* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បច្ចុប្បន្នអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍មានជាង៣.៤លាននាក់! រដ្ឋមន្ត្រី ហួត ហាក់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំនាញវិជ្ជាជីវៈ និងគុណភាពសេវាកម្មទេសចរណ៍

03-09-2026 09:45

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត លោកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ក្នុងនីតិកាលកន្លងទៅ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី បានរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ខណៈការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក៏មានការរីកចម្រើនជាបន្តបន្ទាប់។

លោកបានបន្តថា ការរក្សាបាននូវសុខដុមរមនាក្នុងសង្គមកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលសម្តេចតេជោ ហ៊ុន សែន តែងតែចាត់ទុកថា «ជាមាសបៃតង»

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។

លោកបានបន្តថា វិស័យទេសចរណ៍ក៏បានជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ និងចូលរួមដល់ការអភិរក្សវប្បធម៌ ព្រមទាំងថែរក្សា និងការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវអត្ថប្រយោជន៍មួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការដាក់ចេញនូវអត្ថប្រយោជន៍ទាំងនេះ គឺដោយរាជរដ្ឋាភិបាលបានយល់ដឹងពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់ប្រជាពលរដ្ឋក្នុងការទប់ទល់នឹងវិបត្តិ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មានចំនួនសរុប ៤៩៦,៨០៥នាក់។ អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេសកម្ពុជាមានចំនួន ៦,២០០,០០០នាក់ ខណៈក្រុមការងារចុះមូលដ្ឋានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៩,៥០០នាក់ និងមុខសញ្ញាដែលត្រូវកសាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ៥,៧០៣,១៩៥នាក់។

លោកបណ្ឌិតបានបន្តថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍មានចំនួន ៣,៤១០,០០០នាក់ ខណៈក្រុមការងារចុះមូលដ្ឋានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍មានចំនួន ២,៥០០នាក់។ ចំពោះការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស មានចំនួន ២៣៣,៤៤០នាក់ និងមុខសញ្ញាដែលត្រូវកសាងមានចំនួន ៣,១៧៦,៥៦០នាក់។

លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានបន្តដំណើរការដឹកនាំប្រទេសក្រោមម្លប់សន្តិភាព និងថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ជាពិសេស រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយបង្កលក្ខណៈឱ្យអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពចូលរួម និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់នៅទូទាំងប្រទេស។

លោក ឌី រ៉ាដូ បានលើកឡើងថា សម្រាប់ខេត្តសៀមរាប ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ គឺជាកិច្ចការអាទិភាពមួយ ពីព្រោះសៀមរាបមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅដែលមានកេរដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រល្បីល្បាញលើពិភពលោក។

លោកបានបន្តថា ដើម្បីរក្សា និងលើកកម្ពស់ភាពទាក់ទាញរបស់សៀមរាប ត្រូវបន្តអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បង្កើនគុណភាពសេវាកម្ម ពង្រឹងជំនាញអ្នកបម្រើការងារ និងធានានូវអនាម័យ សុវត្ថិភាព តម្លៃសមរម្យ និងការទទួលភ្ញៀវប្រកបដោយភាពរួសរាយរាក់ទាក់។

ក្នុងឱកាសនោះ លោក ឌី រ៉ាដូ អំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ និងប្រជាពលរដ្ឋដែលប្រកបមុខរបរក្រៅប្រព័ន្ធទាំងអស់ ឱ្យចាត់ទុកគុណភាពសេវាកម្ម និងជំនាញវិជ្ជាជីវៈជាមូលដ្ឋានសម្រាប់ការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។ ព្រោះក្នុងវិស័យទេសចរណ៍ ការពេញចិត្តរបស់ភ្ញៀវ គឺជាកត្តាសំខាន់ដែលកំណត់កេរ្តិ៍ឈ្មោះ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍៕