នារីស្រស់ស្អាតម្នាក់ ត្រូវជនទុច្ចរិតយករូបទៅក្លែងបន្លំជាអ្នកលក់ទូរស័ព្ទ បោកប្រាស់វីរៈកងទ័ព, នាងអំពាវនាវសមត្ថកិច្ចជួយចាត់វិធានការស្រាវជ្រាវ
06-09-2026 21:26
(ភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ត្រូវបានជនទុច្ចរិតលួចយករូបភាពទៅដាក់តាំងលេី Profile ដោយក្លែងបន្លំជាអ្នកលក់ទូរស័ព្ទ រួចធ្វេីសកម្មភាពបោកប្រាស់វីរៈកងទ័ពម្នាក់។
ម្ចាស់រូបពិតប្រាកដក្រោយឃេីញការចែកចាយអំពីករណីអ្នកលក់ទូរស័ព្ទបោកប្រាស់វីរៈកងទ័ព នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ថា ខ្លួនក៏ជាជនរងគ្រោះដែលត្រូវគេក្លែងបន្លំលួចយករូបទៅប្រេីប្រាស់ដូចគ្នា ហេីយករណីបោកប្រាស់កងទ័ពនោះមិនពាក់ព័ន្ធជាមួយនាងនោះឡេីយ
នាងបានបញ្ជាក់នៅលេីគណនីពិតប្រាកដយ៉ាងដូច្នេះថា «នាងខ្ញុំម្ចាស់រូបពិត សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នាងខ្ញុំត្រូវបានជនឆបោកយករូបភាពទៅប្រេីប្រាស់ក្លែងបន្លំដាក់ Profile រួចទៅធ្វេីសកម្មភាពបោកប្រាស់អ្នកដទៃ ពិសេសបោកប្រាស់វីរៈកងទ័ពម្នាក់ ក្នុងរូបភាពលក់ទូរស័ព្ទ។
នាងខ្ញុំសូមបញ្ជាក់ថា កន្លងទៅនាងខ្ញុំធ្លាប់បានបង្ហោះម្ដងរួចមកហេីយថាមានជនឆបោកលួចយករូបនាងខ្ញុំទៅប្រេីប្រាស់ ហេីយពេលនេះក៏លេចចេញករណីបោកប្រាស់វីរៈកងទ័ពម្នាក់។
ករណីនេះ គឺមិនពាក់ព័ន្ធជាមួយនាងខ្ញុំដែលជាសាមីខ្លួនម្ចាស់រូបនោះទេ។ នាងខ្ញុំសូមអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវ និងតាមស្វែងរកជនឆបោកនោះដេីម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះករណីនេះក៏ប៉ះពាល់ដល់រូបនាងខ្ញុំដែលជាបុគ្គលស្អាតស្អំដូចគ្នា»។
សូមជម្រាបថា ករណីឆបោកតាមប្រព័ន្ធអនឡាញមួយករណីទៀត ត្រូវបានរាយការណ៍មកថា ជនរងគ្រោះជាវីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ បានទិញទូរស័ព្ទដៃតាមអនឡាញ ប៉ុន្តែក្រោយពីបានផ្ទេរប្រាក់ទៅឱ្យអ្នកលក់រួច ស្រាប់តែត្រូវបានប្លុកការទំនាក់ទំនង និងមិនអាចទាក់ទងអ្នកលក់បានទៀត។
តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយរូបគាត់បានឃើញការផ្សព្វផ្សាយលក់ទូរស័ព្ទដៃតាមបណ្ដាញសង្គម ហើយបានទាក់ទងទៅកាន់អ្នកលក់ ដើម្បីសួរព័ត៌មាន និងព្រមព្រៀងទិញ។
បន្ទាប់ពីអ្នកលក់ផ្ដល់ព័ត៌មានសម្រាប់ផ្ទេរប្រាក់ ជនរងគ្រោះក៏បានបាញ់លុយតាមការណែនាំ ប៉ុន្តែអ្វីដែលធ្វើឱ្យជនរងគ្រោះខកចិត្ត និងសង្ស័យថាត្រូវបានឆបោក គឺក្រោយពេលទទួលបានប្រាក់ អ្នកលក់បានប្លុកការទំនាក់ទំនងរបស់គាត់ ហើយបាត់ដំណឹង មិនបានផ្ញើទូរស័ព្ទដៃតាមការសន្យាឡើយ។
ជនរងគ្រោះបានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ដើម្បីស្វែងរកអ្នកប្រព្រឹត្ត និងទប់ស្កាត់ករណីឆបោកតាមអនឡាញ ដែលកំពុងកើតមានជាបន្តបន្ទាប់៕







