កម្មវិធីប្រកួតប្រជែងបង្កើតដំណោះស្រាយបច្ចេកវិទ្យា NASA Space Apps Challenge បើកទទួលពាក្យចុះឈ្មោះផ្លូវការនៅក្នុងរាជធានីភ្នំពេញ
06-09-2026 15:37
(ភ្នំពេញ)៖ ការចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតប្រជែងបង្កើតដំណោះស្រាយបច្ចេកវិទ្យាអវកាស“NASA International Space Apps Challenge Phnom Penh 2026” ត្រូវបានបើកទទួលជាផ្លូវការហើយ ដើម្បីនាំយកកម្មវិធី Hackathon ថ្នាក់ពិភពលោកផ្នែកនវានុវត្តន៍អវកាស និងភពផែនដីមកកាន់ប្រទេសកម្ពុជា។
កម្មវិធី Space Apps ដែលត្រូវបានរៀបចំឡើងជាលក្ខណៈសកលដោយអង្គការ NASA បានប្រមូលផ្តុំអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីរួមគ្នាអភិវឌ្ឍ និងបង្កើតដំណោះស្រាយ ដោយផ្អែកលើការប្រើប្រាស់ប្រភពទិន្នន័យចំហ (Open Data) និងធនធានរបស់អង្គការ NASA។ ក្រុមនីមួយៗនឹងត្រូវដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងភពផែនដី អវកាស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសង្គម។
ព្រឹត្តិការណ៍នៅក្នុងរាជធានីភ្នំពេញនេះ ដឹកនាំដោយកញ្ញា ប៉ែន វនាត (Voneat Pen) ដោយមានការគាំទ្រ និងសហការផ្ទាល់ពីក្រុមហ៊ុន Toptimize និងសាលា Tech for Kids Academy ក្នុងនាមជាដៃគូសហការក្នុងស្រុក។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងណែនាំ និងបង្ហាញផ្លូវដល់យុវជន និងអ្នកបង្កើតនវានុវត្តន៍កម្ពុជា ឱ្យបានស្គាល់ពីវិទ្យាសាស្ត្រអវកាស ការសង្កេតមើលភពផែនដី បច្ចេកវិទ្យា និងការដោះស្រាយបញ្ហាផ្សេងៗនៅលើវេទិកាថ្នាក់ពិភពលោក។
ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជា កំពុងស្វែងរក និងពង្រឹងសមត្ថភាពកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងវិស័យបច្ចេកវិទ្យាផ្កាយរណប (Satellite Technology) និងវិស័យអវកាសទាំងមូល។
កញ្ញា ប៉ែន វនាត អ្នកដឹកនាំសម្របសម្រួលផ្ទាល់ (Local Lead) នៃកម្មវិធី NASA Space Apps Challenge Phnom Penh បានលើកឡើងថា៖ «យើងប្រហែលជាមិនទាន់ដឹងថា នរណានឹងក្លាយជាអ្នកបង្កើតប្រព័ន្ធផ្កាយរណបដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែបុគ្គលរូបនោះអាចជាម្នាក់ក្នុងចំណោមយុវជន ដែលយើងកំពុងតែបណ្តុះគំនិត និងជំរុញទឹកចិត្តនាពេលបច្ចុប្បន្ននេះ»។
កញ្ញាបានបន្ថែមទៀតថា៖ «Space Apps គឺជាឱកាសមួយយ៉ាងសំខាន់ក្នុងការបើកបង្ហាញ និងនាំយកកុលបុត្រកុលធីតាកម្ពុជាជំនាន់ថ្មី ឱ្យចូលទៅជិតវិទ្យាសាស្ត្រអវកាស និងលទ្ធភាពដែលពួកគេអាចចូលរួមចំណែកដល់អនាគតរបស់កម្ពុជាក្នុងវិស័យអវកាស»។
ការចូលរួមក្នុងកម្មវិធីនេះ គឺឥតគិតថ្លៃ ហើយបើកទូលាយសម្រាប់សិស្ស-និស្សិត អ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នកច្នៃប្រឌិត (Designer) អ្នកស្រាវជ្រាវ វិស្វករ សហគ្រិន អ្នកតាក់តែងសាច់រឿង (Storyteller) និងអ្នកដែលបំណងចង់ក្លាយជាអ្នកដោះស្រាយបញ្ហាផ្សេងៗ។ បេក្ខជនមិនចាំបាច់មានប្រវត្តិសិក្សា ឬបទពិសោធន៍ខាងផ្នែកអាកាសចរណ៍ ឬវិទ្យាសាស្ត្រអវកាសនោះឡើយ។ ចំពោះបេក្ខជនដែលមានអាយុក្រោម ១៨ ត្រូវតែទទួលបានការយល់ព្រមពីអាណាព្យាបាល ឬឪពុកម្តាយជាមុនសិន។
បេក្ខជនត្រូវបំពេញតាមជំហានសំខាន់ៗចំនួន ២៖
១. ចុះឈ្មោះតាមរយៈគេហទំព័រផ្លូវការរបស់ NASA Space Apps Phnom Penh៖ spaceappschallenge.org/2026/local-events/phnom-penh
២. បំពេញ និងដាក់ពាក្យស្នើសុំតាមទម្រង់ផ្លូវការ Pre-Event Meetup ក្នុងស្រុក៖ forms.gle/USQMqvNY9zguNuY67
បេក្ខជនដែលត្រូវបានជ្រើសរើស (Shortlisted) នឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងជំនួបផ្ទាល់មុខ Pre-Event Meetup នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីរៀបចំផ្នែកបច្ចេកទេស ការផ្គូផ្គងក្រុម និងការជួបពិភាក្សាជាមួយអ្នកតម្រង់ទិស (Mentor) មុនពេលឈានដល់ការប្រកួតប្រជែង Hackathon រយៈពេល ៤៨ ម៉ោងជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕




