* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិភាគអន្តរជាតិ៖ ១ដុល្លារ ដូរបាន ២លានរៀលប្រាក់អ៉ីរ៉ង់ តើប្រជាជនអ៉ីរ៉ង់អាចទិញបានអ្វីខ្លះ?

27-08-2026 21:33

(តេហេរ៉ង់)៖ ប្រាក់រៀលអ៉ីរ៉ង់បានធ្លាក់ថ្លៃយ៉ាងគំហុកដល់កម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។ ១ដុល្លារអាមេរិក ឥលូវ ដូរបាន ២ ០០០ ០០០ រៀលប្រាក់អ៉ីរ៉ង់នៅលើទីផ្សារសេរី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រកាសដាក់ចេញយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតនៅប្រវត្តិសាស្ត្រដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៉ីរ៉ង់។ សេដ្ឋកិច្ចអ៉ីរ៉ង់បានជួបវិបត្តិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារការដាក់ទណ្ឌកម្មពីអាមេរិក និងអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។ ទណ្ឌកម្មសេដ្ឋកិច្ចបានធ្វើឱ្យប្រាក់រៀលអ៉ីរ៉ង់ធ្លាក់ថ្លៃ រីឯអតិផរណាកើនឡើងខ្ពស់កប់ពពក បង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជនអ៉ីរ៉ង់។ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរឹតតែអាក្រក់ឡើងសម្រាប់អ៉ីរ៉ង់ដែលមានប្រជាជនជាង ៩២លាននាក់។

* ជាមួយប្រាក់អ៉ីរ៉ង់ ២ ០០០ ០០០រៀល តើប្រជាជនអ៉ីរ៉ង់អាចទិញអ្វីបានខ្លះ?
នៅមុនសង្រ្គាមផ្ទុះឡើង ជាមួយប្រាក់ ២លានរៀល ប្រជាជនអ៉ីរ៉ង់អាចទិញបានប៉េងប៉ោះ ៤គីឡូក្រាម សាច់មាន់កន្លះគីឡូ និងប្រឆាចម្អិនម្ហូបជិតមួយលីត្រ។ ក៏ប៉ុន្តែសព្វថ្ងៃ ចំនួនប្រាក់ដូចគ្នានេះ អាចទិញបានទំនិញដែលបានរៀបរាប់ខាងលើបានត្រឹមពាក់កណ្ដាលប៉ុណ្ណោះ។ តម្លៃមធ្យមរបស់ប៉េងប៉ោះបានឡើងថ្លៃ ៧១ភាគរយ សាច់មាន់ឡើងថ្លៃ ៧៤ភាគរយ និងប្រេងឆាចម្អិនម្ហូបឡើងថ្លៃដល់ ១៧៧ភាគរយ។
ឧទាហរណ៍៖ នៅមុនសង្រ្គាមផ្ទុះឡើង ប៉េងប៉ោះមួយគីឡូក្រាមមានតម្លៃ ៥៥០ ០០០រៀល តែឥលូវឡើងដល់ ៩៤០ ០០០រៀល ខណៈប្រេងឆាមួយលីត្រថ្លៃ ៦ ៨០០ ០០០រៀល បើធៀបទៅនឹងមុនពេលសង្រ្គាមមានតម្លៃ ២ ៤៥០ ០០០រៀល។ ចំណែកសាច់មាន់មួយគីឡូក្រាមថ្លៃ ៧ ៣០០ ០០០រៀល ធៀបទៅនឹងមុនពេលសង្រ្គាម ថ្លៃ ៤ ២០០ ០០០រៀល។

លើសពីនេះទៅទៀត ថ្នាំចាក់អាំងស៊ុយលីនដែលសំខាន់បំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមបានឡើងថ្លៃដល់ទៅ ៦៤២ភាគរយ។ ពោលគឺ មុនសង្រ្គាមផ្ទុះឡើង ថ្នាំចាក់អាំងស៊ុយលីនមួយដូសថ្លៃ ១ ២០០ ០០០រៀល ហើយឥលូវឡើងថ្លៃដល់ ៨ ៩០០ ០០០រៀលឯណោះ។ ក្រៅពីនេះសម្បីតែថ្នាំប៉ារ៉ាសេតាម៉ុលក៏ឡើងថ្លៃ ៩៣ភាគរយ រីឯម្សៅទឹកដោះគោកូនក្មេងដែលមួយផ្នែកធំទទួលបានការឧបត្ថម្ភធនពីរដ្ឋក៏បានឡើងថ្លៃ៩៥ភាគរយផងដែរ។

