* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់អាចនឹងសងសឹកវិញបែបណា ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក?

28-08-2026 20:18

(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ចេញយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកថាជាទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មាន ជាមួយការគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលជួយ ឬបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់បានគំរាមថានឹងចាត់វិធានការសងសឹកវិញឱ្យបានខ្លាំងក្លាជាទីបំផុត។ ជំនួសឱ្យការចុះញ៉មទៅនឹងការសម្លុតគំរាម អ៉ីរ៉ង់បានអួតពីសមត្ថភាពរបស់ខ្លួនក្នុងការបង្កការខូចខាតត្រឡប់ទៅវិញចំពោះសហរដ្ឋអាមេរិក។ ដូច្នេះតើអ្វីទៅជាអាចជាការចំណាត់ការសងសឹករបស់អ៉ីរ៉ង់?

* ធ្វើយ៉ាងណាឱ្យប្រេងឡើងថ្លៃ
អស់រយៈពេលជាច្រើនខែមកហើយ អ៉ីរ៉ង់បានរាំងខ្ទប់មិនឱ្យកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដូចជារារាំងមិនឱ្យបណ្ដាប្រទេសក្នុងតំបន់ប្រើប្រាស់ផ្លូវទឹកដ៏សំខាន់មួយនេះដើម្បីនាំចេញប្រេង និងឧស្ម័នទៅកាន់ទីផ្សារពិភពលោកនោះទេ។ សម្ព័ន្ធមិត្តរបស់ អ៉ីរ៉ង់ ដូចជាក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន កាលពីពេលថ្មីៗនេះបានបើកសមរភូមិថ្មីមួយទៀតនៅក្នុងតំបន់សមុទ្រក្រហម តាមរយៈការវាយប្រហារកំណត់គោលដៅលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត និងរោងចក្រផលិតប្រេង។

ក្រោយសហរដ្ឋអាមេរិកប្រកាសធ្វើយុទ្ធនាការដាក់ទណ្ឌកម្មប្រឆាំងតេហរ៉ង់ ក្រុមឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៉ីរ៉ង់បានគំរាមថានឹងបើកការវាយប្រហារលើគោលដៅមិនមែនស្ថិតតែនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ប៉ុណ្ណោះទេ ពោលគឺអ៉ីរ៉ង់អាចនឹងវាយប្រហារលើកប៉ាល់ដឹកប្រេងណាដែលប្រើប្រាស់ផ្លូវធ្វើដំណើរផ្សេងក្រៅពីច្រកសមុទ្រ Hormuz។ «ប្រសិនបើសង្រ្គាមសេដ្ឋកិច្ចនៅតែបន្តធ្វើឡើង នោះនឹងមិនមានប្រេងសូម្បីតែមួយដំណក់អាចត្រូវបាននាំចេញ មិនថាឆ្លងកាត់តាមច្រកសមុទ្រ Hormuz ឬក៏តាមផ្លូវទឹកផ្សេងនៅក្នុងតំបន់ឈូងសមុទ្រពែក្សនោះទេ»។ នេះជាការព្រមានរបស់លោក Mohsen Rezaei ជាប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។ លោកបន្ថែមថាអ៉ីរ៉ង់នឹងសងសឹកវិញយ៉ាងធ្ងន់ធ្ងរឱ្យដូចទៅនឹងគ្រោះរញ្ជួយដី។

ដោយមានការជួយពីកងទ័ពជើងទឹកអាមេរិក បណ្ដាក្រុមហ៊ុនប្រេងរបស់អារ៉ាប៊ីសាអូឌីត កូវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម បានបិទឧបករណ៍ឆ្លើយឆ្លងនៅលើកប៉ាល់ដឹកប្រេងរបស់ពួកគេដើម្បីគេចពីការតាមចាប់សញ្ញារបស់អាជ្ញាធរអ៉ីរ៉ង់ ហើយការធ្វើបែបនេះបានជួយឱ្យពួកគេអាចនាំចេញប្រេងមួយចំនួនចេញពីច្រកសមុទ្រ Hormuz បានដោយជោគជ័យ បើទោះជាការនាំចេញប្រេងកាត់តាមផ្លូវទឹកនេះនៅតែស្ថិតក្នុងកម្រិតទាប ជាងមុនពេលសង្រ្គាមផ្ទុះឡើងក៏ដោយ។ អារ៉ាប៊ីសាអូឌីតបានប្រើប្រាស់ផ្លូវផ្សេងដើម្បីបញ្ជូនប្រេង ៥លានបារ៉ែល ក្នុងមួយថ្ងៃ តាមរយៈបំពង់បង្ហូរប្រេងដែលអនុញ្ញាតឱ្យស្ដេចប្រេងមួយនេះនាំចេញប្រេងកាត់តាមសមុទ្រក្រហមជំនួសឱ្យច្រកសមុទ្រ Hormuz។

