ហេតុអ្វីវិទ្យាស្ថាន NPIC ជាជម្រើសសម្រាប់សិស្សទើបចប់ថ្នាក់ទី១២?
27-08-2026 14:49
(ភ្នំពេញ)៖ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឱ្យដឹងថា លក្ខណៈពិសេសរបស់វិទ្យាស្ថាន NPIC គឺផ្តោតលើការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង មានឧបករណ៍ទំនើប គ្រូមានបទពិសោធន៍ខ្ពស់ ហើយវិទ្យាស្ថានមានកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីហាត់ការជំនាញប្រកបដោយគុណភាព។
លោក ស៊ុំ សុចិន្តា បានបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ ឱ្យពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន NPIC ដែលផ្តល់ទាំងចំណេះដឹងទ្រឹស្តី និងសមត្ថភាពអនុវត្តជាក់ស្តែង ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ការចូលទៅក្នុងទីផ្សារការងារ»។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា NPIC មានជំនាញចម្រុះសម្បូរបែប ដែលអាចឱ្យសិស្សជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ ដោយប្រៀបប្រដូចជាផ្កាចម្រុះពណ៌នៅក្នុងសួន ដែលមានជម្រើសច្រើនសម្រាប់អ្នកសិក្សាគ្រប់រូប។
ចំណុចពិសេសមួយទៀតគឺ ភាពបត់បែននៃកម្មវិធីសិក្សា។ មានន័យថា សិស្សអាចរៀនជំនាញមួយឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចេញទៅប្រកបការងារ និងរកចំណូល ហើយនៅពេលមានលទ្ធភាព អាចត្រឡប់មកបន្តការសិក្សា ដើម្បីពង្រឹង និងអភិវឌ្ឍជំនាញរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ សុចិន្តា៕














