ពីអតីតកាលធ្លាប់លំបាកក្រីក្រ តែពេលនេះលោក សួស កុសល ជួយបានចូលរួមជួយចាស់ជរា ជនមានពិការភាព គ្រួសារកងទ័ព និងអ្នកខ្វះខាតជាច្រើននាក់
08-09-2026 15:45
(ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់ពីខែសីហា ឆ្នាំ២០២៦ មកដល់បច្ចុប្បន្ន លោក សួស កុសល បានបន្តសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ដោយផ្តល់ជំនួយដល់ចាស់ជរា ជនមានពិការភាព គ្រួសារដែលមានជីវភាពខ្វះខាត ព្រមទាំងគ្រួសារវីរកងទ័ព និងកងទ័ពដែលរងការលំបាក។ សកម្មភាពទាំងនេះត្រូវបានលោក គ្រួច វណ្ណា ភ្នាក់ងារព័ត៌មាន Fresh News ជួយសម្របសម្រួល ដើម្បីស្វែងរក និងនាំជំនួយទៅដល់អ្នក ដែលកំពុងត្រូវការជាក់ស្តែង។
ក្នុងរយៈពេលមិនដល់ពីរខែ សកម្មភាពជួយសង្គមរបស់លោក សួស កុសល បានឈានដល់មនុស្ស និងគ្រួសារជាច្រើនករណី នៅតាមបណ្តាខេត្ត និងរាជធានី ជំនួយមិនមានត្រឹមតែថវិកានោះទេ ប៉ុន្តែរួមមាន៖ អង្ករ មី សម្ភារប្រើប្រាស់ ម៉ូតូសម្រាប់ជនមានពិការភាព ការជួសជុលផ្ទះ និងថវិកាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ក្នុងចំណោមករណីដែលលោកបានចូលរួមជួយ មានដូចជា គ្រួសារវីរកងទ័ពចំនួន១០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២បាវ ថវិកា និងមី ដើម្បីជួយសម្រួលបន្ទុកក្នុងជីវភាពប្រចាំថ្ងៃ។ ក្រៅពីនេះ លោកក៏បានចូលរួមជួយ វីរកងទ័ព ឈឹម សុផា ដែលរងរបួស និងរស់នៅតំបន់សង្កាត់ព្រែកកំពិស ព្រមទាំងចាស់ជរា និងជនមានពិការភាពជាច្រើនរូប ដូចជា លោកយាយ ប៉ា មី អាយុ៨០ឆ្នាំ ពិការភ្នែក, លោកយាយ ចែម យ៉ែន អាយុ៨៩ឆ្នាំ ពិការជើង,ស្តី្រមានជំងឺលាងឈាមឈ្មោះម៉ែន អូន, និងលោកយាយ សរ យ៉ាន អាយុ៨៦ឆ្នាំ. ដែលរស់នៅក្នុងស្ថានភាពខ្វះខាត និងត្រូវការជំនួយជាចាំបាច់។
សម្រាប់លោកយាយ សរ យ៉ាន ក្រៅពីជំនួយស្បៀងអាហារ និងថវិកា ក៏មានការចូលរួម ជួសជុលផ្ទះ ឱ្យមានសុវត្ថិភាព និងសមរម្យជាងមុនផងដែរ។ ករណីនេះបានបង្ហាញថា ជំនួយមនុស្សធម៌មិនចាំបាច់បញ្ចប់ត្រឹមការផ្តល់ អំណោយ មួយលើកនោះទេ ប៉ុន្តែអាចឈានដល់ការជួយដោះស្រាយបញ្ហាដែលជាឫសគល់នៃការលំបាករបស់ពួកគាត់។
ជាមួយគ្នានេះលោក សួស កុសល ក៏បានចូលរួមជួយ ជនមានពិការភាពជើងទាំងពីរ លោក ស៊ឺ ស៊ុត ដែលជាករណីមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកបានជួយផ្តល់ ម៉ូតូកែច្នៃសម្រាប់ជនមានពិការភាព ដើម្បីឱ្យប្អូនអាចមានមធ្យោបាយធ្វើដំណើរ និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានកាន់តែងាយស្រួល។
