* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី តម្លៃ ៣០០លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តកំពង់ស្ពឺ

31-08-2026 14:35

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍» (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងគោលនយោបាយបើកចំហសេដ្ឋកិច្ចទៅកាន់ទីផ្សារពិភពលោក។ កត្តាអំណោយផលទាំងនេះ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន សំដៅបង្កើនភាពប្រទាក់ក្រឡានៃខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការចំណាកស្រុក និងផ្តល់ជម្រើសការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋកម្ពុជា។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort មានទំហំទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ គម្រោងនេះនឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន ក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

លោក ស្ទឺវិន ផាំងឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងផែស្ងួតនេះជាមជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្មពហុ មធ្យោបាយដ៏សំខាន់របស់កម្ពុជា ដែលមានផ្ទៃដី ១៣២ហិកតា ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យផលិតកម្ម ធ្វើឱ្យលំហូរទំនិញកាន់តែប្រសើរ និងគាំទ្រការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ប្រកបដោ យចីរភាព និងរយៈពេលវែង។ កម្ពុជាកំពុងឈានទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងតំបន់ តាមរយៈការបើកការដ្ឋានជាផ្លូវការនៃ Cambodia SuperPort® (Phnom Penh Logistics & Industrial Complex – PPLC)។

លោកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា គម្រោងនេះត្រូវបានអភិវឌ្ឍតាមរយៈការបណ្តាក់ទុនរួមគ្នារវាង YCH Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឈានមុខរបស់សិង្ហបុរី និង Sear Brothers Investments ដែលជាក្រុមហ៊ុនធំមួយរបស់កម្ពុជា។

គម្រោងនេះក៏ជាការរំលឹកដល់ ទំនាក់ទំនងការទូតជាង ៦០ ឆ្នាំរវាងកម្ពុជា និងសិង្ហបុរី ហើយបង្ហាញពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

Cambodia SuperPort ត្រូវបានអភិវឌ្ឍជាសួនឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភាររួមបញ្ចូលគ្នា ដែលនឹងរួមមាន៖ ដីសម្រាប់សាងសង់រោងចក្រ និងសហគ្រាសឧស្សាហកម្ម រោងចក្រដែលបានសាងសង់រួចជាស្រេច ឃ្លាំងស្តុកទំនិញ សេវាភស្តុភារគយ សមត្ថភាពពាក់ព័ន្ធនឹងការងារគយសមត្ថភាពដឹកជញ្ជូន និងគ្រប់គ្រងទំនិញអ្វីៗទាំងនេះនឹងត្រូវបានរៀបចំក្នុងតំបន់អភិវឌ្ឍន៍តែមួយ ដែលមានការរៀបចំផែនការយ៉ាងច្បាស់លាស់។

គម្រោងនេះមិនត្រឹមតែមានគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងគាំទ្រការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញពីវិស័យផលិតកម្មដែលមានស្រាប់ និងអនាគត ឱ្យកាន់តែមានប្រសិទ្ធភាព មានការតភ្ជាប់ល្អ និងមានភាពជឿទុកចិត្តបាន។

តាមរយៈការនាំយក ការផលិត ការផ្ទុកទំនិញ ការងារគយ និងការដឹកជញ្ជូនទំនិញ មកនៅជិតគ្នា Cambodia SuperPort មានគោលបំណងកាត់បន្ថយឧបសគ្គក្នុងការដឹកជញ្ជូន ធ្វើឱ្យការតាមដានខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែ ច្បាស់លាស់ និងជួយឱ្យក្រុមហ៊ុនផលិតនៅកម្ពុជាអាចចូលទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែមានប្រសិទ្ធភាព៕