ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
08-09-2026 17:23
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ទោះបីជាប្រទេសកម្ពុជា ស្ថិតក្នុងបរិការណ៍ដែលហ៊ុមព័ន្ធដោយពហុវិបត្តិក៏ដោយ ការប្រមូលចំណូលថវិការដ្ឋសម្រេចបាន៥២.៧៣% ធៀបនឹងច្បាប់ថវិកា ដែលឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមាន ប្រៀបធៀបនឹងឆ្នាំកន្លងទៅនឹងបង្ហាញពីភាពធនការកៀរគរចំណូល។
នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍ លើវឌ្ឍនភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមការដឹកនាំដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍ ដើម្បីពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាពប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៦ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី៤។
យោងតាមបាយការណ៍វឌ្ឍនភាពនេះ មានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ព្រមទាំងកំណត់វិធានការចាំបាច់ ដើម្បីជំរុញការអនុវត្តផែនការ សកម្មភាព និងលទ្ធផលគន្លឹះ សម្រាប់ត្រីមាសបន្តបន្ទាប់។
វឌ្ឍនភាពគន្លឹះៗ នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានដូចខាងក្រោម ៖
១៖ ភាពជឿទុកចិត្តបាននៃថវិកាក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ បន្តស្ថិតក្នុងគន្លងមួយ ដែលអាចរក្សាបាននូវភាពជឿទុកចិត្ត និងឃើញកាន់តែច្បាស់នៅពេលវាយតម្លៃចុងឆ្នាំ។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ទោះបីជាប្រទេសកម្ពុជា ស្ថិតក្នុងបរិការណ៍ដែលហ៊ុមព័ន្ធដោយពហុវិបត្តិក៏ដោយ ការប្រមូលចំណូលថវិការដ្ឋសម្រេចបាន៥២.៧៣% ធៀបនឹងច្បាប់ថវិកា ដែលឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមាន ប្រៀបធៀបនឹងឆ្នាំកន្លងទៅនឹងបង្ហាញពីភាពធន់នការកៀរគរចំណូល។
ការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ៣៨,៣៤% ធៀបនឹងច្បាប់ថវិកា ដែលការអនុវត្តនេះ បានរងឥទ្ធិភាពពីការអនុវត្តបានទាប នូវចំណាយមូលធន ដែលកើតឡើងដោយសារផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃលើបូរណភាពទឹកដីកម្ពុជា និងការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ គួបផ្សំនឹងកត្តាមួយចំនួនទៀត ទោះជាបែបនេះក្តី, ការអនុវត្តចំណាយ នឹងសម្រេចបានតាមគោលដៅនៅត្រីមាសបន្តបន្ទាប់។
២៖ គណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបានបន្តពង្រឹង តាមរយៈការពង្រីកការអនុវត្តមុខងារស្នូល និងនីតិវិធីគន្លឹះៗ
ទៅកាន់ការដ្ឋានអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ស្របតាមគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី៤ ព្រមទាំងការកែទម្រង់ស្តង់ដាគណនេយ្យសាធារណៈ ដើម្បី
គាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ការអនុវត្តគណនេយ្យមូលដ្ឋានបង្គរនៅឆ្នាំ ២០៣១។
ការណ៍នេះនឹងរួមចំណែកសម្រួលដល់ការគ្រប់គ្រង កត់ត្រា អនុវត្តថវិកា និងរាយការណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ ជាមួយគ្នានេះ,ការគ្រប់គ្រងបំណុលសាធារណៈ ក៏បន្តស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបានយ៉ាងល្អ និងមានចីរភាព ព្រមទាំងការផ្សព្វផ្សាយនូវព្រឹត្តបត្រស្ថិតិបំណុលសាធារណៈ ជាប្រចាំត្រីមាស ដែលរួមចំណែកដល់ការលើកកម្ពស់តម្លាភាព។
៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ត្រូវបានបន្តយកចិត្តទុកដាក់ តាមរយៈការពង្រឹងការរៀបចំឯកសារយុទ្ធសាស្ត្រ ពហុឆ្នាំគន្លឹះៗដែលត្រូវបានរៀបចំពិភាក្សា និងអនុម័តជាប្រចាំ រួមមាន ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) និងក្របខណ្ឌថវិការយៈពេលមធ្យម (MTBF) ព្រមទាំងការវិភាជធនធានឱ្យកាន់តែស្របទៅ នឹងអាទិភាពគោលនយោបាយ និងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការគ្រប់គ្រងវិនិយោគសាធារណៈ កំពុងត្រូវបានពង្រឹង ស្របតាមយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងវិនិយោគសាធារណៈ ទាំងទិដ្ឋភាពគតិយុត្តពាក់ព័ន្ធ និងទិដ្ឋភាពប្រព័ន្ធបច្ចេកវិទ្យា។ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន ត្រូវបានកែលម្អជាបន្តបន្ទាប់ តាមរយៈការពិនិត្យ និងវាយតម្លៃរបស់អង្គភាពទទួលបន្ទុក ដើម្បីធានានូវការឆ្លើយតបជាអតិបរមាទៅនឹងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នសាមី។
៤៖ ការកសាងគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបោះជំហានទៅមុខ និងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ប្រទេសកម្ពុជាបាននឹងកំពុងអនុវត្ត ជាមូលដ្ឋាននូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម តាមរយៈការរៀបចំ និងបញ្ចប់នូវលិខិតបទដ្ឋានគតិយុត្តគន្លឹះៗ ដែលបានកំណត់ក្នុងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃមូលដ្ឋានគតិយុត្តគាំទ្រដល់ការអនុវត្ត ។
បន្ថែមពីនេះគណនេយ្យភាពសមិទ្ធកម្ម ត្រូវបានចាប់ផ្ដើមធ្វើស្ថាប័នីយកម្ម ពោលគឺ គ្រប់ក្រសួង ស្ថាប័នបានរៀបចំផែនការសមិទ្ធកម្មប្រចាំឆ្នាំ ព្រមទាំងអនុវត្តបានពេញលេញនូវកិច្ចព្រមព្រៀងសមិទ្ធកម្មកម្រិតទី១ ដើម្បីធានាគណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ ពីតួអង្គអនុវត្ត។
៥៖ ចីរភាព និងភាពប្រទាក់ក្រឡានៃការកែទម្រង់ ត្រូវបានបន្តពង្រឹង តាមរយៈការបន្តអនុវត្តសារាចររាជរដ្ឋាភិបាល លេខ១៤សរ. ស្តីពីការគ្រប់គ្រងសមិទ្ធកម្ម ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលតួអង្គអនុវត្តទាំងអស់ បានបង្ហាញពីឆន្ទៈ និងភាពជាម្ចាស់ ដោយចូលរួមរៀបចំផែនការសកម្មភាព និងលទ្ធផលគន្លឹះ ព្រមទាំងការអនុវត្តដើម្បីសម្រេចបាននូវផែនការទាំងនោះ ប្រកបដោយផ្លែផ្កា។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ និងការចូលរួមផ្តល់មតិយោបល់យ៉ាងផុសផុល ពីសំណាក់ដៃគូអភិវឌ្ឍ ព្រមទាំងការឆ្លើយតប និងការផ្លាស់ប្ដូរយោបល់ពីគ្រប់តួអង្គអនុវត្ត និងការចូលរួមពីតំណាងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជាដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្ថាបនា តាមរយៈកិច្ចសន្ទនា និងការផ្លាស់ប្តូរយោបល់ប្រកបដោយជវភាព និងវិជ្ជាជីវៈខ្ពស់។
លោក រស់ សីលវ៉ា បានឆ្លៀតយកឱកាសនេះ ដើម្បីបូកសរុប និងជំរុញអាទិភាពការងារមួយចំនួន សម្រាប់ត្រីមាសបន្តបន្ទាប់ ដែលនឹងរួមចំណែកជាបច្ច័យ ដល់ការអនុវត្តរបស់ប្រទេសកម្ពុជា កាន់តែខិតជិតទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលអាទិភាព
ការងារទាំងនោះរួមមាន៖
* ការរៀបចំសេចក្តីព្រាងបឋមនៃក្របខណ្ឌផែនការសកម្មភាពរួម (CAP4+3) សម្រាប់ឆ្នាំ ២០២៨-២០៣០, ការរៀបចំប្រកាសស្តីពី ការកំណត់និយមន័យចំណាយកកស្ទះ និងស្តង់ដាពេលនៃដំណាក់កាលអនុវត្តថវិកា, ការចុះបញ្ជី និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការសម្របសម្រួលកិច្ចពិភាក្សារវាងតួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ការដាក់ឱ្យអនុវត្តសាកល្បងមុខងារ និងនីតិវិធីលទ្ធកម្មអេឡិចត្រូនិក (e-GP)។
* ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងវិនិយោគសាធារណៈ, ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលនៅសេសសល់ក្រោមច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, និងការជំរុញរៀបចំស្តង់ដានីតិវិធីប្រតិបត្តិ (SOP) លើការងារអធិការកិច្ចទៅតាមវិស័យជំនាញរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ៕








