បណ្ឌិត កៅ មុយថង៖ ហេតុអ្វីចិន កំពុងពង្រីកច្បាប់ប្រឆាំងអំពើពុករលួយឲ្យហួសព្រំដែន?

29-08-2026 15:22

(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានបង្ហាញអំពីបុព្វហេតុនៃយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលជាសសរស្តម្ភនយោបាយដ៏សំខាន់មួយរបស់ប្រធានរដ្ឋចិន ស៊ី ជីនពីង ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១២មក។

ដោយនៅក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ការបង្ក្រាបគឺមិនត្រឹមតែផ្តោតលើការសម្អាតរដ្ឋបាលនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែបានវិវត្តទៅជាយុទ្ធសាស្ត្រ ដែលមានទិសដៅអន្តរជាតិ ក្រោមគោលបំណង «តាមប្រមាញ់ជនរត់គេចខ្លួន រឹបអូសទ្រព្យ ខុសច្បាប់ និងទប់ស្កាត់អំពើពុករលួយឆ្លងដែន»។ ការណ៍នេះបង្ហាញថា ចិនកំពុងលែងចាត់ទុកអំពើពុករលួយ មិនមែនត្រឹមជាបញ្ហាផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ ផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បរិបទនេះលោកបណ្ឌិត កៅ មុយថង បាននាំឲ្យមានការស្វែងយល់ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិត្រួតពិនិត្យ (National Commission of Supervision - NCS) នាឆ្នាំ២០១៨ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យ។ ផ្អែកតាមផ្លូវច្បាប់ NCS គឺជាស្ថាប័នត្រួតពិនិត្យរដ្ឋខ្ពស់បំផុត ដែលបង្កើតឡើងដោយសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ព្រមទាំងទទួលខុសត្រូវដោយ ផ្ទាល់ចំពោះមុខសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា។

អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន ខាងលើបានឲ្យដឹងថា ស្ថាប័ននេះមានដែនសមត្ថកិច្ចត្រួត ពិនិត្យយ៉ាងទូលំទូលាយលើមន្ត្រីសាធារណៈគ្រប់ផ្នែក រាប់ចាប់ពីមន្ត្រីបក្ស មន្ត្រីរដ្ឋាភិបាល ចៅក្រម រដ្ឋអាជ្ញា ថ្នាក់ដឹកនាំសហគ្រាសរដ្ឋ រហូតដល់បុគ្គលិកក្នុងស្ថាប័នសាធារណៈ ដូចជាវិស័យអប់រំ និងសុខាភិបាលជាដើម។ ខ្លឹមសារស្នូលនៃកំណែទម្រង់នេះ គឺការបង្កើត «មជ្ឈមណ្ឌលអំណាចប្រឆាំងអំពើ ពុករលួយ» ដ៏មានការឯកភាពមួយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួល និងការស៊ើបអង្កេត ទាំងក្នុងនិងក្រៅប្រទេស។

* ហេតុអ្វីចិនត្រូវពង្រីកច្បាប់ឲ្យ «ហួសព្រំដែន»?

ពីអ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន ព្រោះអំពើពុករលួយសម័យថ្មីមិន មែនត្រឹមតែកើតឡើងនៅក្នុងព្រំដែនប្រទេសមួយនោះទេ។ មន្ត្រី ឬអ្នកពាក់ព័ន្ធអាចផ្ទេរលុយទៅក្រៅប្រទេស បង្កើតក្រុមហ៊ុនសែល (Shell Company) ជាក្រុមហ៊ុនដែលមានតែការចុះឈ្មោះនៅលើក្រដាស ប៉ុន្តែគ្មានប្រតិបត្តិការអាជីវកម្ម គ្មានបុគ្គលិកពេញសិទ្ធិ និងគ្មានទ្រព្យសកម្មរូបវន្តសំខាន់ៗនោះទេ ឬ ពួកគេអាចរត់គេចខ្លួនទៅរស់នៅបរទេស ដើម្បីជៀសវាងការផ្តន្ទាទោស។ ប្រសិនបើច្បាប់ អនុវត្តបានតែក្នុងទឹកដីចិន នោះប្រព័ន្ធប្រឆាំងអំពើពុករលួយក្នុងស្រុកនឹងមាន «ចន្លោះប្រហោង» ឲ្យជនល្មើសប្រើប្រាស់។ ដូច្នេះការពង្រីកយុត្តាធិការហួសព្រំដែន គឺជាការបិទចន្លោះប្រហោង ដើម្បីឲ្យ «ការរត់ចេញពីប្រទេស» លែងមានន័យថា «រួចផុតពីសំណាញ់ច្បាប់» ទៀតហើយ។

