* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទូតកម្ពុជាសង្ឃឹមថា និស្សិតដែលទទួលអាហារូបករណ៍អភិវឌ្ឍជប៉ុន (JDS) នឹងក្លាយជាស្ពានតភ្ជាប់ជំនាន់ថ្មីរវាងកម្ពុជា និងជប៉ុន

27-08-2026 17:38

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសជប៉ុន បានបង្ហាញក្តីសង្ឃឹមថា និស្សិតដែលទទួលអាហារូបករណ៍អភិវឌ្ឍជប៉ុន (JDS) នឹងក្លាយជាស្ពានតភ្ជាប់ជំនាន់ថ្មីរវាងកម្ពុជា និងជប៉ុន។

លោកបានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ២៤ រូប ដែលទទួលបានអាហារូបករណ៍អភិវឌ្ឍជប៉ុន (Japanese Development Scholarship - JDS) ឆ្នាំ២០២៦ មុនពេលចាប់ផ្ដើមការសិក្សារបស់ពួកគេនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន។

ក្នុងជំនួបនេះ លោកបានអបអរសាទរយ៉ាងកក់ក្ដៅចំពោះនិស្សិតអាហារូបករណ៍ JDS ទាំងអស់ ដែលត្រូវបានជ្រើសរើស និងបានជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា និងការស្រាវជ្រាវនៅប្រទេសជប៉ុន។

លោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japan International Cooperation Center - JICE) ដែលបានបន្តផ្ដល់ការគាំទ្រដ៏មានតម្លៃដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយៈកម្មវិធី JDS។ លោកបានគូសបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែបានផ្ដល់ឱកាសដល់មន្ត្រីកម្ពុជាក្នុងការទទួលបានចំណេះដឹងកម្រិតខ្ពស់ និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុនផងដែរ។

លោកបានសង្កត់ធ្ងន់ថា ការទទួលបានអាហារូបករណ៍ JDS មិនគួរត្រូវបានចាត់ទុកត្រឹមតែជាឱកាសសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគលើធនធានមនុស្សរបស់កម្ពុជាផងដែរ។ លោកបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ប្រើប្រាស់ឱកាសនៃការសិក្សា និងបទពិសោធន៍នៅប្រទេសជប៉ុនឱ្យបានពេញលេញ ហើយបន្ទាប់ពីបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹង ជំនាញ និងគំនិតថ្មីៗទៅចូលរួមអភិវឌ្ឍស្ថាប័នរបស់ខ្លួន និងប្រទេសកម្ពុជាទាំងមូល។

លោកបានផ្ដាំផ្ញើសារសំខាន់ៗដល់និស្សិតអាហារូបករណ៍ ដោយលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព និងចាត់ទុកបញ្ហាប្រឈមនានាជាឱកាស ហើយនិស្សិតមិនត្រឹមតែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវរៀនសូត្រពីសង្គមជប៉ុនផងដែរ ក្នុងអំឡុងពេលស្នាក់នៅ និងសិក្សានៅប្រទេសជប៉ុន ដោយចាត់ទុកនិស្សិតទាំងអស់ជាអ្នកតំណាងដ៏ល្អរបស់កម្ពុជា។

លោកបានសម្ដែងក្ដីសង្ឃឹមថា និស្សិតអាហារូបករណ៍ JDS នឹងក្លាយជាស្ពានតភ្ជាប់ជំនាន់ថ្មីរវាងកម្ពុជា និងជប៉ុន និងរួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា និស្សិតអាហារូបករណ៍ JDS ឆ្នាំ២០២៦ ទាំង ២៤ រូប រួមមាននិស្សិតថ្នាក់អនុបណ្ឌិតចំនួន ២២ រូប និងថ្នាក់បណ្ឌិតចំនួន ២ រូប មកពីស្ថាប័នសាធារណៈនានារបស់កម្ពុជា ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អភិបាលកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។

រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់អាហារូបករណ៍ JDS (Japanese Development Scholarship) ដល់កម្ពុជាតាំងពីឆ្នាំ២០០០ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស។ គិតមកដល់បច្ចុប្បន្ន មាននិស្សិត និងមន្ត្រីកម្ពុជាសរុប ៦២១ រូប បានទទួលការគាំទ្រតាមរយៈកម្មវិធី JDS និងបន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីអាហារូបករណ៍នេះមានគោលបំណងផ្ដល់ឱកាសដល់មន្ត្រីវ័យក្មេងបម្រើការងារក្នុងក្រសួងស្ថាប័នសំខាន់ៗ បានទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសជប៉ុន។ និស្សិតបញ្ចប់ការសិក្សាជាច្រើនបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល៕