* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: បន្ទាប់ពីការសន្និដ្ឋាន រញ្ជួយដី ភ្លៀង រហូតដល់ការបាក់ផ្ទាំងទឹកកក៖ តើវិទ្យាសាស្ត្ររកឃើញអ្វីពីគ្រោះមហន្តរាយទឹកជំនន់នៅនេប៉ាល់? (Video inside)

29-08-2026 12:38

(ភ្នំពេញ)៖ គ្រោះថ្នាក់ដោយសារជំនន់ទឹកហូរធ្លាក់មកភ្លាមៗនៅតំបន់ព្រំដែននេប៉ាល់-ទីបេត៍ ត្រូវបាន ការផ្សាយជាច្រើន បានលើកឡើងពីមូលហេតផ្សេងៗពីគ្នា។ តើអ្នកវិទ្យាសាស្ត្រ បានរកឃើញអ្វី ដែលជាដើមចមពាក់ព័ន្ធពិតប្រាកដ?

Fresh Exclusive / Cosmo មានសេចក្តីរាយការណ៍ស្រាវជ្រាវអំពីបញ្ហានេះ៖

នៅពេលរលកទឹកដ៏មហិមា ភក់ និងថ្មធំៗ ស្រាប់តែរមាលហូរចុះពីជ្រលងភ្នំហេមពាន្តHimalaya ចូលតំបន់ព្រំដែននេប៉ាល់-ទីបេត៍ Nepal–Tibet នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សំណួរដំបូងរបស់មនុស្សជាច្រើនគឺ៖ តើមានអ្វីកើតឡើងនៅលើភ្នំ?

ការសង្ស័យដំបូងបានផ្ដោតលើ រញ្ជួយដី ព្រោះឧបករណ៍វាស់រំញ័រដី Seismometer បានចាប់សញ្ញាមួយ ដែលដំបូង ត្រូវបានកត់ត្រាជាការរញ្ជួយដីកម្រិត 4.4។ ក្រៅពីនេះ ក៏មានការសន្និដ្ឋានតាមបណ្ដាញសង្គមខ្លះទៅលើបាតុភូតភូគព្ភសាស្ត្រផ្សេងៗ រួមទាំងភ្នំភ្លើង ខណៈអ្នកខ្លះគិតថា វាជាទឹកជំនន់ពី ភ្លៀងមុសុង ដ៏ខ្លាំង ដូចដែលតែងកើតឡើងនៅតំបន់ភ្នំហេមពាន្ត។ ប៉ុន្តែក្រោយការវិភាគរូបភាពផ្កាយរណប និងទិន្នន័យ ឧបករណ៍វាស់រំញ័រដី ជាបន្ថែមទៀត ការសន្និដ្ឋានអំពីមូលហេតុ បានផ្លាស់ប្ដូរយ៉ាងសំខាន់។

ក្រុមស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក U.S. Geological Survey (USGS) បានកែការវាយតម្លៃដំបូងរបស់ខ្លួន ដោយបញ្ជាក់ថា សញ្ញាដែលដំបូងត្រូវបានគិតថាជារញ្ជួយដីនោះ តាមពិតគឺជា រលករំញ័រដី ឬ រលកស៊ីស្មិច Seismic Wave ដែលកើតចេញពីការបាក់ផ្ទាំងទឹកកក Glacial Collapse និងលំហូរកម្ទេចកម្ទី Debris Flow របស់ខ្លួនវាដោយផ្ទាល់។

បើនិយាយឱ្យស្រួលយល់៖ មិនមែនកើតឡើងដោយរញ្ជួយដី ហើយបណ្ដាលឱ្យផ្ទាំងទឹកកកបាក់នោះទេ។ ផ្ទុយទៅវិញ ការបាក់ផ្ទាំងទឹកកក និងថ្មដ៏មហិមា បានបង្កការរំញ័រដីខ្លាំងរហូតដល់ឧបករណ៍វាស់រំព័រដី អាចចាប់បាន ហើយដែលពីដំបូង ត្រូវបានយល់ថាជាការរញ្ជួយដី នោះ។

ការរកឃើញនេះ បានធ្វើឱ្យគ្រោះទឹកជំនន់នៅនេប៉ាល់ ក្លាយជាករណីវិទ្យាសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយ៖ ទឹកជំនន់ដ៏មហន្តរាយ មិនចាំបាច់ចាប់ផ្ដើមពីភ្លៀង ហើយការចាប់បានសញ្ញារំញ័រដី ក៏មិនមានន័យថា ករណីរញ្ជួយដី ជាអ្នកបង្កគ្រោះមហន្តរាយនោះដែរ។

ដូច្នេះ សំណួរបន្ទាប់គឺ៖ តើផ្ទាំងទឹកកកដ៏ធំនោះបាក់ដោយរបៀបណា? ហើយហេតុអ្វីការបាក់ផ្ទាំងទឹកកកនៅលើភ្នំ អាចបង្កើតជាទឹកជំនន់ដ៏មហិមា នៅតំបន់ខាងក្រោមបាន?

*ពីការសន្និដ្ឋានរញ្ជួយដី ទៅជាការបាក់ផ្ទាំងទឹកកក
ការយល់ច្រឡំដំបូង មានហេតុផលវិទ្យាសាស្ត្ររបស់វា។ នៅពេលម៉ាសទឹកកក និងថ្មដ៏ធំ បានធ្លាក់ចុះពីកម្ពស់រាប់ពាន់ម៉ែត្រ វាបានបញ្ចេញថាមពលយ៉ាងមហិមា។ នៅពេលម៉ាសទាំងនោះ បុកផ្ទៃភ្នំ និងជ្រលងខាងក្រោម វាបង្កើតជារលករំញ័រ ដែលធ្វើដំណើរឆ្លងកាត់ស្រទាប់ថ្មរបស់ផែនដី។ ឧបករណ៍វាស់រំញ័រដី អាចចាប់បាននូវរលកសញ្ញាទាំងនេះ។ ដូច្នេះ នៅដំណាក់កាលដំបូង សញ្ញាដែលឧបករណ៍ចាប់បាន អាចត្រូវបានយល់ថា ជាសញ្ញានៃការរញ្ជួយដី។

ប៉ុន្តែក្រុមអ្នកជំនាញភូគព្ហសាស្ត្រអាមេរិក USGS បានយកទិន្នន័យរលកថាមពលស៊ីស្មិចមកវិភាគឡើងវិញ ជាពិសេសរលកដែលមានរយៈពេលវែង ហើយបានរកឃើញថា ទម្រង់រលកទាំងនោះ មិនស្របនឹងលក្ខណៈនៃការរញ្ជួយដីធម្មតាឡើយ។

ផ្ទុយទៅវិញ ការវិភាគបង្ហាញថា រលករំញ័រដីនោះ ត្រូវបានបង្កឡើងដោយចលនាដ៏មហិមានៃម៉ាសទឹកកក ថ្ម និងដី ដែលបាក់រអិលចុះពីលើភ្នំ។

និយាយឱ្យខ្លី៖ វាមិនមែនជាគ្រោះរញ្ជួយដី ដែលបានធ្វើឱ្យផ្ទាំងទឹកកកបាក់ទេ ប៉ុន្តែការបាក់ផ្ទាំងទឹកកក និងថ្មដ៏មហិមា បានបង្កើតរលករំញ័រដី ដែលដំបូងធ្វើឱ្យគេយល់ថាជារញ្ជួយដី។

*តើផ្ទាំងទឹកកកដែលបាក់នោះ មានទំហំប៉ុណ្ណា?
ការវិភាគរូបភាពផ្កាយរណប បានផ្ដល់តម្រុយដ៏សំខាន់មួយទៀតអំពីទំហំ និងកម្លាំងនៃការបាក់នេះ។ អ្នកវិទ្យាសាស្ត្រផែនដី Daniel Shugar នៃ សកលវិទ្យាល័យ Calgary បានវិភាគរូបភាពផ្កាយរណប ហើយប៉ាន់ប្រមាណថា ផ្នែកទឹកកក ដែលបាក់ចេញមានទទឹងប្រមាណ ២,០០០ហ្វីត ឬ ជាង៦០០ម៉ែត្រ។ ការវិភាគដែល Reuters បានរាយការណ៍បង្ហាញថា ផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបានបាក់នោះ មានកម្ពស់ប្រមាណ ៥,២០០ម៉ែត្រ ហើយធ្លាក់ចុះទៅក្នុងជ្រលងភ្នំ ដែលស្ថិតនៅទាបជាង ប្រមាណ ១,២០០ម៉ែត្រ។

បើយើងស្រមៃមើលថា ម៉ាសទឹកកក ថ្ម និងដីដ៏មហិមាមួយ ធ្លាក់ពីកម្ពស់ជាងមួយគីឡូម៉ែត្រ។ វាមិនមែនគ្រាន់តែធ្លាក់ដល់បាតភ្នំ ហើយឈប់នៅទីនោះទេ។ ថាមពលទំនាញដ៏ខ្លាំងពីការធ្លាក់នោះ បានបម្លែងវាទៅជាចលនារអិលបាក់ដ៏លឿននៃផ្ទាំងទឹកកក និងថ្ម ឬជាភាសាអង់ គ្លេស Ice-Rock Avalanche។

នៅពេលរអិលចុះតាមជម្រាលភ្នំ ចលនាដ៏ខ្លាំងនេះអាចប្រមូលយក ថ្ម ដី ព្រិល ទឹកកក និងទឹក នៅតាមផ្លូវ ធ្វើឱ្យម៉ាសដែលកំពុងហូរនោះកាន់តែធំ និងមានកម្លាំងកាន់តែខ្លាំង។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ បាននិយាយថា ការវិភាគដំបូងនៃរូបភាពផ្កាយរណប Planet Labs បង្ហាញថា ការរអិលបាក់នៃទឹកកក និងថ្ម បានបង្កជាទឹកជំនន់ផ្ទុកកម្ទេចកម្ទីនៅក្នុងទន្លេ ឡិនដ៏ Lhende។

នៅពេលម៉ាសដ៏មហិមានេះ ចូលទៅក្នុងជ្រលង និងប្រព័ន្ធទន្លេ វាអាច រុញទឹកដែលមានស្រាប់ បន្ថែមកម្ទេចកម្ទីចូលក្នុងលំហូរ និងអាចរាំងស្ទះទន្លេជាបណ្តោះអាសន្ន។ លទ្ធផលគឺ ទឹក ភក់ ថ្ម និងកម្ទេចកម្ទី អាចហូរចុះទៅតំបន់ខាងក្រោមក្នុងល្បឿនយ៉ាងលឿន។ នៅតំបន់ ហ្គាលឈី Galchhi ខាងក្រោម កម្រិតទឹកត្រូវបានរាយការណ៍ថាបានកើនឡើងដល់ប្រហែល ៩ម៉ែត្រ ក្នុងរយៈពេលត្រឹម៣០នាទី។

*បើមិនមែនភ្លៀង តើទឹកដ៏ច្រើននេះ មកពីណា?
សំណួរនេះ គឺជាផ្នែកវិទ្យាសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃគ្រោះមហន្តរាយនេះ។ នៅពេលយើងឃើញទឹកជំនន់ យើងធ្លាប់តែសួរថា៖ «តើភ្លៀងធ្លាក់ប៉ុន្មាន?» ប៉ុន្តែនៅតំបន់ភ្នំទឹកកក សំណួរនេះតែមួយមិនគ្រប់គ្រាន់ទេ។

ទឹកដ៏ច្រើនដែលហូរចុះមក អាចមានប្រភពច្រើនរួមគ្នា៖ ទឹកដែលមានស្រាប់ក្នុងទន្លេ, ទឹករលាយពីព្រិល និងពីផ្ទាំងទឹកកក, ទឹកដែលស្ថិតនៅក្នុង ឬក្រោមដុំផ្ទាំងទឹកកក និងទឹកដែលអាចកកកុញពីក្រោយរបាំងធម្មជាតិ ដែលបង្កើតឡើងដោយថ្ម ដី និងទឹកកកបាក់ រាំងទន្លេ។

នៅពេលម៉ាសទឹកកក និងថ្មដ៏ធំធ្លាក់ចូលជ្រលង វាអាចរាំងស្ទះផ្លូវទឹកជាបណ្តោះអាសន្ន បង្កើតជាអ្វីដែលគេហៅថា Debris Dam ឬ ទំនប់ធម្មជាតិបង្កឡើងដោយកម្ទេចកម្ទី។ ទឹកអាចកកកុញនៅពីក្រោយរបាំងនេះ ហើយប្រសិនបើវាបាក់ ទឹកដែលកកកុញអាចត្រូវបញ្ចេញចេញក្នុងពេលដ៏ខ្លី បង្កើតជារលកទឹកដ៏ខ្លាំង ហូរចុះទៅក្រោម។

ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រនៅតែបន្តស្រាវជ្រាវថា ទឹកដ៏ច្រើនក្នុងព្រឹត្តិការណ៍នេះមកពីប្រភពណាខ្លះ និងថា តើការរាំងស្ទះទន្លេជាបណ្តោះអាសន្ន បានដើរតួនាទីធំប៉ុណ្ណា។ ដូច្នេះ គេមិនទាន់អាចនិយាយថា ទឹកទាំងអស់នោះ មកពីការរលាយដុំផ្ទាំងទឹកកកតែមួយប្រភពបានទេ។

អ្វីដែលគេដឹងច្បាស់គឺ លំហូរទឹក បានកើនឡើងក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល។ នៅតំបន់ខាងក្រោម កម្រិតទឹកក្នុងប្រព័ន្ធទន្លេ ទ្រីស៊្ហូលី Trishuli ត្រូវបានរាយការណ៍ថា បានកើនឡើងប្រហែល ៩ម៉ែត្រ ក្នុងរយៈពេលត្រឹមប្រហែល៣០នាទី។

ដូច្នេះ ក្នុងករណីនៅ Nepal នេះ ចំណុចគួរឱ្យចាប់អារម្មណ៍គឺ៖ ទឹកជំនន់ដ៏ធំមួយ អាចមកដល់ដោយមិនចាំបាច់មានភ្លៀងធ្លាក់ខ្លាំង នៅកន្លែងដែលទឹកជំនន់កំពុងវាយប្រហារនោះឡើយ។

*ចុះការសង្ស័យអំពីភ្នំភ្លើង?
ក្រោយគ្រោះមហន្តរាយ ក៏មានការសន្និដ្ឋានតាមបណ្ដាញសង្គមខ្លះថា សកម្មភាពភ្នំភ្លើង អាចពាក់ព័ន្ធ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា ការផ្ទុះ ឬសកម្មភាពភ្នំភ្លើង ជាដើមចមនៃគ្រោះទឹកជំនន់នេះឡើយ។

តំបន់ភ្នំហេមពាន្ត Himalaya មានលក្ខណៈភូគព្ភសាស្ត្រខុសពី Pacific Ring of Fire ឬខ្សែក្រវាត់ភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ភ្នំហេមពាន្ត កើតឡើងជាចម្បងពីការប៉ះទង្គិចរវាង ផ្ទាំងសំបកផែនដីឥណ្ឌា (Indian Plate) និងផ្ទាំងសំបកផែនដីអឺរ៉ាស៊ី (Eurasian Plate) ដែលរុញស្រទាប់ថ្មឱ្យបត់ និងលើកខ្ពស់ឡើងបង្កើតជាជួរភ្នំ។

ចលនានេះធ្វើឱ្យ រញ្ជួយដីកើតមានញឹកញាប់នៅតំបន់ហេមពាមន្ត ប៉ុន្តែខុសពីតំបន់ភ្នំភ្លើងសកម្មជាច្រើននៅជប៉ុន និងឥណ្ឌូណេស៊ី ដែលផ្ទាំងសំបកផែនដីមួយ រុញចុះក្រោមផ្ទាំងមួយទៀត ដែលគេស្គាល់ថា Subduction Zone។

