ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ រៀបចំពិធីពិសាអាហារថ្ងៃត្រង់ការងារ ជូនប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងឥណ្ឌូណេស៉ី

27-08-2026 10:10

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ការងារ ជូនលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកនៃសន្និសីទប្រធានសភា នៃអន្តរសភា និងលោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាមជាន់ខ្ពស់ជាច្រើនរូប នៅភោជនីយដ្ឋានចិនមូស្លីម ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីពិសាអាហារការងារនេះ ធ្វើឡើងឆ្លៀត ក្នុងឱកាសប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងបរិយាកាសស្និទ្ធស្នាលនេះ ភាគីទាំងបីបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយប៉ាគីស្ថាន និងឥណ្ឌូណេស៊ី ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