បណ្ដាប្រទេសផលិតប្រេងផ្សេងទៀត ក្នុងតំបន់មជ្ឈិមបូព៌ាក៏អាចដឹកប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ តាមផ្លូវផ្សេងក្រៅពីច្រកសមុទ្រ Hormuz ផងដែរ។ ឃើញបែបនេះ អ៉ីរ៉ង់បានព្រមានថាកប៉ាល់ដឹងប្រេងទាំងនោះកំពុងស្ថិតនៅក្រោមរ៉ាដាតាមដានរបស់ខ្លួន និងបានចេញផ្សាយបញ្ជីឈ្មោះកប៉ាល់ដឹកប្រេងចំនួន៤៥ ដែលតេហេរ៉ង់ចោទថាមិនបានអនុវត្តតាមវិធានការដែលខ្លួនបានដាក់ឱ្យអនុវត្តលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាមួយការព្រមានថាកប៉ាល់ដែលបំពានវិធានការរបស់ខ្លួន នឹងត្រូវប្រឈមមុខនឹងការឹតត្បិតលើការធ្វើដំណើរនៅពេលអនាគតក្នុងនោះរួមមាន ជាប់ពិន័យ ការឃុំឃ្លាំង ឬឈានដល់ការរឹបអូសតែម្ដង។

* ពង្រីកវិសាលភាពភូមិសាស្ត្រនៃសង្គ្រាម
កាលពីថ្ងៃទី២៤ ខែសីហា ក្រសួងការបរទេសអ៉ីរ៉ង់បាននិយាយថាយន្ដហោះចាក់សាំងលើអាកាសរបស់សហរដ្ឋអាមេរិកបានហោះចេញពីទឹកដីប៊ុលហ្ការី ហើយបានព្រមានថាតេហេរ៉ង់អាចនឹងកំណត់គោលដៅលើប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប និង NATO មួយនេះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmail Baghaei បានបញ្ជាក់ថាអ៉ីរ៉ង់មានសិទ្ធិស្របច្បាប់ ដើម្បីកំណត់គោលដៅលើចំណុច ឬទីតាំងណាដែលជាប្រភពនៃសកម្មភាពឈ្លានពាន។ តាមលោក Baghaei អ៉ីរ៉ង់បានបញ្ជាក់ច្បាស់ៗថា រាល់សកម្មភាពណាមួយដែលត្រូវបានចាត់ទុកថាជាការគាំទ្រដល់ការឈ្លានពារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ គឺជាការចូលរួមក្នុងសកម្មភាពឈ្លានពានដែលមានចែងក្រោមច្បាប់អន្តរជាតិ។ អំឡុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក អ៉ីរ៉ង់បានបើកការវាយប្រហារលើប្រទេសចំនួន១១ ក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះភាគច្រើនជាបណ្ដាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រពែក្ស។ ប៉ុន្តែ អ៉ីរ៉ង់ក៏ត្រូវបានគេជឿជាក់ដែរថាបានវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងដែលត្រូវបានប្រើប្រាស់យោធាព្រីតថែន នៅក្នុងប្រទេសស៊ីប និងបានបង្ហាញពីសមត្ថភាពអាចវាយប្រហារដល់មូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មហាសមុទ្រឥណ្ឌា ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីអ៉ីរ៉ង់។ ការវាយប្រហារលើសមាជិកសហភាពអឺរ៉ុបណាមួយដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាសមាជិក NATO​ ដូចជាប៊ុលហ្ការី អាចនឹងក្លាយជាការបង្កើនជម្លោះមួយដ៏ធំ។ «អ៉ីរ៉ង់នឹងចាត់ទុកការចូលរួមរបស់ប្រទេសណាមួយ ឬការគាំទ្រសង្រ្គាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងប្រជាជនអ៉ីរ៉ង់ គឺជាសកម្មភាពសង្រ្គាម»។ នេះជាការព្រមានរបស់លោក Rezaei។

* សើរើគោលនយោបាយនុយក្លេអ៊ែរ
អ៉ីរ៉ង់បានអះអាងម្ដងហើយម្ដងទៀតថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺធ្វើឡើងប្រកបដោយសន្តិភាព និងមិនមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាការអះអាងបែបនេះត្រូវបានអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានទាត់ចោល ហើយបានបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។ នៅបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានសម្លាប់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ជាមនុស្សម្នាក់ដែលបានហាមឃាត់អ៉ីរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ ក្រុមមន្ត្រីអ៉ីរ៉ង់មួយចំនួនចាប់ផ្ដើម លើកឡើងពីគំនិតចង់ដកអ៉ីរ៉ង់ចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT។ នៅក្រោមសន្ធិសញ្ញានេះ រដ្ឋជាសមាជិកទាំងអស់បានសន្យាថានឹងមិនផលិតអាវុធនុយក្លេអ៊ែរឡើយ។ បើតាមការវាយតម្លៃពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់អាចយកទៅផលិតគ្រាប់បែកនុយក្លេអ៊ែរនៅតែបន្តស្ថិតនៅក្នុងរូងក្រោមដីរបស់អ៉ីរ៉ង់។ ចារកម្មអាមេរិកថែមទាំងឱ្យដឹងទៀតផងថាអ៉ីរ៉ង់កំពុងព្យាយាមបិទផ្លូវរារាំងមិនឱ្យសហរដ្ឋអាមេរិក ឬអ៉ីស្រាអែលចូលទៅយកអ៊ុយរ៉ាញ៉ូមទាំងនោះ។

បើតាមក្រុមសមាជិសភាអ៉ីរ៉ង់ សភាអ៉ីរ៉ង់កំពុងជជែកដេញដោលលើសេចក្ដីព្រាងច្បាប់មួយដើម្បីដកអ៉ីរ៉ង់ចេញពីសន្ធិសញ្ញា NPT។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក Rezaei បានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រមួយដោយលើកឡើងពីលទ្ធភាពដែលអ៉ីរ៉ង់អាចនឹងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ «ពិភពលោកទាំងមូលកំពុងចោទសួរថាតើ NPT គ្មានប្រសិទ្ធទេឬ? នៅពេលដែលសហរដ្ឋអាមេរិកធ្វើសង្រ្គាមរបៀបនេះ មនុស្សម្នាបាននាំគ្នាសួរថាតើហេតុអ្វីបានជាយើងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯងទៅ?»។ នេះជាការលើកឡើងរបស់លោក Rezaei នៅក្នងបទសម្ភាសន៍មួយ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញបាននិយាយថាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ការដាក់ទណ្ឌកម្ម និងការប្រើកម្លាំងយោធារបស់សហរដ្ឋអាមេរិក ទំនងជានឹងមិនឱ្យបង្ខំឱ្យអ៉ីរ៉ង់បោះបង់ចោលគោលជំហរ ឬលក្ខខណ្ឌស្នូលរបស់ខ្លួននៅឯតុចរចាស្ដីពីការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងការទទួលស្គាល់លើការគ្រប់គ្រងរបស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz នោះទេ។

លោក Sina Toossi ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់គោលនយោបាយអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាអ៉ីរ៉ង់នៅតែមានសមត្ថភាពធ្វើឱ្យផលវិបាកដែលខ្លួនកំពុងប្រឈម រាលដាលទៅដល់បណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ តាមរយៈការគំរាម ឬវាយប្រហារលើការដឹកជញ្ជូនប្រេង ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពាណិជ្ជកម្មក្នុងតំបន់។ លោកបន្ថែមថាកាលណាកាន់តែបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សហរដ្ឋអាមេរិកក៏ត្រូវការប្រទេសកាន់តែច្រើនចូលរួមសហការផងដែរ។ តាមអ្នកវិភាគរូបនេះ ការឆ្លើយតបរបស់អ៉ីរ៉ង់ អាចនឹងធ្វើឡើងតាមរយៈការរៀនសម្របខ្លួន ឬរកវិធីសាស្ត្រថ្មីៗដើម្បីបន្តរស់រានមានជីវិតនៅក្រោមការដាក់ទណ្ឌកម្ម ហើយបញ្ជូនសារព្រមានថាប្រសិនបើសហរដ្ឋអាមេរិកចង់កម្ទេចសេដ្ឋកិច្ចអ៉ីរ៉ង់ នោះសហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្នុងតំបន់ក៏អាចនឹងត្រូវប្រឈមនឹងផលវិបាកដូចគ្នាដែរ៕