ក្នុងន័យច្បាប់ លោកបណ្ឌិត កៅ មុយថង បានពន្យល់ថា «ការពង្រីកហួសព្រំដែន» (extraterritoriality) មានន័យថា ច្បាប់របស់ប្រទេសមួយ អាចអនុវត្តលើសកម្មភាពដែលកើតឡើងនៅក្រៅទឹកដីរបស់ខ្លួន បើសកម្មភាពនោះ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ពលរដ្ឋ ឬមន្ត្រីរបស់ប្រទេសនោះ។ សម្រាប់ចិន មូលដ្ឋានសំខាន់ស្ថិតក្នុងមាត្រា៧, ៨ និងមាត្រា១០ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៧ អនុញ្ញាតឲ្យអាជ្ញាធរចិន អនុវត្តលើពលរដ្ឋចិនដែលប្រព្រឹត្តបទល្មើសនៅក្រៅប្រទេស, មាត្រា៨ បើកផ្លូវឲ្យអាជ្ញាធរចិនអាច អនុវត្តលើជនបរទេសដែលប្រព្រឹត្តបទល្មើសប្រឆាំងចិន ឬពលរដ្ឋចិននៅក្រៅប្រទេស, រីឯមាត្រា១០ បញ្ជាក់ថា បុគ្គលម្នាក់អាចនៅតែត្រូវទទួលខុសត្រូវតាមច្បាប់ចិន ទោះបីត្រូវជននោះបានកាត់ទោសនៅបរទេសរួចហើយក៏ដោយ ហើយបើទោះបីជាការផ្តន្ទាទោសនោះអាចត្រូវបានបន្ធូរបន្ថយក៏ដោយ។ នេះជាមូលដ្ឋានច្បាប់សំខាន់នៃ «ដៃវែង» ផ្នែកច្បាប់របស់ចិន។

លើសពីនេះ មាត្រា៥០នៃច្បាប់ត្រួតពិនិត្យឆ្នាំ២០១៨ ផ្តល់តួនាទីជាក់លាក់ដល់គណៈកម្មការត្រួតពិនិត្យមជ្ឈិម ធ្វើផែនការ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ និងអនុវត្តសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ។ ការណ៍នេះមានន័យថា ចិនមិនត្រឹមតែអះអាងសិទ្ធិផ្នែកច្បាប់ ប៉ុណ្ណោះទេ ប៉ុន្តែបានកំណត់ស្ថាប័នស្នូលមួយឲ្យដឹកនាំការកិច្ចសហការជាមួយរដ្ឋដទៃ ស្ថាប័នអន្តរជាតិ និងយន្តការតាមប្រមាញ់ជនរត់គេចខ្លួនផងដែរ។

យន្តការនេះត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈច្បាប់វិសោធនកម្មនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០១៨ ដែលអនុញ្ញាតឲ្យមានការ «ជំនុំជម្រះកំបាំងមុខ» ក្នុងករណីអំពើពុករលួយ និងការសូកប៉ាន់ ផ្តល់ឱ្យជន សង្ស័យ ឬជនជាប់ចោទស្ថិតនៅក្រៅប្រទេស។ ច្បាប់នេះក៏អនុញ្ញាតឲ្យតុលាការចាត់ចែងលើទ្រព្យ សម្បត្តិខុសច្បាប់ដែលពាក់ព័ន្ធនឹងសំណុំរឿងនោះផងដែរ។ ក្នុងន័យជាក់ស្តែងគឺ បើជនល្មើសមិនវិល ត្រឡប់មកចិនទេ ចិននៅតែអាចបន្តនីតិវិធីផ្លូវច្បាប់ និងរឹបអូសទ្រព្យបានក្នុងកម្រិតមួយ។

