សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់ការផ្លាស់ប្តូរឌីជីថល ដើម្បីធ្វើឲ្យសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងងាយស្រួល (Video inside)
27-08-2026 14:04
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់ការផ្លាស់ប្តូរឌីជីថល ដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលទទួលបាន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងសម័យប្រជុំបើក នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្រោយមូលបទ៖ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពធន់ក៏អាស្រ័យលើស្ថាប័ន ដែលមានប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋផងដែរ។ ហេតុដូច្នេះហើយ កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់ការផ្លាស់ប្តូរឌីជីថល ដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលទទួលបាន»។
បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, បទពិសោធន៍ថ្មីៗរបស់យើង បានបង្រៀនយើងនូវមេរៀនមួយទៀត។ ការការពារសន្តិភាពនៅតាមព្រំដែន គឺមិនគ្រប់គ្រាន់ទេ។ ប្រទេសមួយក៏ត្រូវតែរឹងមាំផងដែរ ដើម្បីទប់ទល់នឹងភាពរញ្ជួយផ្នែកសេដ្ឋកិច្ច សង្គម និងស្ថាប័ន ដែលជម្លោះ និងអស្ថិរភាពសកលអាចនាំមក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្រាប់កម្ពុជា នេះគឺជាអត្ថន័យនៃភាពធន់៖ សមត្ថភាពរបស់ប្រជាជាតិមួយ ក្នុងការស្រូបយកភាពរញ្ជួយដោយ មិនបាត់បង់នូវអ្វីដែលសន្តិភាពជាច្រើនទសវត្សរ៍ បានអនុញ្ញាតឲ្យកសាងឡើង។
ទោះបីជាមានសម្ពាធពីខាងក្រៅយ៉ាងធ្ងន់ធ្ងរក៏ដោយ កម្ពុជានៅតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទន្ទឹមនឹងការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងផលិតកម្មក្នុងស្រុក និងការវិនិយោគលើភស្តុភារ សន្តិសុខថាមពល និងការតភ្ជាប់។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅរបស់យើងគឺច្បាស់លាស់៖ កំណើនត្រូវតែពង្រឹងភាពធន់របស់ជាតិ ហើយឱកាសត្រូវតែទៅដល់ទាំងទីប្រជុំជន និងសហគមន៍ជនបទ។
សម្ដេចបន្ដថា យ៉ាងណាមិញ កម្លាំងដ៏អស្ចារ្យបំផុតរបស់ប្រទេសមួយ គឺស្ថិតនៅលើប្រជាជនរបស់ខ្លួន។ ដូច្នេះ រាជរដ្ឋាភិបាលកំពុងវិនិយោគលើការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការថែទាំសុខភាព និងជំនាញឌីជីថល ដើម្បីឲ្យយុវជនរបស់យើងអាចសម្របខ្លួន បង្កើតថ្មី ប្រកួតប្រជែង និងប្រឈមមុខនឹងអនាគតដោយទំនុកចិត្ត។
សង្គមដែលមានភាពធន់ក៏ ត្រូវតែការពារអ្នកដែលងាយរងគ្រោះបំផុត និងងាយប្រឈមនឹងវិបត្តិផងដែរ។ ជាការឆ្លើយតប កម្ពុជាបានពង្រីកការគ្របដណ្តប់នៃការគាំពារសង្គម ពីប្រជាពលរដ្ឋចំនួន ៣.៣លាននាក់ ក្នុងឆ្នាំ២០១៧ ដល់ប្រមាណ៨.៥លាននាក់ ក្នុងឆ្នាំ២០២៦។
គោលការណ៍ដដែលនេះ អនុវត្តចំពោះភាពធន់នឹងអាកាសធាតុ។ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការការទទួលបានដោយសមធម៌នូវហិរញ្ញប្បទានអាកាសធាតុ បច្ចេកវិទ្យា និងសមត្ថភាព ស្ថាប័ន ដើម្បីការពារប្រជាជនរបស់ពួកគេ ខណៈពេលកំពុងស្វែងរកការផ្លាស់ប្តូរបៃតងប្រកបដោយយុត្តិធម៌។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕











































