ដូច្នេះ ការភ្ជាប់គ្រោះទឹកជំនន់នេះ ទៅនឹងភ្នំភ្លើង មិនទាន់មានមូលដ្ឋានវិទ្យាសាស្ត្រទេ។ ភស្តុតាងបច្ចុប្បន្នគាំទ្រខ្លាំងជាងគេថា ការបាក់ផ្ទាំងទឹកកក និងថ្ម បានបង្កលំហូរកម្ទេចកម្ទី និងទឹកជំនន់ភ្លាមៗ។

*ចុះកម្តៅវិញ?
កម្តៅ គឺជាកត្តាមួយដែលអ្នកវិទ្យាសាស្ត្រកំពុងពិនិត្យ។ រូបភាពផ្កាយរណបបង្ហាញថា ក្នុងរយៈពេលប្រមាណ ២៤ម៉ោងមុនគ្រោះមហន្តរាយ ព្រិលជាច្រើននៅលើផ្ទាំងទឹកកកបានរលាយ ដែលបង្ហាញថា តំបន់នោះប្រហែលបានជួបអាកាសធាតុក្តៅ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់អាចបញ្ជាក់ថា កម្តៅនេះជាអ្នកបង្កឱ្យផ្ទាំងទឹកកកបាក់ដោយផ្ទាល់នោះទេ។

ត្រង់នេះ គេត្រូវបែងចែកឱ្យច្បាស់រវាង «កត្តាបង្កផ្ទាល់» (Trigger) និង «កត្តាបង្កើនហានិភ័យ» (Risk Amplifier)។ ភស្តុតាងបច្ចុប្បន្នចង្អុលថា ការបាក់ផ្ទាំងទឹកកក និងថ្ម គឺជាកត្តាបង្កផ្ទាល់នៃទឹកជំនន់ ខណៈកម្តៅ អាចជាកត្តាបង្កើនហានិភ័យ ដោយធ្វើឱ្យព្រិល និងទឹកកករលាយ និងអាចធ្វើឱ្យផ្នែកខ្លះនៃផ្ទាំងភ្នំទឹកកក កាន់តែមិនមានស្ថិរភាព។

Reuters ដកស្រង់ទិន្នន័យអង្គការសហប្រជាជាតិនិយាយថា ភ្នំទឹកកករបស់នេប៉ាល់បានបាត់បង់ទឹកកកជិត មួយភាគបីក្នុងរយៈពេលជាង៣០ឆ្នាំ ដោយសារការឡើងកម្តៅជាសកល ហើយល្បឿនរលាយក្នុងទសវត្សរ៍ចុងក្រោយ លឿនជាងទសវត្សរ៍មុនប្រហែល ៦៥%។

ប៉ុន្តែ ភស្តុតាងទាំងនេះ ក៏នៅមិនទាន់អនុញ្ញាតឱ្យសន្និដ្ឋានថា ការប្រែប្រួលអាកាសធាតុជាអ្នកបង្កដោយផ្ទាល់ឱ្យផ្ទាំងទឹកកកនេះបាក់នៅថ្ងៃទី២៦ ខែសីហានោះទេ។ តួនាទីរបស់កម្តៅ និងការប្រែប្រួលអាកាសធាតុ នៅត្រូវការការសិក្សាជាបន្ថែមទៀត។

ចុះ El Niño ដែលកំពុងកើនកម្លាំងក្នុងពេលនេះវិញ?
El Niño គឺជាការឡើងកម្តៅមិនធម្មតានៃទឹកផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក តំបន់អេក្វាទ័រកណ្ដាល និងខាងកើត។ បាតុភូតនេះ អាចផ្លាស់ប្ដូរចរន្តខ្យល់ របបភ្លៀង និងសីតុណ្ហភាពនៅតំបន់ជាច្រើនលើពិភពលោក។

