បណ្ឌិត ញិល រដ្ឋា៖ ជម្លោះប្រវត្តិសាស្ត្រកោះម៉ាល់វីណាស (ហ្វលក្លិនដ៍) និងបម្រែបម្រួលអំណាចសកលក្នុងសតវត្សរ៍ទី២១
06-09-2026 12:05
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា នៅពីក្រោយជំនួបរវាងក្រុមជម្រើសជាតិ អាហ្សង់ទីន និងអង់គ្លេស ក្នុងពិភពបាល់ទាត់សកល ដែលពោរពេញដោយកម្ដៅ និងការប្រកួតប្រជែងយ៉ាងតឹងរ៉ឹងបំផុតនោះ គឺមាន «ឬសគល់នៃសត្រូវបាល់ទាត់» ដ៏ជ្រាលជ្រៅមួយដែលស្តែងចេញពីសង្គ្រាម ដំបៅចិត្តប្រវត្តិសាស្ត្រ និងការទាមទារអធិបតេយ្យភាពលើប្រជុំកោះម៉ាល់វីណាស (Malvinas) ឬកោះហ្វលក្លិនដ៍ (Falkland Islands)។
បើតាមលោកបណ្ឌិត ញិល រដ្ឋា ជម្លោះអធិបតេយ្យភាពលើប្រជុំកោះម៉ាល់វីណាស រវាងសាធារណរដ្ឋអាហ្សង់ទីន និងចក្រភពអង់គ្លេស មិនត្រឹមតែជាសំណល់នៃប្រវត្តិសាស្ត្រអាណានិគមនិយមប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាចំណុចក្តៅនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកលឡើងវិញនាពេលបច្ចុប្បន្ន។ ការរុករកឃើញប្រភពថាមពលប្រេងកាតយ៉ាងសន្ធឹកសន្ធាប់ និងការប្រែប្រួលជញ្ជីងអំណាចរវាងមហាអំណាចធំៗ បានធ្វើឱ្យជម្លោះដែនកោះនៅអាត្លង់ទិកខាងត្បូងមួយនេះ ផ្ទុះឡើងជាថ្មីជាមួយនឹងទម្ងន់នយោបាយកាន់តែធ្ងន់ធ្ងរ។
១. លំនាំដើម និងប្រវត្តិជម្លោះ
ឬសគល់នៃជម្លោះអធិបតេយ្យភាពលើប្រជុំកោះនេះ មានប្រវត្តិស្មុគស្មាញតាំងពីសតវត្សរ៍ទី១៨។ ប្រជុំកោះនេះត្រូវបានរកឃើញ និងគ្រប់គ្រងផ្លាស់ប្តូរដៃគ្នារវាងបារាំង អេស្ប៉ាញ និងអង់គ្លេស។ នៅឆ្នាំ១៨១៦ នៅពេលអាហ្សង់ទីនទទួលបានឯករាជ្យពីអេស្ប៉ាញ ប៊ូអេណូសអែរបានទាមទារសិទ្ធិគ្រប់គ្រងកោះនេះបន្តពីអេស្ប៉ាញ តាមគោលការណ៍ច្បាប់អន្តរជាតិ Uti Possidetis Juris។
ទោះជាយ៉ាងណា នៅឆ្នាំ១៨៣៣ ចក្រភពអង់គ្លេសបានប្រើប្រាស់កម្លាំងយោធាចូលកាន់កាប់ប្រជុំកោះនេះ ហើយបានបណ្តេញរដ្ឋបាលអាហ្សង់ទីនចេញ ដោយបង្កើតជាដែនដីឯកភូមិភាគក្រៅប្រទេសរបស់ខ្លួនរហូតមក។
ចំណុចកំពូលនៃជម្លោះយោធាបានកើតឡើងនៅឆ្នាំ១៩៨២ នៅពេលដែលរបបយោធាអាហ្សង់ទីនក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ Leopoldo Galtieri បានបើកប្រតិបត្តិការយោធាចូលកាន់កាប់កោះនេះឡើងវិញ។ សង្គ្រាមកោះហ្វលក្លិនដ៍ដែលមានរយៈពេល ៧៤ថ្ងៃ បានបញ្ចប់ទៅដោយជ័យជម្នះរបស់ចក្រភពអង់គ្លេស ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Margaret Thatcher។ សង្គ្រាមនេះបានបន្សល់ទុកនូវការបាត់បង់ជីវិតទាហានអាហ្សង់ទីន ៦៤៩នាក់ ទាហានអង់គ្លេស ២៥៥នាក់ និងប្រជាជននៅលើកោះ ៣នាក់។