សម្រាប់លោកបណ្ឌិត កៅ មុយថង កត្តាដែលជំរុញឲ្យចិន ត្រូវការច្បាប់ថ្មីកាន់តែច្បាស់ គឺការកើនឡើងនៃផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននៅក្រៅប្រទេស។ តាមសារព័ត៌មាន Xinhua និង China Daily គិតមកដល់ចុងឆ្នាំ២០២៥ វិនិយោគិនចិនបានបង្កើតសហគ្រាសនៅក្រៅប្រទេសជាង ៥០,០០០កន្លែង នៅក្នុងប្រទេសនិងតំបន់ជាង១៩០ ហើយចិនក៏ជាដៃគូពាណិជ្ជកម្មសំខាន់របស់ជាង ១៦០ប្រទេសនិងតំបន់។ នៅពេលទុនក្រុមហ៊ុននិងគម្រោងចិន ពង្រីកខ្លួនទៅក្រៅប្រទេស ការប្រឈមនឹងការសូកប៉ាន់ ការលាងលុយកខ្វក់ និងការផ្ទេរទ្រព្យសម្បត្តិខុសច្បាប់ក៏កើនឡើងតាមនោះដែរ។ ដូច្នេះច្បាប់ប្រឆាំងអំពើពុករលួយឆ្លងដែន មិនមែនគ្រាន់តែសម្រាប់ចាប់មន្ត្រីរត់គេចខ្លួនទេ ប៉ុន្តែសម្រាប់គ្រប់គ្រងហានិភ័យរបស់សេដ្ឋកិច្ចចិននៅក្រៅប្រទេសផងដែរ។

ដូច្នេះសេចក្តីព្រាងច្បាប់ថ្មី ដែលត្រូវបានដាក់ពិនិត្យជាលើកដំបូងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ មានសារៈសំខាន់ខ្លាំង។ តាមសេចក្តីរាយការណ៍ផ្លូវការ វាជាសេចក្តីព្រាងច្បាប់មាន ៦ជំពូក និង៤៧ មាត្រា ដែលមានគោលបំណងបំពេញចន្លោះប្រហោងនៃច្បាប់ សម្រាប់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ឆ្លងដែន វាកំណត់យន្តការប្រតិបត្តិការ ការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ កាតព្វកិច្ចអនុលោមភាពរបស់សហគ្រាស និងការទទួលខុសត្រូវផ្លូវច្បាប់ចំពោះការបំពានច្បាប់។ ទោះបីសេចក្តីព្រាងនេះ នៅមិនទាន់ជាច្បាប់មានប្រសិទ្ធិភាពនៅឡើយ ប៉ុន្តែវាបង្ហាញទិសដៅយ៉ាងច្បាស់ថា ចិនចង់បម្លែងបទពិសោធន៍ប្រមាណមួយទសវត្សរ៍ឲ្យទៅជាក្របខ័ណ្ឌច្បាប់ពេញលេញ។

បើនិយាយឲ្យងាយយល់ ច្បាប់ថ្មីនេះចង់ដោះស្រាយបញ្ហា៤យ៉ាង ដែលចិនយល់ថាជាឧបសគ្គធំ៖ ទី១. ពិបាករកឃើញករណីពុករលួយ, ២. ពិបាកប្រមូលភស្តុតាង, ៣. ពិបាកទាមទារយកទ្រព្យខុសច្បាប់មកវិញ និង៤. ពិបាកកាត់ទោសជនល្មើសនៅក្រៅប្រទេស។ នេះជាមូលហេតុដែលទាមទារឱ្យមានច្បាប់ថ្មី ដែលមើលទៅដូចជាការប្រែក្លាយពី «យុទ្ធនាការនយោបាយ» ទៅ «យន្តការនីតិកម្ម» ពោលគឺ ពីការបង្ក្រាបតាមគោលនយោបាយ មកជាការបង្ក្រាបដែលមានច្បាប់ជាក់លាក់គាំទ្រ។

