មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជីន ហេ រួមចំណែកបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ដដល់យុវជនកម្ពុជា បំពេញតម្រូវការងារ ទាំងក្នុងនិងក្រៅស្រុក និងទទួលបានប្រាក់ខែខ្ពស់
27-08-2026 15:39
(ភ្នំពេញ)៖ ស្របពេលដែលរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការរីកចម្រើននៃឧស្សាហកម្មយានយន្តនៅកម្ពុជា បានធ្វើឱ្យយុវជនកម្ពុជា ជាច្រើនងាកមករៀនជំនាញនេះ ដោយពួកគេមើលឃើញថា ជំនាញបច្ចេកទេសទាំងនេះ មានទីផ្សារការងារល្អ ទាំងក្នុងនិងក្រៅប្រទេស ទទួលបានប្រាក់ខែខ្ពស់ និងជួយលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង។
ជំនាញនេះ មិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកទ្វារឱ្យយុវជនកម្ពុជាអាចស្វែងរកការងារនៅក្រៅប្រទេសផងដែរ ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដូចជាប្រទេសកូរ៉េ ជាដើម។
ដោយមើលឃើញពីសក្តានុពលនេះ លោក គីម ជិនអ៊ុក (KIM JIN WOOK) ដែលជាអតីតគ្រូណ្តុះបណ្តាលសិល្បៈការពារខ្លួនសម្រាប់កងកម្លាំងនគរបាលជាតិ និងកងទ័ពជើងទឹក នៅកម្ពុជា អស់រយៈពេល ២១ឆ្នាំ បានសម្រេចចិត្ត បើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជីន ហេ (JHTC) ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកយានយន្ត ដូច ការជួសជុលរថយន្ត តោន និងបាញ់ថ្នាំយានយន្ត។
JHTC ត្រូវបានចាប់កំណើតឡើងចាប់តាំងពីខែមករា ឆ្នាំ២០២៣។ ដោយមើលឃើញពីភាពអត់ធ្ងត់ និងមហិច្ឆតា របស់យុវជនកម្ពុជា ក្នុងការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារ បានជំរុញឱ្យលោក គីម ជិនអ៊ុក បង្កើតសាលាមួយដែលបណ្តុះជំនាញពិតប្រាកដមួយដល់យុវជនកម្ពុជា។ បច្ចុប្បន្ន មជ្ឈមណ្ឌលJHTC ផ្តល់ការបណ្តុះបណ្តាលលើជំនាញសំខាន់ៗចំនួនបី រួមមាន៖ ផ្សារដែក តោនបាញ់ថ្នាំរថយន្ត និងពលកររដូវកាល។
លោក KIM JIN WOOK ប្រធានក្រុមប្រឹក្សាភិបាល JHTCបានឱ្យដឹងថា គោលបំណងធំបំផុតនៃការបង្កើតសាលានេះ គឺដើម្បីធ្វើជាស្ពានចម្លងឱ្យយុវជនខ្មែរ មានជំនាញបច្ចេកទេសច្បាស់លាស់ ដោយមិនត្រឹមតែអាចធ្វើការនៅក្នុងប្រទេសបាននោះទេ ថែមទាំងអាចនៅធ្វើការនៅក្រៅប្រទេសបានផងដែរ ដូចជានៅប្រទេសកូរ៉េជាដើម។ តាមរយៈការផ្តល់នូវជំនាញជាក់ស្តែងទាំងនេះ មជ្ឈមណ្ឌលជីន ហេ បានជួយយុវជនកម្ពុជាជាច្រើន មានលទ្ធភាពស្វែងរកការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។
