ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និមន្តចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារចែកជូនដល់វីរកងទ័ព នៅសមរភូមិមុខ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
08-09-2026 15:39
(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នៅសង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បាននិមន្តចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់វីរកងទ័ពជួរមុខ នៃទិសច្រកជុបរុន, ទួល៩៣ និងជាំសាង៉ាំ នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ការចូលរួមរបស់ព្រះសង្ឃ រួម នឹងសប្បុរសជនក្នុងការរៀបចំ ព្រមទាំងនាំយកស្បៀងអាហារចែកជូនដល់វីរកងទ័ព ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ ជាសក្ខីភាពដ៏មានតម្លៃនៃស្មារតីសាមគ្គីភាព នៃការចែករំលែក និងមេត្តាករុណាក្នុងសង្គមខ្មែរ។ ការចូលរួមរបស់ព្រះសង្ឃ នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម រួមទាំងវិស័យព្រះពុទ្ធសាសនា បានរួមចិត្ត និងរួមកម្លាំងគ្នា គាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានបន្តថា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មិនត្រឹមតែជាជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាសារនៃការយកចិត្តទុកដាក់ការគោរព និងការលើកទឹកចិត្តពីព្រះសង្ឃ ព្រមទាំងប្រជាពុទ្ធបរិស័ទដែលជាសប្បុរសជនដែលចូលរួម។ ហើយការចែករំលែក និងការជួយសង្គ្រោះគ្នាក្នុងគ្រាលំបាក ស្របនឹងគុណតម្លៃនៃមេត្តាករុណា និងទានក្នុងព្រះពុទ្ធសាសនា។
ព្រះគ្រូវិចិត្រវង្សា បន្ថែមថា ការនិមន្តសួរសុខទុក្ខដល់វីរកងទ័ពនាពេលនេះ គឺជាការបង្កើនកម្លាំងចិត្ត និងភាពកក់ក្តៅដល់វីរកងទ័ពឲ្យទទួលបានអារម្មណ៍ថា ពួកគាត់មិនឯកោទេ។ ហើយក៏មានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ចាំនៅពីក្រោយផ្តល់ការគាំទ្រដល់វីរកងទ័ពរបស់យើងផងដែរ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បញ្ជាក់ា សកម្មភាពនេះ នឹងអាចជំរុញឱ្យពុទ្ធបរិស័ទ និងសប្បុរសជន ព្រមទាំងសាធារណជនចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការជួយគ្នាទៅវិញទៅមក។ ស្បៀងអាហារទាំងនេះ មិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏កក់ក្តៅ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន។
សូមជម្រាបថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនវីរកងទ័ពជួរមុខ រួមមាន៖ ត្រីឆ្អើចំនួន១០០០ក្រាស់, កាហ្វេកញ្ចប់៣, ទឹកសុទ្ធ១០០០យួរ, បន្លែ២ឡាន, ខ្ទឹម៦០គីឡូក្រាម, ធូបមូស៣កេស និងបារីរួមទាំងថវិកាមួយចំនួនទៀត។ អំណោយទាំងនេះ ក៏មានការចូលរួមចែករំលែកពីសំណាក់ព្រះយសមុនីរង្សីបណ្ឌិត រិតធុយ ស៊ីធីម ជាព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេសចូលរួមផងដែរ៕
























