ជនជាតិឥណ្ឌូនេស៊ីជាង៤០០នាក់ ដែលរក្សាទុកនៅកន្លែងស្នាក់នៅ (Cargo) ព្រលានយន្តហោះពោធិ៍ចិនតុង ស្នើសុំជួយពីរដ្ឋាភិបាលខ្លួន ដើម្បីឆាប់បានវិលទៅប្រទេសកំណើត
04-09-2026 12:54
(ភ្នំពេញ)៖ ជនជាតិឥណ្ឌូនេស៊ីប្រមាណជាង៤០០នាក់ ក្នុងនោះស្រីចំនួន ៤៨នាក់ បាននិងកំពុងរក្សាទុកនៅកន្លែងស្នាក់នៅ (Cargo) ព្រលានយន្តហោះពោធិ៍ចិនតុង ហើយមួយចំនួនស្នាក់នៅរយៈពេលយូរ គឺដោយរង់ចាំឯកសារធ្វើដំណើរពីស្ថានទូត និងមួយចំនួនខ្វះលទ្ធភាពទិញសំបុត្រយន្តហោះត្រឡប់ទៅវិញ។
ភាគច្រើននៃជនជាតិឥណ្ឌូនេស៊ីទាំងនោះ គឺល្មើសច្បាប់អន្តោប្រវេសន៍កម្ពុជា ដោយស្នាក់នៅធ្វើការខុសច្បាប់ និងស្នាក់នៅលើសទិដ្ឋាការកំណត់ កន្លងទៅ។ ឥណ្ឌូនេស៊ី ទាំងអស់នោះ បានទទូចស្នើសុំទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ជាពិសេស ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ជួយអន្តរាគមន៍ ដើម្បីឱ្យពួកគេឆាប់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
យោងតាមប្រភព ឥណ្ឌូនេស៊ី ទាំង៤៧៥ខាងលើនេះ បានធ្វើដំណើរចូលមកកម្ពុជា និងបានចូលធ្វើការងារដោយខុសច្បាប់ពាក់ព័ន្ធ Online Scams។ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបោសសំអាត Online Scams កន្លងទៅ ជនជាតិឥណ្ឌូនេស៊ី ទាំងអស់នោះ បានរត់ចាកចេញពីកន្លែងធ្វើការដោយខ្លួនឯង ឆ្ពោះសំដៅទៅស្ថានទូតឥណ្ឌូនេស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីជួយពួកគេ។ តែក្រោយមកពួកគេ ត្រូវបានបញ្ជូនមកកាន់នៅកន្លែងស្នាក់នៅ (cargo) ព្រលានយន្តហោះពោធិ៍ចិនតុងរបស់កម្ពុជា ហើយភាគច្រើន គឺគ្មានលិខិតឆ្លងដែននោះទេ។
ជនជាតិឥណ្ឌូនេស៊ី ទាំងអស់នោះ បានត្អូញត្អែរពីភាពលំបាករបស់ពួកគេ និងបានទទូចស្នើសុំទៅកាន់រដ្ឋាភិបាល ជាពិសេស ស្ថានទូតឥណ្ឌូនេស៊ី ជួយអន្តរាគមន៍ ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
បើតាមប្រភពបានឱ្យដឹងថា កន្លងទៅស្ថានទូតឥណ្ឌូនេស៊ី បានចូលរួមជួយសម្រួលម្ហូបអាហារ និងលិខិតសុំបើកផ្លូវជួយដល់ជនជាតិខ្លួន តែចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ស្ថានទូតបានបញ្ចប់ការផ្តល់ជំនួយគាំទ្រក្រោមហេតុផលថា ស្ថានទូតអស់ថវិកាគាំទ្រ។ ក្នុងករណីរដ្ឋាភិបាល ប្រទេសឥណ្ឌនេស៊ី ជួយដល់ពួកគេតាមរយៈសម្រួលធ្វើ លិខិតបើកផ្លូវទិញសំបុត្រយន្ត នោះពួកគេនឹងឆាប់បានទៅប្រទេសកំណើតវិញយ៉ាងឆាប់រហ័ស៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/296920








