មហាឧបាសក អៀង សុធារ៉ា៖ ភាពតានតឹងផ្លូវចិត្ត (ស្ត្រេស) មិនមែនជាជំងឺ ប៉ុន្តែជាការផ្លាស់ប្ដូរបាតុភូតផ្លូវចិត្តនៅពេលមានបញ្ហា (Video inside)
07-09-2026 16:22
(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានថ្លែងបញ្ជាក់ថា បុគ្គលណាក៏មានភាពតានតឹងផ្លូវចិត្ត (ស្ត្រេស) ដែរ គ្រាន់តែមានតិច មានច្រើន មានរយៈពេលវែង ឬខ្លី ហើយភាពតានតឹងនេះ នឹងអាចបាត់ទៅវិញដោយឯកឯង នៅពេលដែលផ្លូវចិត្តយើងល្អប្រសើរឡើងវិញ ជារួមភាពតានតឹងផ្លូវចិត្ត (ស្ត្រេស) មិនមែនជាជំងឺទេ ប៉ុន្តែជាគ្រាន់តែជាការផ្លាស់ប្ដូរនូវបាតុភូតផ្លូវចិត្តរបស់យើងម្នាក់ៗពេលដែលមានបញ្ហា ឬព្រឹត្តិការណ៍ផ្សេងៗ។
មហាឧបាសក អៀង សុធារ៉ា មានប្រសាសន៍យ៉ាងដូច្នេះ ខណៈដែលលោកបានផ្ដល់ទស្សនៈទាន នៅក្នុងកម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹងវិទ្យាសាស្ត្រគណិតវិទ្យា និងធម្មជាតិ ដោយមានអ្នកចូលរួមជាង ៤០នាក់ នៅរមណីយដ្ឋានភូមិសុខារាវី មានរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំឡើងដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងមានការឧបត្ថម្ភដោយ បណ្ណាគារអន្តរជាតិ IBC និងរមណីយដ្ឋានភូមិសុខារាវី។
លោកមហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ទៀតថា មានបុគ្គលខ្លះបានកើតឡើងនូវភាពតានតឹងផ្លូវចិត្តក្នុងរយៈពេលយូរ ក៏វិវឌ្ឍន៍ជាជំងឺថប់បារម្ភ (Anxiety) ឬ ធ្លាក់ទឹកចិត្ត (Depression)ដែរ តែផ្ទុយទៅវិញក៏មានបុគ្គលមួយចំនួនទៀត នៅពេលដែលភាពតានតឹងផ្លូវចិត្តយូរ ផ្លូវចិត្តអត់ល្អបែរមិនចង់ឲ្យនរណានៅជិត ចង់ឲ្យនៅតែម្នាក់ឯង ដោយមិនចង់ជួបនរណាទាំងអស់ ដូចជានិយាយថា ព្យាយាមចេញឲ្យផុតពីពិភពលោក តាមរយៈការសម្លាប់ខ្លួន ឃើញពិភពលោកងងឹតសូន្យឈឹង ទាំងអស់នេះគឺជាជំងឺធ្លាក់ទឹកចិត្ត (Depression)។
មហាឧបាសក អៀង សុធារ៉ា បានបន្តថា ដើម្បីជាប្រយោជន៍កាត់បន្ថយភាពតានតឹងផ្លូវចិត្តនេះ យើងម្នាក់ៗត្រូវប្រឹងព្យាយាមឲ្យអស់ពីសមត្ថភាពប្រកបដោយសីល ប្រកបដោយសមាធិ កុំធ្វើអ្វីដែលផ្ដេសផ្ដាស ត្រូវប្រឹងរៀន ប្រឹងរក កុំឱ្យប៉ះពាល់អ្នកដទៃ ប្រឹងដោយខ្លួនឯង ហើយត្រូវចេះសប្បាយចិត្តនិងអ្វីដែលយើងរកបាន គឺគេហៅថា សន្តោស។ ដូច្នេះយើងត្រូវព្យាយាមនឹងមានសន្តោស នៅក្នុងខ្លួនឱ្យបានច្រើន ទើបយើងអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្តនេះបាន៕
សូមស្តាប់ប្រសាសន៍មហាឧបាសក អៀង សុធារ៉ា ដូចតទៅ៖


























