សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីផលប្រយោជន៍រួម និងស្ថិរភាពតំបន់
27-08-2026 13:26
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ជាសកលចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនអាចរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ានផងដែរ។ ទោះបីជាបទឈប់បាញ់បានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ស្ថានភាពនៅតែផុយស្រួយ ដ្បិតកងទ័ពរាប់ពាន់នាក់នៅតែឈរជើងទល់មុខគ្នា ហើយបញ្ហាស្នូលនៃបូរណភាពទឹកដី និងអធិបតេយ្យភាពនៅតែមិនទាន់ត្រូវបានដោះស្រាយ។
សម្តេចបវរធិបតីបន្ថែមថា ថ្វីត្បិតតែភាគីទាំងពីរបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ (KL Accords) និងសេចក្តីថ្លែងការណ៍រួម ដើម្បីអនុញ្ញាតឱ្យការងារវាស់វែង និងបោះបង្គោលព្រំដែនដោយគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើម ក៏ពុំមានការងារបោះបង្គោលព្រំដែនណាមួយបានកើតឡើងនោះទេ ខណៈបច្ចុប្បន្ន មានប្រជាជនកម្ពុជាប្រមាណ ២០.០០០នាក់ ដែលនៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ លើសពីនេះ កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារតែឯង។ សកម្មភាពយោធាថៃដើម្បីបង្កើតការពិតជាក់ស្តែងនៅនឹងកន្លែង ដូចជាការដាក់លួសបន្លា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋថៃ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង។
សម្តេចបវរធិបតីបានបញ្ជាក់ថា «ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការសម្រេចចិត្តថ្មីៗរបស់យើងក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកំហិតក្រោម UNCLOS ដើម្បីដោះស្រាយព្រំដែនសមុទ្ររបស់យើងជាមួយប្រទេសថៃ បង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលមានមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ»។
សម្តេចបវរធិបតីបន្តថា «ដំណោះស្រាយដោយសន្តិវិធីគឺស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ វានឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត ដោះសោធនធានថាមពល គាំទ្រការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រជាជនកម្ពុជា និងថៃផងដែរ»។
បន្ថែមពីនេះ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន ហើយកម្ពុជាទន្ទឹងរង់ចាំការយកចិត្តទុកដាក់ និងការគាំទ្របន្តរបស់ពួកគេ។
ជាមួយគ្នានេះ សម្តេចបវរធិបតីបានគូសបញ្ជាក់ថាផងដែរ ក្នុងបរិបទទូលំទូលាយ ច្បាប់មិនអាចការពារសន្តិភាពបានទេ ប្រសិនបើរដ្ឋត្រូវបានទុកចោលតែម្នាក់ឯងនៅពេលដែលច្បាប់ត្រូវបានប្រឈម៕











































