* ទំនិញឡើងថ្លៃគ្រប់មុខ ចាយកាន់តែតិច
ការខូចខាតបង្កឡើងដោយសង្រ្គាមបានធ្វើឱ្យរាំងស្ទះយ៉ាងខ្លាំងដល់ការផលិត ស្របពេលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកំពង់ផែអ៉ីរ៉ង់បានបង្កការស្មុគស្មាញដល់ការនាំចូល និងនាំចេញទំនិញរបស់អ៉ីរ៉ង់។ នៅចំពោះមុខការធ្លាក់ប្រាក់រៀលអ៉ីរ៉ង់ ទំនិញគ្រប់មុខទាំងអស់បានឡើងថ្លៃ ហើយទណ្ឌកម្មបានរឹតត្បិតអ៉ីរ៉ង់ក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ។ ព្រមពេលជាមួយគ្នា ប្រាក់ឈ្នួលមិនបានឡើងតាមការឡើងថ្លៃទំនិញនោះទេ។ ប្រាក់ឈ្នួលអប្បបរមាអនុម័តដោយរដ្ឋាភិបាលអ៉ីរ៉ង់សម្រាប់ប្រតិទិនអ៉ីរ៉ង់សព្វថ្ងៃដែលនឹងបិទបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ គឺមានត្រឹមតែ ១៦៦លានរៀល ឬស្មើនឹង ៨២ដុល្លារ។ ម្យ៉ាងវិញទៀត បើបូកបន្ថែមនឹងជំនួយពីរដ្ឋាភិបាល និងអត្ថាប្រយោជន៍ផ្សេងៗទៀត ប្រាក់ឈ្នួលបានកើនដល់ជាង ២២០លានរៀល ឬ ១០៨ដុល្លារប៉ុណ្ណោះ។

ដោយឡែក សម្រាប់អ្នករស់នៅពឹងផ្អែកលើប្រាក់ខែ និងអ្នកមានប្រាក់ចំណូលទាបវិញ អតិផរណាបានបង្កបញ្ហាជាច្រើនដល់ពួកគេ។ តួយ៉ាង ស្រ្តីម្នាក់ឈ្មោះ Salama មានអាយុ២៨ឆ្នាំ និងមានកូនម្នាក់ ហើយប្រកបរបរជាអ្នកនេសាទនៅក្នុងខេត្ត Hormozgan ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បានប្រាប់ Al Jazeera ថាការឡើងថ្លៃទំនិញបានបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ស្ត្រីរូបនេះបន្ថែមថា ពីមុនទៅផ្សារទិញម្ហូបម្ដង ធ្លាប់ចំណាយអស់តែ ២,៥ដុល្លារ តែឥលូវត្រូវចំណាយអស់ជាង ២៥ដុល្លារ។ ដូច្នេះធ្វើឱ្យគ្រួសាររបស់នាងត្រូវកាត់បន្ថយការចំណាយលើការទិញទំនិញខ្លះដូចជាសាច់គោ ឬសាច់មាន់ ឬក៏ពេលខ្លះមិនទិញសាច់តែម្ដងក៏មាន។

សម្រាប់ប្រជាជនអ៉ីរ៉ង់រាប់លាននាក់ នៅពេលនេះរឿងដែលពួកគេបារម្ភមិនមែនទំនិញឡើងថ្លៃនោះទេ។ ប៉ុន្តែអ្វីដែលពួកគេបារម្ភ នោះគឺថាតើប្រាក់ខែរបស់ពួកគេអាចចំណាយចាយវាយគ្រប់គ្រាន់លើម្ហូបអាហារ ការចាយវាយចាំបាច់ក្នុងផ្ទះ និងទិញរបស់របរចាំបាច់ ឬក៏អាចចាយវាយដល់ដាច់ខែ ដែរឬក៏យ៉ាងណា៕