លោកបណ្ឌិត កៅ មុយថង បានបន្តឲ្យដឹងថា ក្នុងការអនុវត្តជាក់ស្តែង ចិនបានប្រើយុទ្ធនាការប្រមាញ់សត្វកញ្ជ្រោង (Fox Hunt) និងរាយសំណាញ់មេឃ (Sky Net) ដែលជាឧបករណ៍សំខាន់សម្រាប់តាមប្រមាញ់ជនរត់គេចខ្លួន និងទាមទារយកទ្រព្យសម្បត្តិមកវិញ។ តាមរបាយការណ៍ក្នុងសារព័ត៌មានមួយចំនួនយុទ្ធនាការប្រមាញ់សត្វកញ្ជ្រោង (Fox Hunt) ចាប់តាំងពីឆ្នាំ២០១៤មក អាជ្ញាធរចិន បានតាមចាប់ជនរត់គេចខ្លួនពាក់ព័ន្ធឧក្រិដ្ឋកម្មពាណិជ្ជកម្មជាង ៩,០០០នាក់ ពីជាង១២០ប្រទេសនិងតំបន់ ហើយយកទ្រព្យសម្បត្តិ ដែលត្រូវបានលួចត្រឡប់មកវិញជិត ៤៩ពាន់លានយ័ន។ ចំណែក Xinhua និង NPC ក៏បញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មួយឆ្នាំប៉ុណ្ណោះ ចិនបាននាំយក «ជនរត់គេចខ្លួនពុករលួយ» ត្រឡប់មកវិញ៩៦៣នាក់។ តួលេខទាំងនេះត្រូវបានរដ្ឋចិនប្រើដើម្បីបង្ហាញថា ការបង្ក្រាបឆ្លងដែនកំពុងមានប្រសិទ្ធភាព និងត្រូវការមូលដ្ឋានច្បាប់រឹងមាំជាងមុន។

ទោះយ៉ាងណាការពង្រីកអំណាចហួសព្រំដែននេះ មិនមែនគ្មានវិវាទផ្លូវច្បាប់ទេ។ មួយផ្នែក វាជាការឆ្លើយតបតាមតក្កវិជ្ជារបស់រដ្ឋសម័យទំនើប។ ពោលគឺ កាលបើមានឧក្រិដ្ឋកម្មឆ្លងដែន នោះការអនុវត្តច្បាប់ក៏ត្រូវឆ្លងដែនដែរ។ ប៉ុន្តែពីមួយផ្នែកទៀត វាបង្កការព្រួយបារម្ភអំពីសិទ្ធិមនុស្ស នីតិរដ្ឋ និងអធិបតេយ្យភាពរបស់ប្រទេសម្ចាស់ទឹកដី។ អ្នកវិភាគខ្លះបានវិភាគថា ប្រព័ន្ធត្រួតពិនិត្យរបស់ចិនផ្តល់អំណាចឃុំខ្លួនជាសម្ងាត់រហូតដល់៦ខែ ហើយជនដែលស្ថិតក្រោមការស៊ើបអង្កេតគ្មានសិទ្ធិពិគ្រោះមេធាវីក្នុងដំណាក់កាលនេះទេ ហើយក៏គ្មានផ្លូវច្បាប់សម្រាប់ប្តឹងតវ៉ាទៅតុលាការដែរ។ ដូច្នេះសំណួរធំមួយគឺ មិនមែនថាចិន មានសិទ្ធិតាមចាប់ជនល្មើសឬអត់ទេ ប៉ុន្តែថាតើការអនុវត្តតាមអំណាចនោះ អាចឱ្យមានការត្រួតពិនិត្យគ្រប់គ្រាន់ដែរឬទេ? ប្រសិនបើការចោទប្រកាន់ទាំងនេះគឺពិត នោះបញ្ហាមិនមែនស្ថិតនៅលើ «គោលដៅប្រឆាំងអំពើ ពុករលួយ» ទេ ប៉ុន្តែស្ថិតនៅលើ «វិធីសាស្ត្រអនុវត្ត» ដែលអាចប៉ះទង្គិចជាមួយច្បាប់ និងអធិបតេយ្យ ភាពរបស់ប្រទេសដទៃ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្នុងកម្រិតអន្តរជាតិ ចិនអាចអះអាងថា សកម្មភាពរបស់ខ្លួនមានមូលដ្ឋានលើកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយសកល ព្រោះខ្លួនជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០០៣ និងចូលជាធរមានជាសកលនៅឆ្នាំ២០០៥។ UNCAC ផ្តល់គោលការណ៍សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការប្រគល់ជនរត់គេចខ្លួន និងការទាមទារយកទ្រព្យសម្បត្តិមកវិញ។ ប៉ុន្តែ UNCAC ក៏មិនបានផ្តល់អាជ្ញាបណ្ណឲ្យរដ្ឋណាមួយអនុវត្តអំណាចសន្តិសុខរបស់ខ្លួនដោយរំលងច្បាប់រដ្ឋម្ចាស់ទឹកដីដែរ។ នេះហើយ គឺជាចំណុចដែលធ្វើឲ្យការបកស្រាយរបស់ចិន និងការមើលឃើញរបស់ប្រទេសដទៃអាចខុសគ្នា UNODC។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត កៅ មុយថង។

