រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅ និងបទបញ្ជាតឹងរ៉ឹង ក្រោយជនអគតិផ្សព្វផ្សាយព័ត៌មានញុះញង់រឿងចោរលួចប្រេងឡានខ្សែ
28-08-2026 21:16
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀត ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់អ្នកដំណើរ និងប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះរៀបចំឡើង ក្រោយពីមានក្រុមជនអគតិមួយចំនួន បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចប្រេងបាត់។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញវិធានការរដ្ឋបាលបន្ទាន់ជាក់ស្តែង រួមមាន៖
ទី១៖ ណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវចុះស្រង់ស្ថិតិចំនួនតូបលក់សាំងដបទាំងអស់ និងស្រាវជ្រាវរកប្រភពទិញប្រេង ឱ្យបានច្បាស់លាស់។ ប្រសិនបើអះអាងថាទិញពីស្ថានីយ៍ ត្រូវផ្ទៀងផ្ទាត់ជាមួយម្ចាស់ការ៉ាស់ផ្ទាល់ និងអប់រំណែនាំម្ចាស់តូប ឱ្យកាត់ផ្តាច់ការទិញប្រេងគ្មានប្រភពច្បាស់លាស់ ដើម្បីជៀសវាងការពាក់ព័ន្ធនឹងបទល្មើសទទួលផលចោរកម្ម។
ទី២៖ ត្រូវរៀបចំប្រព័ន្ធភ្លើងបំភ្លឺឱ្យបានភ្លឺចាំងល្អ បង្កប់កាមេរ៉ាសុវត្ថិភាពដោយសម្ងាត់ ដើម្បីឆែក និងពិនិត្យរាល់ព្រឹក ព្រមទាំងពិចារណារៀបចំកម្លាំងប្រចាំការយាមប្រចាំថ្ងៃ។
ទី៣៖ ត្រូវចាត់ចែងឱ្យអធិការក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ ធ្វើការទំនាក់ទំនងជាមួយគ្រប់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន (ឡានខ្សែ) ដើម្បីសុំបញ្ជីឈ្មោះអ្នកបើកបរ និងប្រភេទរថយន្តឆ្លងកាត់ខេត្តទាំងអស់ ព្រមទាំងរៀបចំដាក់ស្លាកលេខទូរស័ព្ទ Hotline ឱ្យបានច្បាស់លាស់ នៅតាមទីតាំងចតរថយន្ត។
រដ្ឋបាលខេត្តពោធិ៍សាត់ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរគ្រប់រូប ដែលនឹងត្រូវអញ្ជើញមកលេងកម្សាន្ត ឬធ្វើដំណើរឆ្លងកាត់មូលដ្ឋានខេត្តពោធិ៍សាត់ដោយក្តីរីករាយ និងសូមធានារ៉ាប់រងជូននូវកិច្ចការពារសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរបំផុត៕
























