* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ISC-2 បង្ហាញលទ្ធផលនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (Video inside)

29-08-2026 09:55

(ភ្នំពេញ)៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (Second Inter-Parliamentary Speakers’ Conference – ISC-2) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំដោយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សន្និសីទអន្តរសភាដ៏សំខាន់នេះ ដែលមានការចូលរួមពីប្រតិភូចំនួន ១៣០រូប តំណាងឱ្យ៣០ប្រទេស និងអង្គការអន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធ ត្រូវបានរៀបចំឡើងក្រោមមូលបទ៖ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» (Solidarity for Peace and Shared Prosperity: Strengthening International Law and Resolving Conflicts Peacefully)។​ មូលបទនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សភានានា ក្នុងការលើកកម្ពស់សន្តិភាព ការគោរពច្បាប់អន្តរជាតិ ពហុភាគីនិយម កិច្ចសន្ទនា ការទូតសភា និងការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផ្នែក ដូចជា សន្តិសុខ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។

នៅក្នុងពិធីបើកសន្និសីទនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ អង្គសន្និសីទមានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបានព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុន្ទរកថាបើករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន ISC-2 និងសុន្ទរកថារបស់ឥស្សរជននិងភ្ញៀវកិត្តិយសផ្សេងទៀត។

នៅក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំសភា និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមសន្និសីទ ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃមូលបទសន្និសីទ ដែលមានភាពសមស្របយ៉ាងខ្លាំងនៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការថយចុះនៃទំនុកចិត្ត។

ព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលថា៖ «រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវនិមិត្តរូបដ៏សក្តិសមសម្រាប់ការជួបជុំនៅថ្ងៃនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅកាន់ទិសដៅរួមតែមួយ។ និមិត្តរូបនេះបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទ ដែលប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ និងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផលប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។
ព្រះអង្គបានមានព្រះរាជបន្ទូលលើកឡើងពីបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម ការផ្សះផ្សាជាតិ និងការកសាងប្រទេសឡើងវិញ ព្រមទាំងបានសង្កត់ធ្ងន់ថា សន្តិភាព និងវិបុលភាពមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយទាំងពីរត្រូវផ្អែកលើទំនុកចិត្ត យុត្តិធម៌ នីតិរដ្ឋ និងការគោរពច្បាប់អន្តរជាតិ។

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៀតថា សភាមានតួនាទីសំខាន់ក្នុងការជំរុញកិច្ចសន្ទនា គណនេយ្យភាព កិច្ចសហប្រតិបត្តិការ និងការដោះស្រាយជម្លោះដោយសន្តិវិធី ខណៈការទូតសភាអាចជួយកសាងការយោគយល់ និងទំនុកចិត្តរវាងប្រជាជាតិ។

ក្នុងសុន្ទរកថាបើកសន្និសីទ ISC-2 សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីភាពស្មុគស្មាញនៃស្ថានភាពភូមិសាស្ត្រនយោបាយសកល និងការប្រឈមកាន់តែខ្លាំងចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងអំណាច ការប្រើប្រាស់សេដ្ឋកិច្ច បច្ចេកវិទ្យា ធនធាន និងខ្សែសង្វាក់ផ្គត់ផ្គង់ជាឧបករណ៍នៃសម្ពាធ ព្រមទាំងការស្រពិចស្រពិលរវាងសង្គ្រាម និងសន្តិភាព។ សង្គ្រាមសម័យទំនើបលែងកំណត់ត្រឹមការប៉ះទង្គិចយោធាទៀតហើយ ប៉ុន្តែរួមមានសង្គ្រាមសេដ្ឋកិច្ច ព័ត៌មាន បច្ចេកវិទ្យា និងចិត្តសាស្ត្រ ដែលអាចបង្កអស្ថិរភាពដល់សង្គម និងប្រទេសជាតិ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ការរំលោភបំពានច្បាប់អន្តរជាតិ និងការប្រើប្រាស់កម្លាំង អាចបង្កឱ្យប្រទេសដែលងាយរងគ្រោះបង្ខំចិត្តពង្រឹងសមត្ថភាពយោធា ដែលនឹងបង្កើតវដ្តថ្មីនៃការប្រកួតប្រជែង និងការរីកសាយភាយអាវុធ។ ដូច្នេះ ស្ថាប័ននីតិប្បញ្ញត្តិត្រូវដើរតួនាទីកាន់តែសកម្មក្នុងការការពារបូរណភាពទឹកដី លើកកម្ពស់ទំនុកចិត្ត និងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្តេចតេជោក៏បានអំពាវនាវឱ្យពង្រឹងការទូតសភា និងពិចារណាបង្កើតបណ្តាញអ្នកសម្របសម្រួលសភាអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ជម្លោះតាំងពីដំណាក់កាលដំបូង។ ជាមួយគ្នានេះ សភានានាគួររួមគ្នាការពារប្រព័ន្ធពហុភាគីនិយម ប្រឆាំងនឹងការប្រើប្រាស់កម្លាំង នយោបាយគាំពារនិយម និងព័ត៌មានមិនពិត ព្រមទាំងធានាថា ទឹកដីរបស់រដ្ឋសមាជិកមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអរិភាពប្រឆាំងនឹងរដ្ឋដទៃ។

