ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

27-08-2026 12:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

* សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្ដីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាង កក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយ សន្តិវិធី»

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា សូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូបដែល បានធ្វើដំណើរពីគ្រប់ទិសទីជុំវិញសកលលោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងជួបជុំគា្ននៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យ សម្តីលួងលោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះ ក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឹងម៉ាត់ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេល បច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាន នូវស្ថានភាពដែលល្អបំផុត»។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តថភាពជាក់ស្ដែងគឺថា ពិភពលោករបស់យើងបានផ្លាស់ប្ដូរទៅរករបត់ថ្មី ដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ «ស្ថានភាពចលាចល» ជាប្រចាំ។ យុគសម័យ ដែលងាយប្រែប្រួលនេះ ត្រូវបានសម្គាល់ដោយការបាត់បង់នូវ «ភាពជាអ្នកដឹកនាំផ្នែក សីលធម៌» នៅលើឆាកអន្តរជាតិ និងញាំញីដោយភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា អ្វីដែលយើងធ្លាប់ជឿជាក់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ត្រូវបានគេជាន់ឈ្លី ឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរ ស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្ត្រដែលកំពុងប្រែប្រួលរបស់មហា អំណាចធំៗ ជាការគួរឱ្យសោកស្តាយ មនុស្សជាតិហាក់ដូចជាបានបរាជ័យក្នុងការរៀនសូតពីមេរៀនដ៏ឈឺចាប់ នៃប្រវត្តិសាស្ត្រ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីបង្ការកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។ ប៉ុន្តែជាអកុសល ពិភពលោក ហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់ទាំងនេះ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំ នៅក្នុងអភិបាលកិច្ចសកល យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ

ទីមួយ៖ ការកែសម្រួលជារចនាសម្ព័ន្ធនូវតុល្យភាពអំណាចជាប្រចាំ ដែលស្ដែងឡើង តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនថមថយ រវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុងលេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវ «វិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ»

ទីពីរ៖ ការយកអ្វីៗ គ្រប់យ៉ាងធ្វើជាអាវុធ។ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពី សេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។

ទីបី៖ ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះ ត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ (grey-zone tactics) ដែលមិន រុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ ជាលក្ខណៈ រចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។ ប្រសិនបើបណ្តែតបណ្តោយ ដោយគ្មានការទប់ស្កាត់ បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy) បម្រើឱ្យមហិច្ឆតាទាមទារ យកទឹកដីចាស់មកវិញ (irredentism) ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis)។ នេះជាការពិតដ៏ជូរចត់ មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់ បានឡើយ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចេញពីនិន្នាការទាំងនេះ យើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមបីសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង, សង្គ្រាមបំបាក់សេដ្ឋកិច្ច, និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។

១៖ សង្គ្រាមបំបាក់កម្លាំង ៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។ នេះគឺជាជម្លោះរយៈពេលវែង ដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នារប៉ះរប៉ោះជាបន្តបន្ទាប់ និងអូសបន្លាយ ពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុន នឹងបាត់បង់អ្វីៗគ្រប់ យ៉ាង។ គោលបំណងចម្បង គឺ ការបំផ្លាញបន្តិចម្ដងៗនូវកម្លាំងរបស់សត្រូវ ការបំផ្លាញ កម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមាន សមត្ថភាពតស៊ូប្រឆាំងតបត។

២៖ សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពល សេដ្ឋកិច្ចជាអាវុធ ដើម្បីបំផ្លាញស្ថិរភាពជាតិជាប្រព័ន្ធ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាង ទូលំទូលាយ ការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។

