ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី
27-08-2026 10:13
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Sultan Bachtiar Najamudin ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅសណ្ធាគារសុខាភ្នំពេញ។
ជំនួបនេះធ្វើឡើងឆ្លៀត ក្នុងឱកាសប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងជម្រាបជូនប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។ លោកទេសរដ្ឋមន្ត្រី បានរំលឹកថា កម្ពុជាជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយមានប្រជាជនសរុបចំនួន១៧ លាននាក់ ក្នុងនោះមានប្រជាជនជាង ៩៣% កាន់សាសនាព្រះពុទ្ធ ៥% កាន់សាសនាឥស្លាម និងសាសនាផ្សេងៗ ២%។
លោកទេសរដ្ឋមន្ត្រីបន្តថា សហគមន៍ឥស្លាមកម្ពុជា ក៏ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមចំណែកការងារជាថ្នាក់ដឹកនាំនៅក្នុងបណ្តាស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា និងបានផ្តល់ភាពងាយស្រួលជាច្រើនដល់សាសនិកឥស្លាមកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានរំលេចដែរថា បច្ចុប្បន្នស្ថាប័នព្រឹទ្ធសភាកម្ពុជានីតិកាលទី៥ មានសមាជិកចំនួន ៦២ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៥ រូប ដោយក្នុងចំណោម៥ រូបនេះ ក៏មានស្ត្រី ១ រូបផងដែរ។ ចំណែក រដ្ឋសភា មានសមាជិកចំនួន ១២៥ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៦រូប ស្រី១ រូប។
ជាការឆ្លើយតប ប្រធានព្រឹទ្ធសភា ឥណ្ឌូណេស៊ីបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាស និងការយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ឥស្លាម ដោយបានអនុញ្ញាតឱ្យមានតំណាងថ្នាក់ដឹកនាំឥស្លាម ចូលរួមចំណែកបម្រើការងារ នៅក្នុងស្ថាប័នកំពូលរបស់ជាតិ ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាកក្រោមជាតិ។ ជាមួយគ្នានេះ លោកបានបង្ហាញការប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងមិត្តភាព ភាពជាដៃគូសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន (ជាពិសេសក្រុមយុវជន និងធុរកិច្ច) ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពបន្ថែមទៀត៕


