បើវាយតម្លៃជារួម ការអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយឆ្លងដែន គឺមានហេតុផលនយោបាយ និងសេដ្ឋកិច្ចច្បាស់លាស់សម្រាប់ចិន។ វាអាចជួយបិទចន្លោះច្បាប់ បង្កើនសមត្ថភាពតាម ប្រមាញ់ជនរត់គេចខ្លួន រឹបអូសទ្រព្យខុសច្បាប់ និងដាក់សម្ពាធឲ្យសហគ្រាសចិននៅក្រៅប្រទេសត្រូវ គោរពស្តង់ដារអនុលោមភាពខ្ពស់ជាងមុន។ ប៉ុន្តែអត្ថន័យជាក់ស្តែងរបស់វា មិនត្រឹមស្ថិតនៅលើអត្ថបទ ច្បាប់នោះទេ វាស្ថិតលើរបៀបអនុវត្ត។ ប្រសិនបើច្បាប់នេះត្រូវបានប្រើតាមនីតិរដ្ឋ កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋដទៃ វាអាចក្លាយជាឧបករណ៍ច្បាប់មានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើវាត្រូវបានប្រើជាមធ្យោបាយពង្រីកអំណាចនយោបាយឆ្លងដែន វានឹងបង្កភាពតានតឹង ផ្នែកការទូត និងសំណួរធ្ងន់ធ្ងរអំពីសិទ្ធិមនុស្ស។

ជារួម ចិនកំពុងផ្លាស់ប្ដូរពីការប្រឆាំងអំពើពុករលួយក្នុងស្រុក ទៅរកការបង្កើតប្រព័ន្ធច្បាប់ប្រឆាំងអំពើពុករលួយដែលមានវិសាលភាពសកល។ សេចក្តីព្រាងច្បាប់ថ្មីនេះបង្ហាញថា ទីក្រុងប៉េកាំង ចង់ធ្វើឲ្យ «ការរត់ទៅក្រៅប្រទេស» លែងជាច្រករួចខ្លួនរបស់ជនពុករលួយ។ ប៉ុន្តែក្នុងពេលតែមួយវាក៏បង្ហាញ ថា សង្គ្រាមប្រឆាំងអំពើពុករលួយរបស់ចិន កំពុងចូលដល់ដំណាក់កាលថ្មីមួយ ដែលមិនត្រឹមជាសំណួរ អំពីប្រសិទ្ធភាពទេ ប៉ុន្តែជាសំណួរអំពីព្រំដែននៃអំណាចរដ្ឋ និងភាពស្របច្បាប់នៃការអនុវត្តឆ្លងដែនផងដែរ៕