ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសាធារណរដ្ឋកាមេរូន ដោយបានរំលេចពីសុខដុមនីយកម្មសាសនា និងវឌ្ឍនភាពសហគមន៍ឥស្លាមនៅកម្ពុជា
27-08-2026 15:53
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី MARIE ARMANDE DIN BELL អនុប្រធានទី៣ ព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន នៅសណ្ធាគារសុខាភ្នំពេញ។
ជាកិច្ចចាប់ផ្តើមនៃជំនួប ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណលោកស្រី ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីថា កម្ពុជាជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយមានប្រជាជនចំនួន១៧លាននាក់ ក្នុងនោះមានប្រជាជនជាង៩៣% កាន់សាសនាព្រះពុទ្ធ ៥% កាន់សាសនាឥស្លាម និងសាសនាផ្សេងៗ ២% និងមិនធ្លាប់មានជម្លោះសាសនាឡើយ។ នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ទេសរដ្ឋមន្ត្រី ក៏បានរំលេចពីវឌ្ឍនភាព នៃសហគមន៍ឥស្លាមកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅផងដែរ និងអនុញ្ញាតឲ្យមានថ្នាក់ដឹកនាំឥស្លាម មានតួនាទីនៅតាមជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបានផ្តល់ភាពងាយស្រួលជាច្រើនទៀត។
ទេសរដ្ឋមន្ត្រី បានរំលេចដែរថា បច្ចុប្បន្នស្ថាប័នព្រឹទ្ធសភាកម្ពុជានីតិកាលទី៥ មានសមាជិកចំនួន ៦២ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៥ រូប ដោយក្នុងចំណោម៥ រូបនេះ ក៏មានស្ត្រី ១ រូបផងដែរ។ ចំណែក រដ្ឋសភា មានសមាជិកចំនួន ១២៥ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៦រូប ស្រី១ រូប។
ជាការឆ្លើយតប លោកស្រី MARIE ARMANDE DIN BELL បានសម្តែងនូវក្តីរីករាយ ដែលបានទទួលបានការចែករំលែកនូវព័ត៌មានសំខាន់ៗ អំពីវឌ្ឍនភាពសហគមន៍ឥស្លាមកម្ពុជា និងបានសម្តែងនូវការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយ និងផ្តល់អាទិភាពខ្ពស់ដល់ស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត ព្រមទាំងបានសម្តែងក្តីសង្ឃឹមថា គណៈប្រតិភូកម្ពុជានឹងមានបេសកកម្មធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាមេរូន នាពេលខាងមុខផងដែរ៕




