សម្រាប់សិក្ខាកាមដែលបញ្ចប់ការសិក្សានៅJHTC នឹងត្រូវបានធ្វើតេស្តសមត្ថភាព ដើម្បីទៅការនៅប្រទេសកូរ៉េ ដោយទទួលបានប្រាក់ខែខ្ពស់ផងដែរ។ លោកសង្ឃឹមថា តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាម មិនត្រឹមតែអាចរកប្រាក់ចំណូលបានប៉ុណ្ណោះទេ ថែមទាំងអាចរៀនសូត្រជំនាញល្អៗពីប្រទេសកូរ៉េមកអភិវឌ្ឍប្រទេសកំណើតវិញផងដែរ។ លោកបានឱ្យដឹងថា បើទោះបីជាសិក្ខាកាមខ្លះ មិនអាចប្រឡងជាប់ទៅធ្វើការនៅប្រទេសកូរ៉េក៏ដោយ ប៉ុន្តែពួកគេក៏មានលទ្ធភាពធ្វើការក្នុងស្រុកដោយទទួលបានប្រាក់ខែខ្ពស់ និងអាចបើកដំណើរការអាជីវកម្មខ្លួនឯងបានទៀតផង។
យោងតាមសេចក្តីណែនាំរបស់ ក្រសួងសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកូរ៉េ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌល JHTC ក៏បានចាប់ផ្តើមរៀបចំទាំងឧបករណ៍សម្រាប់សិស្សានុសិស្សដែលចាប់ជំនាញ តោន និង បាញ់ថ្នាំរថយន្តឲ្យត្រូវទៅតាមស្តង់ដារប្រទេសកូរ៉េ ហើយបានដាក់លិខិតស្នើសុំការប្រឡងវាយតម្លៃសម្ថភាពជំនាញផងដែរ ដូចដែលបានឃើញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ សិស្សានុសិស្ស ១៦រូបដែលបានជាប់វគ្គជម្រុះតង់ទីមួយ បានប្រឡងតេស្តសមត្ថភាព។ ដោយសារតែការប្រឡងតេស្តសមត្ងភាពនេះមានការពិនិត្យយ៉ាងតឹងរឹងពីសំណាក់ក្រុមគណ:កម្មាធិការដែលអញ្ជើញមកពីសមាគមន៍វាយតម្លៃការថែទាំយាន្តយន្តកូរ៉េ (KARIF) ដើម្បីឲ្យស្រប់តាមស្តង់ដាប្រទេសកូរ៉េ ក្នុងចំណោមសិស្សានុសិស្ស ១៦រូប នេះ មានតែបេក្ខជន ៥រូបប៉ុណ្ណោះ ដែលបានជាប់ជាស្ថាពរក្នុងការប្រឡងផ្ទាល់នេះ ក្នុងនោះមានបេក្ខជន ៣រូប សម្រាប់ជំនាញតោនរថយន្ត និង ២រូប សម្រាប់ជំនាញបាញ់ថ្នាំរថយន្ត។
ដោយមើលពីសារៈសំខាន់នៃការសិក្សាជំនាញបច្ចេកទេស ដែលអាចផ្តល់នូវឱកាសការងារល្អ ប្រាក់ចំណូលខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក បានជំរុញឱ្យបុរសវ័យ៤០ឆ្នាំមួយរូប បានមករៀនជំនាញ បាញ់ថ្នាំឡាន នៅJHTC ដែលលោកសង្ឃឹមថា តាមរយៈការចាប់យកជំនាញនេះនឹងជួយផ្លាស់ប្ដូរជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង និងអាចមានលទ្ធភាពទៅធ្វើការនៅប្រទេសកូរ៉េ ក៏ដូចជាអាចបើកអាជីវកម្មខ្លួនឯងនៅក្នុងស្រុកបាន។
គួររំលឹកផងដែរថា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកូរ៉េ គឺជាក្រសួងដែលមានសមត្ថកិច្ចគ្រប់គ្រងលើជំនាញផ្នែកយានយន្ត (តោន និងបាញ់ថ្នាំរថយន្ត)។ រីឯសមាគម KARIF គឺជាអគ្គនាយកដ្ឋានដ៏សំខាន់មួយក្នុងរដ្ឋាភិបាលកូរ៉េ ដែលមានសិទ្ធិជ្រើសរើសសិក្ខាកាមដែលមានជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន មានតែ ៧ប្រទេសប៉ុណ្ណោះ ដែលសមាគមជ្រើសរើស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ចិន និងម៉ុងហ្គោលី។ អ្វីដែលពិសេសនោះ គឺនៅកម្ពុជា មានតែមជ្ឈមណ្ឌល JHTC មួយប៉ុណ្ណោះ ដែលមានសិទ្ធិរៀបចំការប្រឡងវាយតម្លៃ ជំនាញនេះបាន៕

