ជំនួយក៏បានទៅដល់លោកយាយ ស៊ុំ ហៀង អាយុ៧០ឆ្នាំ នៅខេត្តព្រៃវែង, កុមារា នឿន ពេជ្រសារៈ អាយុ១៤ឆ្នាំ នៅខេត្តកំពង់ស្ពឺ និងលោកយាយ ងួន សាលី អាយុ៧៥ឆ្នាំនៅខេត្តស្វាយរៀង ព្រមទាំងគ្រួសារដែលកំពុង ប្រឈមនឹងការខ្វះខាតនៅតាមមូលដ្ឋានផ្សេងៗ។ អំណោយដែលផ្តល់ជូនគ្រួសារខ្វះខាតជាទូទៅ រួមមាន អង្ករ២បាវ ថវិកា២០ម៉ឺនរៀល មី និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ចំពោះគ្រួសារវីរកងទ័ព ក៏ទទួលបានអង្ករ២បាវ ថវិកា និងមី ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺលោក សួស កុសល មិនបានផ្តោតតែលើការផ្តល់ស្បៀងអាហារនោះទេ ប៉ុន្តែបានចូលរួមដោះស្រាយបញ្ហាដែលត្រូវការជំនួយរយៈពេលវែង ដូចជា ការជួសជុលផ្ទះចំនួន២ខ្នង និងការផ្តល់មធ្យោបាយ ធ្វើដំណើរដល់ជនមានពិការភាព «អ្នកដែលធ្លាប់លំបាក ទើបយល់ច្បាស់ពីការលំបាករបស់អ្នកដទៃ» នៅពីក្រោយសកម្មភាពមនុស្សធម៌ទាំងនេះ មិនមែនកើតចេញពីជីវិតដែលធ្លាប់រស់នៅដោយស្រួលនោះទេ លោក សួស កុសល ធ្លាប់ឆ្លងកាត់ជីវិតលំបាក និងក្រីក្រដោយផ្ទាល់ លោកធ្លាប់ «ធ្វើកម្មកររោងចក្រ ច្រូតស្មៅឱ្យគោ ទូលនំដើរលក់ និងរត់ម៉ូតូឌុប ដើម្បីរកប្រាក់ចិញ្ចឹមជីវិត»។
បទពិសោធន៍ពីអតីតកាលនេះ ត្រូវបានលោកយកមកធ្វើជាមូលដ្ឋាននៃការយល់ចិត្តចំពោះអ្នកដែលកំពុងជួបការលំបាក សម្រាប់លោក ការជួយអ្នកដទៃមិនមែនមានន័យថា ខ្លួនត្រូវតែមានទ្រព្យសម្បត្តិច្រើនសិន ទើបអាចធ្វើបាននោះទេ។
ប៉ុន្តែសំខាន់គឺ មានឆន្ទៈ និងបេះដូងចង់ចែករំលែកជំនួយមួយបាវអង្ករ អាចមើលទៅមិនធំសម្រាប់មនុស្សមួយចំនួន ប៉ុន្តែសម្រាប់គ្រួសារដែលកំពុងខ្វះខាត វាអាចជាអាហារសម្រាប់ជីវិតជាច្រើនថ្ងៃ ថវិកា២០ម៉ឺនរៀល អាចមិនមែនជាចំនួនធំ ប៉ុន្តែអាចជួយឱ្យអ្នកចាស់ជរាទិញថ្នាំ ឬដោះស្រាយការចំណាយប្រចាំថ្ងៃ ចំណែកការជួសជុលផ្ទះ ឬផ្តល់ម៉ូតូសម្រាប់ជនមានពិការភាព វាអាចជួយផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកទទួលបានក្នុងរយៈពេលយូរ។
មិនបញ្ចប់ត្រឹមនេះតាមរយៈសកម្មភាពដែលបានធ្វើកន្លងមក លោក សួស កុសល បានបង្ហាញថា ការងារមនុស្សធម៌របស់លោកមិនមែនធ្វើឡើងត្រឹមតែជាការឆ្លើយតបចំពោះករណីមួយៗនោះទេ ប៉ុន្តែមានបំណង បន្តជួយអ្នកខ្វះខាត ចាស់ជរា ជនមានពិការភាព និងគ្រួសារកងទ័ព ដែលមានតម្រូវការជាក់ស្តែង។
នៅទីបញ្ចប់ អ្វីដែលគួរឱ្យចងចាំពីរឿងនេះ មិនមែនស្ថិតនៅលើតម្លៃអំណោយប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើ ទឹកចិត្តរបស់មនុស្សម្នាក់ ដែលធ្លាប់ឆ្លងកាត់ការលំបាក ហើយនៅពេលមានលទ្ធភាព បានជ្រើសរើសយកបទពិសោធន៍ នៃភាពក្រីក្ររបស់ខ្លួន មកធ្វើជាកម្លាំងចិត្តជួយអ្នកដែលកំពុងត្រូវការជំនួយ ពីអ្នកដែលធ្លាប់ទូលនំលក់ រត់ម៉ូតូឌុប និងធ្វើការងារគ្រប់យ៉ាងដើម្បីរស់រាន ទៅជាអ្នកចែករំលែកដល់អ្នកខ្វះខាតនេះគឺជាដំណើរមួយដែលបង្ហាញថា អំពើល្អមិនចាំបាច់ចាប់ផ្តើមពីភាពមានបានទេ ប៉ុន្តែអាចចាប់ផ្តើមពីបេះដូងដែលចេះយល់ពីការលំបាករបស់អ្នកដទៃ៕



