ទោះបីជាត្រូវទទួលបរាជ័យផ្នែកយោធាក៏ដោយ រដ្ឋធម្មនុញ្ញអាហ្សង់ទីនឆ្នាំ១៩៩៤ នៅតែចារឹកជាផ្លូវការថា កោះម៉ាល់វីណាសគឺជាភាគដែនដីដែលមិនអាចកាត់ផ្តាច់បានរបស់ខ្លួន ហើយប្តេជ្ញាទាមទារយកមកវិញតាមផ្លូវការទូត និងច្បាប់អន្តរជាតិ។
២. សេដ្ឋកិច្ច ប្រជាសាស្ត្រ និងភាសា
ទិដ្ឋភាពសង្គម-សេដ្ឋកិច្ចនៅលើប្រជុំកោះ បានក្លាយជាអាវុធការទូតដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេសក្នុងការប្រឆាំងនឹងការទាមទាររបស់អាហ្សង់ទីន៖
* ប្រជាសាស្ត្រ និងភាសា៖
- ប្រជាជនរស់នៅលើកោះដែលមានចំនួនប្រមាណ ៣.៦៦៨នាក់ (ភាគច្រើនជានិវេសនជនដែលមានដើមកំណើតពីចក្រភពអង់គ្លេស) ប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការ និងមានវប្បធម៌រស់នៅបែបអង់គ្លេសទាំងស្រុង។
នៅក្នុងការបោះឆ្នោតប្រជាមតិឆ្នាំ២០១៣ ប្រជាជននៅលើកោះរហូតដល់ ៩៩.៨% បានបោះឆ្នោតគាំទ្រក្នុងការបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ អង់គ្លេសបានយកលទ្ធផលនេះមកធ្វើជាមូលដ្ឋានច្បាប់អន្តរជាតិ ស្តីពី «សិទ្ធិស្វ័យសម្រេចរបស់ប្រជាជន» (Right to Self-Determination) ដើម្បីការពារវត្តមានរបស់ខ្លួន។
- បរិបទសេដ្ឋកិច្ច និងប្រេងកាត៖ កាលពីមុន សេដ្ឋកិច្ចកោះនេះពឹងផ្អែកលើការចិញ្ចឹមសត្វកាត់រោមចៀម និងអាជ្ញាប័ណ្ណនេសាទប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពបានប្រែប្រួលយ៉ាងខ្លាំងបន្ទាប់ពីការរកឃើញប្រភពប្រេងកាតនៅក្នុងគម្រោង Sea Lion ដែនទឹកជុំវិញកោះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងមានប្រេងបម្រុងរហូតដល់ ១,៧ប៊ីលានបារ៉ែល (1.7 billion barrels)។
ការអភិវឌ្ឍវិស័យថាមពលនេះដឹកនាំដោយក្រុមហ៊ុន Rockhopper Exploration (អង់គ្លេស) និង Navitas Petroleum (អ៊ីស្រាអែល) ដែលអាចប្រែក្លាយកោះនេះឱ្យទៅជាមជ្ឈមណ្ឌលថាមពលដ៏មានឥទ្ធិពលមួយនៅតំបន់អាត្លង់ទិកខាងត្បូង។
៣. ចេតនា និងតួនាទីអាមេរិកចិន និងរុស្ស៊ីជុំវិញវិបត្តិ ម៉ាល់វីណាស