នៅពេល El Niño កើតឡើងលើផែនដីដែលមានកម្តៅមូលដ្ឋានខ្ពស់រួចហើយ ដោយសារការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ វាអាច បន្ថែមកម្តៅជាសកលជាបណ្តោះអាសន្ន និងមានឥទ្ធិពលលើអាកាសធាតុក្នុងតំបន់ផ្សេងៗ។

ប៉ុន្តែសម្រាប់គ្រោះទឹកជំនន់ នៅនេប៉ាល់លើកនេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រដែលអាចភ្ជាប់ដោយផ្ទាល់ថា El Niño ជាអ្នកបង្កឱ្យផ្ទាំងទឹកកកបាក់ ឬបង្កទឹកជំនន់នេះឡើយ។

ដូច្នេះ នៅពេលនេះ El Niño អាចត្រូវចាត់ទុកថា ជាកត្តាអាកាសធាតុដែលអាចបន្ថែមកម្តៅដល់ប្រព័ន្ធអាកាសធាតុពិភពលោក ប៉ុន្តែមិនទាន់មានភស្តុតាងបញ្ជាក់ថា វាជាកត្តាបង្កផ្ទាល់នៃគ្រោះមហន្តរាយនៅនេប៉ាល់នេះឡើយ។

សេចក្តីសន្និដ្ឋាន៖
គ្រោះទឹកជំនន់នៅនេប៉ាល់ បានឆ្លងកាត់ការសន្និដ្ឋានជាច្រើនក្នុងរយៈពេលខ្លី។ ដំបូង សញ្ញាដែលឧបករណ៍វាស់រំញ័រដីចាប់បាន ធ្វើឱ្យគេសង្ស័យថា មាន រញ្ជួយដីកម្រិត 4.4។ បន្ទាប់មក ក៏មានការសន្និដ្ឋានផ្សេងៗទៀត រួមទាំងភ្លៀងមូសុង និងបាតុភូតធម្មជាតិផ្សេងៗ។

ប៉ុន្តែការវិភាគបន្ថែមរបស់ក្រុមភូគព្ហវិទ្យាអាមេរិក រួមជាមួយទិន្នន័យពីស្ថានីយវាស់រំញ័រដី និងរូបភាពផ្កាយរណប បានធ្វើឱ្យមូលហេតុកាន់តែច្បាស់៖ សញ្ញាដែលដំបូងត្រូវបានគិតថាជារញ្ជួយដី តាមពិតកើតចេញពីការបាក់ផ្ទាំងទឹកកក ថ្ម និងលំហូរកម្ទេចកម្ទីដ៏មហិមា។ ក្រុមភូគព្ហវិទ្យាអាមេរិក បានបញ្ជាក់ថា មិនមានរញ្ជួយដីកើតឡើងនោះទេ។

ដូច្នេះ តាមភស្តុតាងវិទ្យាសាស្ត្រដែលមាននៅពេលនេះ ការបាក់ផ្ទាំងទឹកកក និងថ្ម គឺជាកត្តាបង្កផ្ទាល់ដែលនាំទៅរកលំហូរកម្ទេចកម្ទី និងទឹកជំនន់ភ្លាមៗនៅតំបន់ខាងក្រោម។ ចំណែកកម្តៅ ការប្រែប្រួលអាកាសធាតុ និង El Niño អាចពាក់ព័ន្ធនឹងបរិបទហានិភ័យ ប៉ុន្តែ មិនទាន់មានភស្តុតាងបញ្ជាក់ថា កត្តាទាំងនេះ ជាអ្នកបង្កផ្ទាល់ឱ្យផ្ទាំងទឹកកកបាក់នៅថ្ងៃទី២៦ ខែសីហានោះទេ។

នេះជាមេរៀនសំខាន់របស់វិទ្យាសាស្ត្រ៖ ការសន្និដ្ឋានដំបូងមិនមែនជាចម្លើយចុងក្រោយទេ។ នៅពេលមានភស្តុតាងថ្មី វិទ្យាសាស្ត្រត្រូវកែការសន្និដ្ឋានរបស់ខ្លួនទៅតាមអ្វីដែលភស្តុតាងបង្ហាញ៕