៣៖ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះមានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាម ចិត្តសាស្ត្រ ដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធ សង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេស ដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ ស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្រប ដើម្បីដាក់សម្ពាធពីខាងក្រៅ វាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ។ សង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញ និងមានច្រើនស្រទាប់នៃវិបត្តិដែលប្រទាក់ក្រឡាគ្នា ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យសង្គម បាត់បង់ស្ថិរភាព មុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងគំរូថ្មីនេះ ការវាយប្រហារជាយុទ្ធសាស្ត្រលែងមានការបែងចែកចំពោះប្រជាជន ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយ។ ជម្លោះទំនើបបានឈានដល់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ នៃជីវភាពរបស់ប្រជាពលរដ្ឋសាមញ្ញ ដោយបង្វែរទ្រព្យសាធារណៈឱ្យទៅជាតំបន់សមរភូមិសកម្ម។ យើងឃើញមានការវាយប្រហារដោយ ដូនទំនើប តម្រង់ ទៅលើសំណង់ស៊ីវិល រួមមាន៖ ផ្លូវ ស្ពាន ទីសក្ការៈសាសនា សាលារៀន និងរោងចក ចម្រាញ់ប្រេង។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនេះ ការបំផ្លិចបំផ្លាញដោយចេតនានៅលើបំពង់បង្ហូរឧស្ម័ន និងការបាញ់ ប្រហារទៅលើនាវាពាណិជ្ជកម្មដឹកប្រងឥន្ធនៈ បានក្លាយទៅជាឧបករណ៍ដ៏ងាយស្រួល នៅ ក្នុងយុទ្ធវិធីនៃល្បែងភូមិសាស្ត្រនយោបាយ ដោយមិនគិតគូរទាល់តែសោះចំពោះផលប៉ះ ពាល់ដល់សកលលោកទាំងមូល។ ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះ បទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេស ដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះ (Grey-zone tactics) នេះឯង។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់របាំងពន្ធគយ ដើម្បីដាក់ទណ្ឌកម្ម និងដកហូតការអនុគ្រោះពាណិជ្ជកម្មដែលមានពីមុនមក សង្គ្រាមបច្ចេកវិទ្យាបង្ហាញពី ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សឺមីកុងឌុចទ័រ ទំនើប និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រដ៏សំខាន់។ចុងក្រោយ សង្គ្រាម និងនយោបាយ គាំពារនិយមទាក់ទងនឹងធនធានធម្មជាតិ បាននិងកំពុងរុញច្រានឱ្យមានការដណ្តើមគ្នាយ៉ាងខ្លាំងក្លា និងការរឹតត្បិតលើធនធានយុទ្ធសាស្ត្រនានានៅលើពិភពលោក ដូចជា៖ ថាមពល និងរ៉ែកម្រ (rare earth) ដែលធ្វើឱ្យប្រទេសងាយរងគ្រោះធ្លាក់ចូលទៅក្នុងសំណាញ់ អសន្តិសុខជាប្រព័ន្ធ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនៅក្នុងបរិបទនេះ គឺការបំពានច្បាប់អន្តរជាតិដោយតួអង្គ ដែលមានអំណាចដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្តាច់មុខ ការវាយលុកមុនដោយគ្មាន ហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ (targeted decapitation strategies) ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុងនូវសុបិន នៃសន្តិសុខរួម។

ជាលទ្ធផល ហានិភ័យបែបនេះបានបង្កឱ្យមានការរត់ប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់ នៅទូទាំងពិភពលោក ដោយធ្វើឱ្យប្រទេសងាយរងគ្រោះយល់ឃើញយ៉ាងច្បាស់ថា សន្ធិសញ្ញាអន្តរជាតិតែមួយមុខ មិនអាចការពារពួកគេពីការឈ្លានពានពីខាងក្រៅបានឡើយ ជាការឆ្លើយតប ប្រទេសទាំងឡាយត្រូវបង្ខំចិត្តស្វែងរកការកសាងកម្លាំងយោធាយ៉ាងឆាប់ រហ័សហើយអាចឈានដល់ការបំពាក់អាវុធនុយក្លេអ៊ែរ នៅក្នុងរចនាសម្ព័ន្ធតំបន់។ នៅពេលដែលការរស់រានមានជីវិតរបស់រដ្ឋអធិបតេយ្យ ត្រូវរងការគំរាមកំហែងជាបន្តបន្ទាប់ ដោយការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ (long-arm jurisdiction) រដ្ឋនានាត្រូវបង្ខំចិត្តឱ្យ បង្កើតសមត្ថភាពវាយបកវិញជាលើកទីពីរ (second-strike capabilities) ឱ្យបានរឹងមាំ។ ការព្រួយបារម្ភសន្តិសុខជាប្រព័ន្ធនេះ កំពុងតែរុញច្រានឱ្យមានវដ្តដ៏អាក្រក់នៃការរីកសាយ សព្វាវុធនៅទូទាំងពិភពលោកដែលអាចធ្វើឱ្យដួលរលំទាំងស្រុង នៃក្របខ័ណ្ឌអន្តរជាតិ នៃការមិនរីកសាយសព្វាវុធ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើក្តារអុកភូមិសាស្ត្រនយោបាយសកលនេះ យើងត្រូវតែវាយតម្លៃឱ្យបានម៉ត់ចត់ អំពីជោគវាសនាចុងក្រោយនៃប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍ។ ការពិតដ៏ជូរចត់នោះគឺថា ប្រទេសកំពុងអភិវឌ្ឍ ត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃខ្យល់បក់រេរា មិនអាចទាយ ទុកជាមុនបាននៃការប្រកួតប្រជែងរវាងមហាអំណាច ហើយពួកគេ ជារឿយៗ បានក្លាយ ទៅជាជនរងគ្រោះជាប្រព័ន្ធ (systemic scapegoats) ដោយរងការដាក់សម្ពាធយ៉ាង ខ្លាំងក្លាពីសកលលោក។

យើងបានក្លាយជាគោលដៅដាក់សម្ពាធ និងវាយប្រហារយ៉ាងខ្លាំង ដោយប្រើបញ្ហាដ៏ស្មុគស្មាញធ្វើជាលេស ដូចជា៖ ការប្រើស្តង់ដារពីរលើបញ្ហាសិទ្ធិ មនុស្ស ភាពរិចរិលបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ជាដើម។ ការចោទប្រកាន់ជាអន្តរជាតិទាំងនេះ តែងតែមើលរំលងដោយអយុត្តិធម៌ ទៅលើចំណុច ខ្សោយនៃរចនាសម្ព័ន្ធ និងសមត្ថភាពអភិវឌ្ឍន៍ទន់ខ្សោយរបស់យើង ហើយពួកគេបានប្រើប្រាស់ស្តង់ដារកម្រិតខ្ពស់របស់ប្រទេសអ្នកមានដើម្បីដាក់បន្ទុក ធ្វើការវិនិច្ឆ័យ ដាក់ទណ្ឌកម្ម និងដាក់ឱ្យឯកោប្រជាជាតិ ដែលកំពុងតែខិតខំស្ដារឡើងវិញក្រោយជម្លោះប្រវត្តិសាស្ត្រ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លើសពីនេះ នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ ចំណុច ខ្ទប់ដង្ហើម (chokepoints) ជាភូមិសាស្ត្រ និងសេដ្ឋកិច្ច នៅឯនាយម្ខាង នៃភពផែនដី ក៏អាចបិទខ្ទប់ដង្ហើមរួមរបស់យើងបានយ៉ាងងាយស្រួល។ ប្រសិនបើច្រកសមុទ្រយុទ្ធសាស្ត ដូចជា ច្រកម៉ាឡាកា ច្រកហ័រមូស ឬព្រែកជីកស៊ុយអេ ត្រូវបានបិទខ្ទប់ ឬប្រសិនបើខ្សែ ច្រវាក់ផ្គត់ផ្គង់សកលនៃសឺមីកុងឌុចទ័រ ត្រូវបានកាត់ផ្ដាច់ភ្លាមៗ នោះសេដ្ឋកិច្ចក្នុងស្រុក របស់យើង ក៏នឹងទទួលរងនូវផលប៉ះពាល់ដ៏គ្រោះថ្នាក់នេះភ្លាមៗដែរ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងកំពុងរស់នៅ ក្នុងយុគសម័យនៃការយកសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជាអាវុធទាំងស្រុង ហើយច្បាប់ ទម្លាប់ត្រូវបានផ្លាស់ប្ដូរ ដោយមិនអាចទាយទុកជាមុនបានពីមួយថ្ងៃទៅមួយថ្ងៃ គ្មានអ្វី ត្រូវបានធានាទៀតទេ ហើយគោលការណ៍ពាណិជ្ជកម្មសេរីដែលយើងធ្លាប់ត្រូវបានគេជំរុញ ឱ្យអនុវត្ត ត្រូវបានគេបោះបង់ចោល នៅពេលដែលគោលការណ៍ទាំងនេះ មិនបម្រើដល់ផលប្រយោជន៍ភ្លាមៗរបស់ក្រុមប្រទេសស្ថាបនិកនៃគោលការណ៍ទាំងនេះ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកាលៈទេសៈសកលដ៏គ្រោះថ្នាក់ យើងត្រូវតែគិតគូរឡើងវិញអំពីតួនាទីពិត ប្រាកដនៃអំណាចនីតិប្បញ្ញត្តិ និងរបៀបដែលយើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយប្រសិទ្ធភាពជាមួយអំណាចនីតិប្រតិបត្តិ។ អំណាចនីតិប្បញ្ញត្តិមិនអាចដំណើរការត្រឹម តែជាម៉ាស៊ីនអនុម័តច្បាប់ដោយអកម្ម ឬជាអ្នកឈរមើលវិបត្តិដែលកំពុងកើតឡើងនោះឡើយ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវតែឈានជើងចូលទៅក្នុងតួនាទីរដ្ឋធម្មនុញ្ញរបស់យើងដោយសកម្ម ក្នុងនាមជាអ្នកគិតគូរយុទ្ធសាស្ត្រ ជាទីប្រឹក្សាជាន់ខ្ពស់ដែលផ្ដល់ដំបូន្មាន ដែលមាន សុភវិនិច្ឆ័យ និងជាអ្នករចនាចក្ខុវិស័យវែងឆ្ងាយ ដែលរៀបចំផែនការការពារវិបត្តិ រយៈពេល វែង លើសហួសពីវដ្ដនៃរដូវកាលបោះឆ្នោតអ្វីដែលសំខាន់នោះ គឺប្រព័ន្ធនៃការព្រមានទុកជាមុន និងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់វិបត្តិពិតប្រាកដរបស់យើង គឺស្ថិតនៅក្នុងបណ្តាញអន្តរជាតិដ៏រឹងមាំនៃសមាជិកសភា ដែល ប្រកបដោយគតិបណ្ឌិត និងបទពិសោធ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងអាចផ្តល់សញ្ញាអាសន្នឱ្យគ្នាទៅវិញទៅមក និងសម្របសម្រួលរៀបចំរនាំងការពារជាលក្ខណៈអន្តរជាតិបានយ៉ាងឆាប់រហ័ស ដើម្បី រារាំងភ្នក់ភ្លើងនៃជម្លោះ កុំឱ្យរាលដាលទៅជាភ្លើងឆាបឆេះពេញក្នុងតំបន់។ តួនាទីជាមូលដ្ឋាន នៃស្ថាប័ននីតិប្បញ្ញត្តិ គឺការលើកកម្ពស់ទំនុកចិត្តទៅវិញទៅមកជាប្រព័ន្ធ ពោលគឺទំនុកចិត្ត ដ៏ជ្រាលជ្រៅដែលអនុញ្ញាតឱ្យយើងជួយផ្ដល់សញ្ញាអាសន្ន ឱ្យគ្នាទៅវិញទៅមក នៅពេល ដែលគ្រោះថ្នាក់នៃជម្លោះឈានមកដល់មុខទ្វារផ្ទះរបស់យើង។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាទំនុកចិត្តដែលយើង ត្រូវតែកសាងនៅពេលនេះ មិនត្រឹមតែសម្រាប់សន្តិសុខរបស់ប្រទេសដៃគូរបស់យើង ប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ខ្លួនយើងផ្ទាល់ផងដែរ ពីព្រោះភ្លើងសង្គ្រាមនៅក្នុងប្រទេសមួយ លែងជារឿងដាច់ដោយឡែកទៀតហើយ ហើយអាចបក់ផ្សែងមកដល់ជើងមេឃរបស់យើង និងអាចខ្ទប់ដង្ហើមរបស់យើងយ៉ាងងាយស្រួល។ យើងអាចមានជម្រើសផ្សេង តែជាជម្រើស នៃការវិលត្រឡប់ទៅរកស្ថានភាពអ្នក ខ្លាំងរស់ អ្នកខ្សោយស្លាប់ (survival of the fittest) ពោលគឺការវិលទៅរកសង្គមដែលបើ ច្បាប់ព្រៃគ្រប់គ្រង។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាញសកលនៃប្រធានសភារបស់យើង ត្រូវតែហ៊ាននិយាយឱ្យ បានច្បាស់លាស់ និងមានឥទ្ធិពលប្រឆាំងទៅនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនេះ ដោយរៀបចំ ជារណសិរ្ស ដែលមានរចនាសម្ព័ន្ធមិនរង្គោះរង្គើ យើងត្រូវតែរួមគ្នា និងបដិសេធយ៉ាងដាច់ អហង្ការចំពោះកម្លាំងដែលបង្កអស្ថិរភាពបែបនេះ មិនឱ្យរីករាលដាលពាសពេញតំបន់របស់យើង ឬជ្រៀតចូលទៅក្នុងទីធ្លាក្រោយផ្ទះរបស់យើង។ ដើម្បីពង្រឹងអាណត្តិនេះ យើងត្រូវ តែរក្សាទំនាក់ទំនង និងការសម្របសម្រួលជាប្រចាំរវាងស្ថាប័នរបស់យើង ដោយអនុញ្ញាត ឱ្យការទូតសភា ដើរតួជាអ្នកការពារពហុភាគីនិយមដ៏រឹងមាំ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។ ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែល កាន់តែខ្ពស់។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើងរបស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំផ្ទះសម្បែង ឱ្យបានរៀបរយពន្លឿន ការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គីភ័យរបស់យើង?

