* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់

04-09-2026 21:02

(វ៉ាស៊ីនតោន)៖ ចិនគឺជាដៃគូដ៏ធំបំផុតមួយរបស់អ៉ីរ៉ង់ ហើយជាមួយអំណាចសេដ្ឋកិច្ច ប៉េកាំងអាចជួយឱ្យតេហេរ៉ង់ទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកបានមួយចំណែកដែរ។ ប៉ុន្តែបើទោះជាចិនជំទាស់នឹងការដាក់សម្ពាធថ្មីចុងក្រោយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ ក៏មានអ្នកជំនាញតិចតួចប៉ុណ្ណោះដែលយល់ថាចិនអាចនឹងបង្កើនការគាំទ្រហួសពីទំនាក់ទំនងសេដ្ឋកិច្ចដើម្បីការពារអ៉ីរ៉ង់។ ទំនាក់ទំនងរបស់ប៉េកាំងជាមួយតេហេរ៉ង់ត្រូវបានគេមើលឃើញថាមានលក្ខណៈជាការរក្សាតុល្យភាពទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។

ក្នុងន័យនេះក្រុមអ្នកជំនាញជឿថាចិននឹងមិនផ្ដល់ការគាំទ្រពេញទំហឹងចំពោះអ៉ីរ៉ង់ រហូតដល់មិនគិតពីផលប្រយោជន៍របស់ខ្លួនជាមួយបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ឬក៏ជាមួយសហរដ្ឋអាមេរិកនោះឡើយ។ «ដោយគិតគូរពីផលប្រយោជន៍ធំ ចិនអាចគ្រាន់តែធ្វើសកម្មភាពយ៉ាងសកម្មដើម្បីបន្ធូរបន្ថយជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់តែប៉ុណ្ណោះដោយមិនអាច ហើយនឹងមិនចូលរួមដោយផ្ទាល់ក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក ដើម្បីតែការពារអ៉ីរ៉ង់នោះទេ»។ នេះបើតាមលោក Hongda Fan ជានាយកមជ្ឈមណ្ឌលចិន និងតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ Shaoxing University ក្នុងប្រទេសចិន។

*​ វោហាសាស្ត្រ និងការអនុវត្តជាក់ស្ដែង
បើទោះជាប៉េកាំង និងតេហេរ៉ង់បានពង្រឹងទំនាក់ទំនងកាន់តែស្និទ្ធក៏ពិតមែន តែទំនាក់ទំនងរវាងប្រទេសទាំង២ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះនៅតែត្រូវបានខណ្ឌចែករវាង «វោហាសាស្ត្រ និងការអនុវត្តជាក់ស្ដែង»។ តួយ៉ាង ខណៈចិនបានសន្យាវិនិយោគទឹកប្រាក់ ៤០០ពាន់លានដុល្លារនៅក្នុងប្រទេសអ៉ីរ៉ង់សម្រាប់រយៈពេល ២៥ឆ្នាំជាផ្នែកមួយកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០២១ មានគម្រោងតិចតួចប៉ុណ្ណោះត្រូវបានអនុវត្តតាមការសន្យា នៅក្នុងអ្វីដែលក្រុមអ្នកជំនាញនិយាយថាក្រុមហ៊ុនចិននៅតែមានការស្ទាក់ស្ទើរក្នុងការវិនិយោគដោយសារតែទណ្ឌកម្មអាមេរិក និងប្រព័ន្ធការិយាល័យធិបតេយ្យមិនច្បាស់លាស់របស់អ៉ីរ៉ង់ខ្លួនឯង។

កាលពីឆ្នាំ២០២៣ អតីតអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៉ីរ៉ង់ លោក Ali Fekri បានត្អូញត្អែរថាលោកមិនសប្បាយចិត្តទេចំពោះកម្រិតនៃការវិនិយោគរបស់ចិន​ចាប់តាំងពីការចុះកិច្ចព្រមព្រៀង ដោយនិយាយថាកម្រិតវិនិយោគរបស់ចិនជាក់ស្ដែងមានត្រឹមតែ ១៨៥ពាន់លានដុល្លារប៉ុណ្ណោះ។ «ក្រុមអ្នកជំនាញអ៉ីរ៉ង់ជាញឹកញាប់តែងតែបន្ទោសថាមកពីរដ្ឋាភិបាលអ៉ីរ៉ង់ខ្លួនឯង មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកវិនិយោគចិន ឬក៏មិនអាចជំរុញឱ្យបណ្ដាក្រុមហ៊ុនចិនចែករំលែកបច្ចេកវិទ្យាបន្ថែម»។ នេះជាការលើកឡើងរបស់លោក Andrea Ghiselli ជាប្រធានក្រុមអ្នកស្រាវជ្រាវមកពីគម្រោង ChinaMed Project។ លោកបន្ថែមថា ទោះជាយ៉ាងណា ការពិតជាក់ស្ដែង នោះគឺគ្មានតម្រុយណាមួយបង្ហាញថាបណ្ដាក្រុមហ៊ុនចិនសុខចិត្តបោះបង់ចោលទំនាក់ទំនងរបស់ពួកគេជាមួយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីតែពង្រីកមុខជំនួញរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ង់ឡើយ។ អ្នកជំនាញរូបនេះពន្យល់ទៀតថាវាជារឿងងាយស្រួលសម្រាប់ក្រុមហ៊ុនចិនក្នុងការវិនិយោគ និងស្វែងរក ផលចំណេញពីការធ្វើពាណិជ្ជកម្មនៅកន្លែងផ្សេង ហើយម្យ៉ាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធធនាគារក្នុងស្រុកខ្លួនរបស់អ៉ីរ៉ង់ក៏ជាឧបសគ្គមួយផងដែរ។

បន្ថែមពីលើនេះ លោក Mordechai Chaziza ជាអ្នកជំនាញម្នាក់ស្ដីពីគោលនយោបាយមជ្ឈិមបូព៌ារបស់ចិន និងសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Ashkelon Academic College ក្នុងប្រទេសអ៉ីស្រាអែល បានកត់សម្គាល់ថាសម្រាប់ចិន អ៉ីរ៉ង់ជាដៃគូដ៏មានតម្លៃ ប៉ុន្តែក្នុងវិស័យជាច្រើនចិនមានដៃគូផ្សេងទៀតដែលអាចជំនួសអ៉ីរ៉ង់បាន។ តែអ៉ីរ៉ង់ទៅវិញទេដែលពិបាករកដៃគូផ្សេងមកជំនួសចិន។ តាមអ្នកជំនាញរូបនេះ ប្រេងអ៉ីរ៉ង់ពិតជាមានសារៈសំខាន់ចំពោះចិន តែប៉េកាំងនៅតែមានមធ្យោបាយផ្សេងដើម្បីទិញ ឬទទួលបានការផ្គត់ផ្គង់ប្រេងពីបណ្ដាប្រទេសដទៃដូចជាអារ៉ាប៊ីសាអូឌីត រុស្ស៉ី អ៉ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម និងប្រទេសជាដៃគូជាច្រើនទៀត។ ម្យ៉ាងវិញទៀត ជាការពិតណាស់ អ៉ីរ៉ង់អាចផ្ដល់ឱ្យចិននូវទម្ងន់ភូមិសាស្ត្រនយោបាយ តែព្រមពេលជាមួយគ្នាចិនក៏មានទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅទូទាំងតំបន់មជ្ឈិមបូព៌ាផងដែរ។ អ៉ីរ៉ង់គាំទ្ររបៀបវារៈពហុប៉ូលរបស់ចិន តែប្រទេសជាច្រើនទៀតក៏គាំទ្ររបៀបវារៈនេះដែរ។ លោក Chaziza បានបន្ថែមថាការគាំទ្រខ្លាំងពេករបស់ចិនចំពោះអ៉ីរ៉ង់ មិនមែនមិនប្រឈមនឹងហានិភ័យនោះទេ។ ពោលគឺវាអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនក្នុងទំនាក់ទំនងជាបណ្ដាប្រទេសអារ៉ាប់ភាគច្រើនដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដែលមើលឃើញថាអ៉ីរ៉ង់ជាសត្រូវ។

អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដៃគូថាមពល និងពាណិជ្ជកម្មដ៏ធំរបស់ចិន។ ដូច្នេះលោក Chaziza យល់ថាស្ថិរភាពក្នុងតំបន់ឈូងសមុទ្រពែក្សពិតជាមានសារៈសំខាន់សម្រាប់ចិន ដ្បិតចិនទទួលបានការផ្គត់ផ្គត់ជិតពាក់កណ្ដាលនៃប្រេងឆៅដែលខ្លួននាំចូលពីតំបន់មជ្ឈិមបូព៌ា។ ឬអាចនិយាយម្យ៉ាងទៀតបានថា ជាលទ្ធផលដ៏ល្អមួយសម្រាប់ប៉េកាំង លោក Chaziza បាននិយាយថានោះគឺចិនចង់ឃើញអ៉ីរ៉ង់មានស្ថិរភាព អធិបតេយ្យ និងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយអន្តរជាតិ ហើយមិនស្ថិតក្នុងប្លុកលោកខាងលិច។ ប៉ុន្តែចិនមិនចង់ឃើញអ៉ីរ៉ង់ប្រឈមមុខខ្លាំងពេកជាមួយវ៉ាស៊ីនតោន អ៉ីស្រាអែល ឬប្រទេសអារ៉ាប់ក្នុងតំបន់ រហូតដល់ថ្នាក់បង្ខំឱ្យចិនត្រូវជ្រើសរើសឈរនៅខាងភាគីណាមួយនោះទេ។ និយាយជារួម ចិនសម្លឹងឃើញអ៉ីរ៉ង់ជា «អតិថិជន ជាជាងជាសម្ព័ន្ធមិត្តមួយរបស់ខ្លួន»៕