ការកើនឡើងកម្ដៅជាថ្មីនៃជម្លោះនេះ ត្រូវបានជំរុញដោយកត្តាយុទ្ធសាស្ត្រ និងការគណនានយោបាយយ៉ាងប្រុងប្រយ័ត្នពីភាគីពាក់ព័ន្ធ មូលហេតុ និងចេតនា របស់អាហ្សង់ទីន៖ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Javier Milei រដ្ឋបាលប៊ូអេណូសអែរបានអនុវត្តយុទ្ធសាស្ត្រវាយប្រហារផ្នែកច្បាប់ និងសេដ្ឋកិច្ច ដោយប្រកាសដាក់ទណ្ឌកម្មផ្លូវការលើបុគ្គល និងក្រុមហ៊ុនបរទេសចំនួន ៤៥ ដែលចូលរួមក្នុងសកម្មភាពរុករកប្រេងកាតដោយគ្មានការអនុញ្ញាត។
* ចេតនាចម្បងរបស់អាហ្សង់ទីនរួមមាន៖
- ការទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិ៖ បង្កើតហានិភ័យផ្លូវច្បាប់ និងហិរញ្ញវត្ថុ (Risk Premium) ដល់ក្រុមហ៊ុនបរទេស ដើម្បីរារាំងអង់គ្លេសមិនឱ្យទាញយកផលប្រយោជន៍ប្រេងកាតដោយឯកតោភាគី។
- នយោបាយផ្ទៃក្នុង៖ ការប្រើប្រាស់ប្រធានបទ «ម៉ាល់វីណាស» ដែលជាចំណុចរួមជាតិ និងជាមនោសញ្ចេតនាជាតិនិយមដ៏ស្រួចស្រាវ ដើម្បីបង្វែរអារម្មណ៍សាធារណជនពីវិបត្តិសេដ្ឋកិច្ច និងគោលនយោបាយកាត់បន្ថយចំណាយរដ្ឋដ៏តឹងរ៉ឹង (Shock Therapy)។
* តួនាទី និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកស្ថិតនៅក្នុងតួនាទីយ៉ាងស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ៖
- សម្ព័ន្ធមិត្តប្រពៃណី និងអាកប្បកិរិយាយុទ្ធសាស្ត្រ៖ ជាប្រវត្តិសាស្ត្រ អាមេរិកតែងតែរក្សាជំហរអព្យាក្រឹតជាផ្លូវការ ប៉ុន្តែបានផ្តល់ការគាំទ្រផ្នែកចារកម្ម និងឡូជីស្ទិកដល់អង់គ្លេសក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៨២។
- កត្តាប្រែប្រួលក្នុងអាណត្តិថ្មី (Trump Dynamic)៖ ការលេចឡើងនូវសញ្ញានៃការកែប្រែជំហរការបរទេសរបស់អាមេរិក ក្រោមការប្រកាសអាសន្ន ឬការព្រមានគៀបសង្កត់លើអង់គ្លេសជុំវិញសំណុំរឿងនយោបាយការបរទេសសកល (ដូចជាវិបត្តិអ៊ីរ៉ង់) បានបង្កើតឱកាសមាសសម្រាប់អាហ្សង់ទីន។
ការដែលលោក Milei កសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Donald Trump បានធ្វើឱ្យអាហ្សង់ទីនសង្ឃឹមថា អាមេរិកអាចនឹងកាត់បន្ថយការគាំទ្រលើអង់គ្លេស ឬសម្ពាធឱ្យមានការចរចាឡើងវិញ ដែលជាការផ្លាស់ប្តូរជញ្ជីងអំណាចការទូតដ៏ធំមួយនៅតំបន់អាមេរិកឡាទីន។
* តួនាទី និងអាកប្បកិរិយារបស់ប្រទេសចិន (China)