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូលទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែង គ្នាដែរ។ ផ្អែកលើស្មារតីនេះ ខ្ញុំមានទស្សនៈ ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈ យុទ្ធសាស្ត្រចំនួនប្រាំ ដូចខាងក្រោម ជាមួយនឹងសកម្មភាពជាក់ស្ដែង ដែលអាចអនុវត្តបាន។

* សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវគោលគំនិតផ្សេងៗ

ទីមួយ៖ បូរណភាពទឹកដី និងការបង្កកជម្លោះ (Territorial Integrity and Conflict Freezing)៖ ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដី មិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្ដារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និង ការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។

យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ (parliamentary ceasefire observer team) ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

ទីពីរ៖ បណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា (International Network of Eminent Parliamentarian Mediators), ដើម្បីឈានផុតពីការទូតបែបអកម្ម យើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភាប្រមូលផ្តុំនូវ សមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាព ដោយសកម្ម។

ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់ សុទ្ធសឹងជាឥស្សរជននយោបាយដែលមាន បទពិសោធខ្ពស់ មានបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាព ដែលបានកសាងជាយូរមកហើយ បណ្តាញសម្រុះសម្រួលឯកទេសនេះ ត្រូវតែឈានជើង ឱ្យផុតពីភាពរឹងត្អឹងនៃមនោគមវិជ្ជា ហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បី សម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើង បង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ ជារចនាសម្ព័ន្ធបណ្តាញអ្នកសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែ មានសេរីភាពប្រតិបត្តិការក្រោមអាណត្តិបត់បែនមួយ ចាកឆ្ងាយពីភាពរសើប ការដាក់កំហិត នយោបាយ និងពិធីការដ៏រឹងត្អឹងនៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋ ដែលប្រើដោយ អំណាចនីតិប្រតិបត្តិ។

ទីបី៖ គណនេយ្យភាពស្ថាប័ន និងដំណោះស្រាយតាមផ្លូវច្បាប់ (Institutional Accountability and Legal Recourse), ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវច្បាប់ព្រៃ «អ្នក ខ្លាំងឈ្នះ» ដោយគណនេយ្យភាពស្ថាប័នពិតប្រាកដ ស្ថាប័ននីតិប្បញ្ញត្តិរបស់យើងត្រូវត បន្តចេញសេចក្ដីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករ យើង ត្រូវតែឈរជារណសិរ្សជួរមុខ រួមគ្នាក្នុងការតស៊ូមតិ ដើម្បីការពារច្បាប់អន្តរជាតិ ការទូត ការសន្ទនាបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។

តាមរយៈការចងក្រង បណ្ដាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមរបស់យើងត្រូវតែមានកម្លាំងខ្លាំងក្លាដើម្បីប្រឆាំង និងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងបើ ប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។ ខ្ញុំមានទស្សនៈថា សហគមន៍ដែលគោរពច្បាប់របស់យើង គប្បីខិតខំស្វែងរកផ្លូវច្បាប់ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ (grey-zone tactics) ដែល ចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយ នឹងច្បាប់អន្តរជាតិ។

ទីបួន៖ ការការពារសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគី (Economic Shielding and Multilateral Trade)៖ ដើម្បីការពារសេដ្ឋកិច្ចរបស់យើងពីផលប៉ះពាល់អវិជ្ជមានន ឥទ្ធិពលខាងក្រៅ បណ្តាញប្រធានសភាត្រូវផ្ដល់អាទិភាពដល់ការអនុម័ត និងការអនុវត្តសន្ធិសញ្ញាសេដ្ឋកិច្ចពហុភាគី ដែលគ្មានការរើសអើង ដោយទាញយកផលប្រយោជន៍យ៉ាង សកម្មពីក្របខ័ណ្ឌពាណិជ្ជកម្មតំបន់ ដែលមានស្រាប់ ដើម្បីទប់ស្កាត់មហាអំណាចមិនឱ្យចាត់ទុកប្រទេសតូចតាចជាកូនអុកដែលអាចទាត់ចោល។