ក្នុងសុន្ទរកថាគន្លឹះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព ប្រជាធិបតេយ្យ សាមគ្គីភាព និងវិបុលភាពរួម ដោយសង្កត់ធ្ងន់ថា សន្តិភាពគឺជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងស្ថិរភាពយូរអង្វែង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបទពិសោធន៍របស់កម្ពុជាក្នុងការឆ្លងកាត់ពីសង្គ្រាមទៅសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃដែលនៅមិនទាន់ដោះស្រាយចប់ បន្ទាប់ពីការប៉ះទង្គិចក្នុងឆ្នាំ២០២៥។ សម្តេចធិបតីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងតាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធី។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងភាពធន់របស់ជាតិ តាមរយៈការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ការវិនិយោគលើធនធានមនុស្ស ការពង្រឹងស្ថាប័ន និងការពង្រីកប្រព័ន្ធគាំពារសង្គម។ សម្តេចធិបតីបានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បង្កើតការងារ និងលើកកម្ពស់លទ្ធភាពទទួលបានសេវាមូលដ្ឋាន ខណៈកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពជួយបើកផ្លូវដល់ការអភិវឌ្ឍ ភាពធន់ជួយការពារសមិទ្ធផល និងការអភិវឌ្ឍប្រកបដោយបរិយាបន្នជួយពង្រឹងសាមគ្គីភាពសង្គម ដែលជាមូលដ្ឋានសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង។

ក្នុងកិច្ចពិភាក្សាទូទៅ អង្គសន្និសីទបានលើកឡើងនូវទស្សនៈ និងបទពិសោធន៍ជុំវិញការកសាងសន្តិភាព ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី ការពង្រឹងពហុភាគីនិយម ការទូតសភា ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់វិបុលភាពរួម។

ដោយឡែកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងសុន្ទរកថាបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ព្រមទាំងយន្តការដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងថៃនៅតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន និងបានសង្កត់ធ្ងន់ថា ព្រំដែនអន្តរជាតិមិនអាចកំណត់ ឬផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងបានឡើយ។ ចំពោះបញ្ហាព្រំដែនសមុទ្រ កម្ពុជាបានជ្រើសរើសយន្តការចរចា និងសម្របសម្រួលតាម UNCLOS ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បានបញ្ជាក់ថា គោលដៅចុងក្រោយរបស់កម្ពុជាមិនមែនជាការប្រឈមមុខគ្នាទេ ប៉ុន្តែជាការសម្រេចបាននូវដំណោះស្រាយដោយយុត្តិធម៌ សន្តិភាព និងយូរអង្វែង ដើម្បីឱ្យប្រជាជនកម្ពុជា និងថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
សន្និសីទប្រធានសភាអន្តរសភាលើកទី២ ត្រូវបានបិទបញ្ចប់ប្រកបដោយផ្លែផ្កា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

អង្គសន្និសីទ ISC-2 បានអនុម័ត សេចក្តីប្រកាសភ្នំពេញ ដែលបញ្ជាក់ពីការប្តេជ្ញារួមរបស់ថ្នាក់ដឹកនាំ និងតំណាងសភា ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយសន្តិភាព និងយុត្តិធម៌ ផ្អែកលើច្បាប់អន្តរជាតិ សមភាពអធិបតេយ្យ សន្តិភាព និងសន្តិសុខ កិច្ចសហប្រតិបត្តិការពហុភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តរួមគ្នាលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី។ សេចក្តីប្រកាសក៏បានកំណត់អាទិភាពសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈការទូតសភា រួមមានសន្តិសុខស្បៀងអាហារ ថាមពល និងសុខាភិបាល ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការធានាសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរឌីជីថលប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌៕