងខ្នាតធំ ក្នុងរដូវបិទនេសាទផងដែរ។
លោកនាយខណ្ឌក៏បានព្រមានពីវិធានការច្បាប់ស្តីពីជលផលផងដែរ ទៅលើជនទាំងឡាយណាដែលនៅតែគឃ្លើនប្រព្រឹត្តបទល្មើសនេសាទនេះ ៕




