លើសពីនេះ យើងត្រូវកៀរគរ សំឡេងរួមរបស់យើង ដើម្បីប្រឆាំងយ៉ាងខ្លាំងក្លាចំពោះនយោបាយគាំពារនិយមពាណិជ្ជកម្ម ដែលត្រូវបានរុញច្រានដោយរបៀបវារៈនយោបាយលាក់កំបាំង ការយកលេសបរិស្ថាន និងការអនុវត្តស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស ដើម្បីយករឿងទាំងនេះ ធ្វើជាអាវុធក្នុងទំនាក់ ទំនងសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋដែលទន់ខ្សោយជាងក្រៅពីការតស៊ូមតិនេះ យើងត្រូវពង្រឹង បណ្តាញ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើងឱ្យរឹងមាំ ដើម្បីបង្កើតជាខែលការពារដ៏រឹងមាំ ប្រកបដោយភាពធន់ ដោយធានាថា យើងអាចការពារទីផ្សារក្នុងស្រុករបស់យើងបានយ៉ាង សកម្ម ទប់ស្កាត់ការរំខានដ៏ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាបាននូវ ការងារសមរម្យ និងមានស្ថិរភាពសម្រាប់ប្រជាជនរបស់យើង។

ទីប្រាំ៖ ការការពារកេរ្តិ៍ឈ្មោះ (Reputational Defense); ដើម្បីប្រឆាំងនឹងការ វាយប្រហារលើកិត្យានុភាព និងការធ្វើឱ្យបាត់បង់ធម្មានុរូបជាប្រព័ន្ធចំពោះរដ្ឋដែលទន់ខ្សោយ យើងចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចសភាកម្រិតខ្ពស់ឱ្យបានសកម្ម ដើម្បីបង្ហាញពីការពិតជាក់ស្ដែងនៅលើទឹកដី និងលុបបំបាត់ចោលដោយប្រសិទ្ធភាព នូវព័ត៌មានមិនពិត និងការខិតខំបង្កអស្ថិរភាពពីខាងក្រៅ។

យើងត្រូវតែពង្រឹងការប្ដេជ្ញាចិត្ត នៃបណ្តាញប្រតិបត្តិការរបស់យើង ដើម្បីធានាថា ដែនដីនៃរដ្ឋសមាជិកណាមួយ នឹងមិនត្រូវបានប្រើប្រាស់ឱ្យធ្វើជា ទីតាំងបើកការវាយប្រហារ ឬជាជម្រកសុវត្ថិភាព ក្នុងការរៀបចំការវាយប្រហារផ្នែកនយោបាយ សកម្មភាពវិទ្ធង្សនា ឬយុទ្ធនាការបរិហារកេរ្ដិ៍ប្រឆាំងនឹងគ្នាទៅវិញទៅមកឡើយ។ ក្នុងនាម ជាប្រធានសភា យើងមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការដឹកនាំអប់រំសាធារណមតិ និងមហាជន ជាតិ និងអន្តរជាតិ។

នៅពេលដែលយុទ្ធនាការបរិហារកេរ្ដិ៍ដ៏ពិសពុល ចាប់ផ្តើមគ្របដណ្ដប់ លើប្រព័ន្ធផ្សព្វផ្សាយ យើងត្រូវតែពង្រឹងកិច្ចសហការរបស់យើងឱ្យបានឆាប់តាមរយៈការ ចែករំលែកព័ត៌មានដោយចាប់ដៃគ្នាស្អិតរមួត ដើម្បីនិយាយការពិត និងទាមទារយុត្តិធម៌ សម្រាប់ប្រជាជាតិរបស់យើង។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិ របស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជានៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើងគឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងគួរប្រើប្រាស់សន្និសីទនេះ ដើម្បីធ្វើពង្រឹងឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើង ចំពោះច្បាប់អន្តរជាតិ ការរស់នៅជាមួយគា្នដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និង ភាពរុងរឿងរួមគ្នា។ យើងត្រូវពង្រឹងការទូតសភា ដើម្បីធ្វើជាកម្លាំងចលករគាំទ្រដល់កិច្ច សន្ទនា ទំនុកចិត្ត និងសន្តិភាព៕