* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត៥០! កម្ពុជាប្រកាសបោសសម្អាតមជ្ឈមណ្ឌល Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង និងត្រៀមធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ

28-08-2026 11:25

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានលាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត ៥០ប្រចាំកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា ពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យជិត ៣ម៉ឺននាក់ មាន៣៩សញ្ជាតិ។

ការថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់តំណាងអង្គទូតបរទេស​ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ប្រមាណ៥០នាក់ ដែលបានចូលរួមកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមលើកជាសំណួរយ៉ាងផុលផុសពីសំណាក់តំណាងអង្គទូតបរទេសជាមួយការឆ្លើយតបជូនវិញភ្លាមៗ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញទិន្នន័យលម្អិតថា សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវប្រមូលភស្តុតាងនៅទីតាំងបទល្មើសចំនួន ១៦៩កន្លែងបន្ថែមទៀត ដែលជនល្មើសបានបោះបង់ចោល និងបានគេចខ្លួន។ ចំពោះវិធានការចំពោះជនប្រព្រឹត្តល្មើសច្បាប់ សមត្ថកិច្ចកម្ពុជាបានជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសសរុប ៥៨,២៦៦នាក់ ក្នុងនោះស្រី្ត ៧,២៨២នាក់ ដោយក្នុងនោះមាន ២២,០៤៥នាក់ (៣៨សញ្ជាតិ) ជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទន្ទឹមនឹងវិធានការបណ្តេញចេញ យន្តការផ្លូវច្បាប់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះមុខសញ្ញាស្នូល ដោយសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុប ៤០៨ករណី។ ផ្អែកលើនីតិវិធីតុលាការ មុខសញ្ញាសង្ស័យចំនួន ៣,៤៧៧នាក់ មាន ២៩សញ្ជាតិ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយក្នុងនោះរួមមានជនជាតិចិន បង់ក្លាដែស វៀតណាម ម៉ាយ៉ាន់ម៉ា ខ្មែរ ឡាវ ម៉ាឡេស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ យ៉េមែន ស្វីស អេហ្វ្រីកខាងត្បូង កេនយ៉ា កាមេរូន ម៉ារ៉ុក ស្រីលង្កា នេប៉ាល់ កែកហ្ស៊ីស្ថាន អូស្ត្រាលី អ៊ុយក្រែន បារាំង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។ ដោយឡែក សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។

ជាការពិត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាការគំរាមកំហែងសកលដ៏ស្មុគស្មាញ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងជនរងគ្រោះជាច្រើនរាប់ទាំងកម្ពុជាផង។ ពួកឧក្រិដ្ឋជនតែងតែបម្លាស់ទី និងផ្លាស់ប្តូរវិធីសាស្ត្របច្ចេកវិទ្យាយ៉ាងរហ័សក្នុងប្រតិបត្តិការឆបោក។ ទោះជាយ៉ាងណា សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សកម្មភាពឆបោកទ្រង់ទ្រាយធំត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង។ បច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង។

ទេសរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អង្គប្រជុំថា មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង ខណៈវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ត្រូវបានអនុវត្តលើមុខសញ្ញាឧក្រិដ្ឋជន និងមន្ត្រីពាក់ព័ន្ធ។ ជាក់ស្តែងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់វិធានការលើសំណុំរឿងចំនួន ៤ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១៥ នាក់ ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអនុវត្តច្បាប់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ទោះបីទីតាំងធំៗត្រូវបានបោសសម្អាតទាំងស្រុង ក្រុមឧក្រិដ្ឋជនបានប្តូរយុទ្ធសាស្ត្រមកធ្វើសកម្មភាពបែកចែកតូចៗ ដោយលួចលាក់តាមផ្ទះសំណាក់ ខុនដូ ផ្ទះជួល រថយន្ត និងហាងកាហ្វេ ដែលសមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបមិនបង្អង់ដៃ ដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) បាន និងកំពុងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបង្ក្រាបកាស៊ីណូចំនួន២៧ ក្នុងនោះដកហូតអាជ្ញាបណ្ណ ១៨កាស៊ីណូ និងព្យួរអាជ្ញាបណ្ណ ៩កាស៊ីណូ។ ទន្ទឹមនេះសមត្ថកិច្ច បាននិងកំពុងត្រួតពិនិត្យ និងមានវិធានការម៉ឺងម៉ាត់តាមច្បាប់ ចំពោះកាស៊ីណូប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ភ្នាល់ តាមអនឡាញ (Online Gambling ឬ Online Sport Betting)។

នាឱកាសនោះដែរ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គប្រជុំទាំងមូលដែរថា ទន្ទឹមនឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបាននិងកំពុងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិបន្ថែមទៀត រួមមានសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ, សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសកម្មនិម្មិតជាដើម។ ការកសាង និងពង្រឹងច្បាប់ជាប្រព័ន្ធនេះដ៏រឹងមាំនេះ ស្តែងពីឆន្ទៈនយោបាយ និងភាពបុរេសកម្មរបស់កម្ពុជា ក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសទាំងនេះមិនឱ្យកើតឡើងនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច-សង្គម។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនតំណាងអង្គទូតថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នាចំពោះការគំរាមកំហែងជាសកលនេះ

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្ម ព្រោះការប្រយុទ្ធប្រឆាំងបទល្មើសសកលនេះ ទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង ខណៈការខកខានរបស់ភាគីណាមួយ នឹងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហារួមនេះ។

បានគូសបញ្ជាក់ថា កម្ពុជាបន្តបើកចំហជានិច្ចចំពោះគ្រប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសឆបោកអនឡាញវិលត្រឡប់មកវិញ និងដើម្បីលើកកម្ពស់តួនាទីកម្ពុជាក្នុងការរួមចំណែកកាន់តែខ្លាំងខ្លាថែមទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ និងនៅលើពិភពលោក៕