អភិបាលស្រុកបាទី ហាមដាច់ខាតអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចូលសាលាស្រុក ដើម្បីលើកកម្ពស់វិន័យចរាចរណ៍

27-08-2026 15:47

(តាកែវ)៖ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានប្រកាសដាក់ចេញនូវវិធានការតឹងរ៉ឹងមួយ ដោយហាមដាច់ខាតមិនអនុញ្ញាតឱ្យមន្ត្រីរាជការ ឬបងប្អូនប្រជាពលរដ្ឋណាដែលធ្វើដំណើរដោយម៉ូតូ ហើយមិនបានពាក់ មួកសុវត្ថិភាព ចូលមកកាន់បរិវេណសាលាស្រុកបាទីនោះទេ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាគំរូដល់សាធារណជន។

លោកអភិបាលស្រុកបានថ្លែងថា កាលពីពេលថ្មីៗនេះ លោកបានចុះដឹកនាំកិច្ចប្រជុំមួយនៅសាលាឃុំពារាម ក្នុងស្រុកបាទី ហើយបានសង្កេតឃើញថា ក្នុងចំណោមម៉ូតូ២៧គ្រឿងដែលមន្ត្រីរាជការជិះមកចូលរួមប្រជុំ មានតែ៣គ្រឿងប៉ុណ្ណោះដែលអ្នកបើកបរពាក់មួកសុវត្ថិភាព។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វេសប្រហែសនេះ ដោយសារមន្ត្រីរាជការគួរតែជាអ្នកដឹកនាំ និងណែនាំពលរដ្ឋឱ្យគោរពច្បាប់ តែបែរជាមិនអនុវត្តខ្លួនឯងទៅវិញ។

លោក សាយ វណ្ណៈ បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីសាធារណៈ យើងត្រូវតែបង្ហាញគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការមិនពាក់មួកសុវត្ថិភាព។ ដូច្នេះ ចាប់ពីពេលនេះតទៅ ទាំងមន្ត្រីរាជការដែលបម្រើការងារនៅសាលាស្រុកបាទី និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅសាលាស្រុក ត្រូវតែអនុវត្តតាមបទបញ្ជានេះជាដាច់ខាត។

វិធានការនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់ទាំងអស់គ្នាផងដែរ៕