* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

31-08-2026 16:36

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស)។

កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីមន្ត្រីទីស្ដីការ គ.ជ.ប និងតំណាងភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត រួមមានតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១២៩នាក់ និងតាមវីដេអូសន្និសីទប្រមាណ១០០នាក់។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី គ.ជ.ប បានទទួលអនុសាសន៍ត្រឡប់មកវិញចំនួន ៤៨ ក្នុងចំណោមភាគីពាក់ព័ន្ធចំនួន៨៤ ដែល គ.ជ.ប បានផ្ញើជូន ក្នុងរយៈពេល ២៣ថ្ងៃ គឺពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសថ្លែងមតិស្វាគមន៍បើកកម្មវិធី លោក ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប បានជម្រាបជូនថា កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណ ងផ្លាស់ប្តូរយោប ល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាង ប.ន.ឃ.ស ត្រឡប់មក គ.ជ.ប វិញ និងប្រមូលយោបល់បន្ថែមទៀត ដើម្បីកែលម្អ បទបញ្ជា និងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈពេញលេញងាយយល់ និងងាយអនុវត្ត ឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍថ្មីៗ ព្រមទាំងមានអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន មុននឹង គ.ជ.ប ដាក់ឱ្យប្រើជាផ្លូវការ។

លោក ហ៊ឺ រ៉ុង បានបញ្ជាក់ជូនថា សេចក្តីព្រាង ប.ន.ឃ.ស នេះតាក់តែងឡើងដោយផ្អែកលើក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន បទពិសោធ និងអនុសាសន៍ដែលទទួលបានពីសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងមក ហើយលោកបានជម្រាបជូនអំពីគោលការណ៍សំខាន់ៗដែលបានកែសម្រួលថ្មីក្នុងសេចក្តីព្រាងនេះតាមជំពូកនីមួយៗ។

លោកបានបន្តថា សេចក្តីព្រាង ប.ន.ឃ.ស នេះ ត្រូវបានរៀបចំជាជំហានដំបូងដោយអគ្គលេខាធិការដ្ឋាន គ.ជ.ប និងបានដាក់ឆ្លង គ.ជ.ប ពិនិត្យ និងសម្រេចជាគោលការណ៍ បន្ទាប់មកបានបញ្ជូនទៅភាគីពាក់ព័ន្ធទាំងអស់ ជួយពិនិត្យនិងផ្ដល់អនុសាសន៍កែលម្អជាលាយលក្ខណ៍អក្សរ។

កិច្ចប្រជុំពិគ្រោះយោបល់រយៈពេលពេញមួយព្រឹកនេះ មានការពិភាក្សាការលើកជាសំណួរ និងការបំភ្លឺ ការពន្យល់ ឬ/និងការបកស្រាយពីគណៈកម្មការសម្របសម្រួលដឹកនាំកិច្ចប្រជុំ និងភាគីពាក់ព័ន្ធយ៉ាងផុលផុស។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង ប.ន.ឃ.សនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការផ្ដួចផ្ដើមរៀបចំកែសម្រួលសេចក្តីព្រាងបទបញ្ជានិងនីតិវិធីនេះ មុននឹងបញ្ជូនសេចក្តីព្រាងនេះទៅភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយពិនិត្យ និងផ្តល់យោបល់បន្ថែម។

ទន្ទឹមនឹងនេះ អគ្គលេខាធិការ គ.ជ.ប ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ រួមមានក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ដែលបានពិនិត្យ និងផ្តល់យោបល់ជាលាយលក្ខណ៍អក្សរត្រឡប់មក គ.ជ.ប វិញ ហើយការចូលរួមរបស់ភាគីពាក់ព័ន្ធគឺបង្ហាញពីតម្លាភាព សុក្រឹតភាព និងគុណភាពក្នុងការរៀបចំសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះឱ្យកាន់តែល្អប្រសើរឡើង។

លោក ទេព នីថា បានគូសបញ្ជាក់ថា បើទោះបីជារាល់មតិយោបល់ដែលភាគីពាក់ព័ន្ធបានលើកឡើង ត្រូវបានគណៈកម្មការសម្របសម្រួលធ្វើការបំភ្លឺ ពន្យល់ ឬ/និងបកស្រាយជូនក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួនរួចហើ យ យ៉ាងណាក្តី អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងធ្វើការបូកសរុបរាល់មតិយោបល់ដែលបានលើកឡើងបន្ថែមនៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ដើម្បីដាក់ជូន គ.ជ.បពិនិត្យ និងសម្រេចចុងក្រោយក្នុងពេ ល ដ៏ឆាប់ខាងមុខ។

មុនប្រកាសបិទកិច្ចប្រជុំនេះ លោក ទេព នីថា បានបង្ហាញជំនឿយ៉ាងមុតមាំថា រាល់មតិយោបល់របស់ភាគីពាក់ព័ន្ធ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ គ.ជ.ប យកទៅពិនិត្យ សិក្សា និងពិចារណាបន្ថែម ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន មុននឹងសម្រេចដាក់ឱ្យប្រើជាផ្លូវការ។

សូមបញ្ជាក់ជូនថា ប.ន.ឃ.ស នេះគឺសម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២ ៧ និងអាណត្តិបន្តបន្ទាប់នៃក្រុមប្រឹក្សាឃុំ សង្កាត់តទៅ៕