* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ACU និងសភាពាណិជ្ជកម្មកម្ពុជា ឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹង «ភាពស្អាតស្អំក្នុងវិស័យធុរកិច្ច» (Video inside)

28-08-2026 19:19

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចាប់ដៃគ្នាជាប្រវត្តិសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច ដើម្បីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍វិនិយោគពិភពលោកដែលកាន់តែចង្អៀត។

MoU នេះត្រូវបានចុះហត្ថលេខារវាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ព្រមទាំងមានវត្តមានតំណាងសាក្សីកិត្តិយសពីក្រសួង-ស្ថាប័នសំខាន់ៗ ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។

ការប្រមូលផ្តុំគ្នានៃស្ថាប័នពាក់ព័ន្ធយ៉ាងទូលំទូលាយបែបនេះ ឆ្លុះបញ្ចាំងពីទំហំ និងទម្ងន់ជាយុទ្ធសាស្ត្រជាតិមួយ ដែលលើសពីកិច្ចព្រមព្រៀងធម្មតា ប៉ុន្តែជាចលនាកសាងជាតិឆ្ពោះទៅរកឧត្តមភាពមួយ «ធុរកិច្ចស្អាតស្អំ»។

នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ការចុះ MoU រវាង​ ACU និងសភាពាណិជ្ជកម្មកម្ពុជា គឺជាថ្ងៃប្រវត្តិសាស្ត្រមួយដើម្បីសហការគ្នាដោះស្រាយប្រឈម និងរួមគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន។​ អ្វីដែលអ្នកវិនិយោគក្នុងប្រទេសចង់បាន និងអ្នកវិនិយោគក្រៅស្រុកចង់បាន​ គឺ «ភាពស្អាតស្អំ»​ របស់អ្នកអនុវត្តសេវាសាធារណៈ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ប្រសិនបើអនុវត្តសេវាសាធារណៈទៅបានដោយតម្លាភាពលោកជឿថា កម្ពុជាយើងនឹងទាក់ទាញការវិនិយោគទុនយ៉ាងច្រើន ជាពិសេសអាចយកលំហូវិនិយោគពីប្រទេសជិតខាង និងសមាជិកអាស៊ានផ្សេងទៀត ដែលកំពុងចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា។

បើតាមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានសង្កត់ធ្ងន់ថា ការចុះ MoU រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា គឺជាការបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្លាស់ប្តូរនូវវប្បធម៌ធុរកិច្ចឱ្យកាន់តែដោយផ្តោតលើសុចរិតភាព និងតម្លាភាព សំដៅជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចឱ្យកាន់តែស្អាតស្អំ និងមានឧត្តមភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងនៅក្នុងបរិការណ៍សេដ្ឋកិច្ចពិភពលោក ដែលកាន់តែចង្អៀត កាន់តែត្រូវការទំនុកចិត្ត​ ការគោរពច្បាប់ និងការការពារផលប្រយោជន៍របស់ធុរជនជាតិ និងអន្តរជាតិ។

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានចាត់ទុកការចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជា ជា MoU មួយដែលមានសក្តានុពល និងមានវិសាលភាពធំធេងគ្របដណ្តប់ដល់សមាជិកជាធុរជនជាច្រើនទាំងនៅក្នុងប្រទេស និងនៅលើសកលលោក។ ចំណុចនេះគឺជាសារបញ្ជាក់យ៉ាងច្បាស់ៗថា​នៅកម្ពុជា ទាំងរដ្ឋ និងឯកជនបានប្តេជ្ញា ក្នុងការកសាងវប្បធម៌ស្អាតស្អំ សម្រាប់ធុរកិច្ច និងការវិនិយោគ ហើយនេះក៏ជាការធ្វើទីផ្សារផ្សព្វផ្សាយជូនអ្នកធុរជនជាតិ និងអន្តរជាតិថា «វិនិយោគរបស់អស់លោកអ្នកនឹងត្រូវបានរួមគ្នា ការពារទាំងរដ្ឋ ទាំងតំណាងវិស័យឯកជន និងទាំងអង្គភាពប្រឆាំងអំពើពុករលួយ។ ដូច្នេះ សុំជ្រើសរើសកម្ពុជា ដើម្បីវិនិយោគ ដោយទំនុកទុកចិត្ត និងដោយការទទួលខុសត្រូវ»។

ស្ថាប័នរដ្ឋ និងវិស័យឯកជន បានកំណត់ទិសដៅសកម្មភាពជាក់ស្តែងចំនួន៤ គឺ៖ ជំរុញការបណ្តុះបណ្តាល សិក្ខាសាលា និងផ្សព្វផ្សាយច្បាប់ដល់សមាជិកសភាពាណិជ្ជកម្ម និងវិស័យឯកជន រៀបចំកិច្ចសន្ទនា ក្នុងគោលដៅដោះស្រាយឧបសគ្គប្រឈមក្នុងវិស័យឯកជនជាប្រចាំឆ្នាំ តែងតាំងជនបង្គោល សម្រាប់ការទំនាក់ទំនងលឿន និងជាប្រចាំ និងទទួល-ដោះស្រាយរាល់ពាក្យបណ្តឹង-ព័ត៌មានទាំងឡាយ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍អ្នកផ្តល់ព័ត៌មាន។

គួរឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែសង្កត់ធ្ងន់លើគោលនយោបាយកសាងវប្បធម៌សុចរិតភាពក្នុងវិស័យសេដ្ឋកិច្ច ក្នុងបរិបទសកលដែលការប្រកួតប្រជែងទាក់ទាញការវិនិយោគកំពុងកាន់តែស្រួចស្រាវ។

MoU នេះ ជាការឆ្លើយតបជាក់ស្តែង ចំពោះទិសដៅនោះ ព្រមទាំងជាសារទៅកាន់ពិភពលោកថា កម្ពុជាមិនត្រឹមតែនិយាយពីកំណែទម្រង់ប៉ុណ្ណោះទេ ថែមទាំងកំពុងសាងសង់យន្តការជាក់ស្តែងឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការជាមួយគ្នា ដើម្បីធានាបាននូវបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់។

ស្ថាប័នទាំងពីរបានអំពាវនាវដល់ក្រសួង-ស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិនជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ចូលរួមគាំទ្រការអនុវត្ត MoU នេះឱ្យកើតផលជាក់ស្តែង សំដៅឱ្យកម្ពុជាក្លាយជាទីតាំងវិនិយោគដែលមានទាំងភាពទាក់ទាញ ទាំងភាពស្អាតស្អំ ដើម្បីវឌ្ឍនភាព និងចីរភាពសេដ្ឋកិច្ចជាតិយូរអង្វែង៕