ចិនបានក្លាយជាអ្នកគាំទ្រផ្នែកការទូតដ៏រឹងមាំបំផុតមួយរបស់អាហ្សង់ទីនលើអធិបតេយ្យភាពកោះ ម៉ាល់វីណាស៖
- ការគាំទ្រនៅអង្គការសហប្រជាជាតិ (UN)៖ ចិនតែងតែប្រកាសជាផ្លូវការនៅចំពោះមុខមហាសន្និបាត UN ដោយគាំទ្រយ៉ាងពេញទំហឹងលើការទាមទាររបស់អាហ្សង់ទីន និងអំពាវនាវឱ្យលុបបំបាត់អាណានិគមនិយមរបស់អង់គ្លេស។
- យុទ្ធសាស្ត្រសងសឹកការទូត៖ ចិនប្រើប្រាស់សំណុំរឿង ម៉ាល់វីណាស ដើម្បីវាយបកទៅលើចក្រភពអង់គ្លេសវិញ រាល់ពេលដែលអង់គ្លេសរិះគន់ចិនលើបញ្ហាហុងកុង តៃវ៉ាន់ ឬសិទ្ធិមនុស្សនៅស៊ីនជាំង។
* តួនាទី និងអាកប្បកិរិយារបស់ប្រទេសរុស្ស៊ី (Russia)
រុស្ស៊ីមើលឃើញវិបត្តិ ម៉ាល់វីណាស ជាឱកាសមាសក្នុងការបំបែកបំបាក់ភាពផ្ទុយគ្នារបស់លោកខាងលិច៖
- ការវាយប្រហារលើស្តង់ដារពីរ (Double Standards)៖ ក្រុងម៉ូស្គូបានលើកឡើងថា ប្រសិនបើអង់គ្លេស និងលោកខាងលិចទទូចលើ «សិទ្ធិស្វ័យសម្រេច»របស់ប្រជាជនកោះ ម៉ាល់វីណាស នោះពួកគេក៏ត្រូវតែទទួលស្គាល់ការបោះឆ្នោតប្រជាមតិនៅតំបន់គ្រីមៀ (Crimea) ឬដុនបាស (Donbass) ដែលចង់ចូលរួមជាមួយរុស្ស៊ីដូចគ្នា។
- ការគាំទ្រអាហ្សង់ទីនជាដៃគូ BRICS-អាមេរិកឡាទីន៖ សារព័ត៌មានរដ្ឋរុស្ស៊ី (ដូចជា RIA Novosti, RT, REN TV) តែងតែផ្សាយជំរុញឱ្យអាហ្សង់ទីនតស៊ូរំដោះកោះ ម៉ាល់វីណាស ដើម្បីកាត់បន្ថយឥទ្ធិពលរបស់អង្គការ NATO នៅអាត្លង់ទិកខាងត្បូង។
តាមការសន្និដ្ឋានរបស់លោកបណ្ឌិត ញិល រដ្ឋា ជម្លោះលើប្រជុំកោះម៉ាល់វីណាស (ហ្វលក្លិនដ៍) មិនមែនជាជម្លោះដែលត្រូវបានបំភ្លេចចោលក្នុងសៀវភៅប្រវត្តិសាស្ត្រនោះឡើយ ប៉ុន្តែវាបានវិវត្តទៅជាសមរភូមិភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសម័យទំនើប។ ជំហររឹងមាំរបស់ចក្រភពអង់គ្លេសក្នុងការការពារសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកោះ និងការទាញយកប្រេងកាត ត្រូវបានតទល់យ៉ាងកើនឡើងដោយយុទ្ធសាស្ត្រដាក់ទណ្ឌកម្មផ្លូវច្បាប់ និងការទាញយកប្រយោជន៍ពីអាហ្សង់ទីន។
ទោះបីជាសង្គ្រាមយោធាដោយអាវុធប្រឈមមុខគ្នាមិនងាយនឹងកើតឡើងវិញក៏ដោយ ប៉ុន្តែសង្គ្រាមសេដ្ឋកិច្ច ការតស៊ូតាមផ្លូវច្បាប់អន្តរជាតិ និងការប៉ះទង្គិចការទូតជុំវិញធនធានប្រេងកាត ១,៧ប៊ីលានបារ៉ែល នឹងបន្តធ្វើឱ្យតំបន់អាត្លង់ទិកខាងត្បូងស្ថិតក្នុងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត៕





