ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និងអប់រំ តាមរយៈការបង្កើនថវិកា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្តបន្ទាប់
08-09-2026 17:50
(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងគ្រប់នីតិកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើវិស័យសុខាភិបាល និងវិស័យអប់រំ ដោយបានបង្កើនថវិកា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ សម្រាប់គាំទ្រវិស័យទាំងពីរនេះជាបន្តបន្ទាប់។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើនចំណាយថវិការបស់ក្រសួងសុខាភិបាល ពីចំនួនប្រមាណ ៩០៣ ៣២១ លានរៀល ឬ សមមូលប្រមាណ ២២៤ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ រហូតដល់ប្រមាណ ២ ៦៧០ ០៤២ លានរៀល ឬ សមមូលប្រមាណ ៦៦៦ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥ពោលគឺ កើន ៣ ដង។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើនថវិការបស់ ក្រសួងអប់រំ យុវជន និង កីឡា ពីចំនួនប្រមាណ ១ ១៣២ ៥៥៦ លានរៀល ឬ សមមូលប្រមាណ ២៨១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ រហូតដល់ប្រមាណ ៤ ៣៩៣ ៨០៥ លានរៀល ឬ សមមូលប្រមាណ ១ ០៩៥ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥ ពោលគឺ កើនប្រមាណ ៤ ដង ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និងសាលារៀនចំនួន ២ ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាលនាថ្ងៃទី ៨ ខែ កញ្ញា គ.ស. ២០២៦នេះ។
អគារមន្ទីរពេទ្យបង្អែកស្រុកពញាឮ ដែលនឹងត្រូវសាងសង់ឡើងវិញ មានកម្ពស់ ៤ ជាន់ ទទឹង ៣០ ម៉ែត្រ និងបណ្តោយ ៥០ ម៉ែត្រ ព្រមទាំងបំពាក់ដោយប្រព័ន្ធទំនើបៗដូចជា ម៉ាស៊ីនត្រជាក់ ប្រព័ន្ធការពារអគ្គីភ័យ កាមេរាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធើណេត។ ចំណែកអគារសិក្សាថ្មីទាំងពីរខ្នង មួយខ្នងស្ថិតក្នុងបរិវេណវិទ្យាល័យទេពប្រណម្យ និងមួយខ្នងទៀតស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ដោយអគារនីមួយៗមានកម្ពស់ ៣ ជាន់ ទទឹង ៩ ម៉ែត្រ បណ្តោយ ៤៥.៥ ម៉ែត្រ និងមាន ១៥ បន្ទប់។
ការសាងសង់នេះធ្វើឡើងបន្ទាប់ពីអគារចាស់ៗមួយចំនួននៃមន្ទីរពេទ្យ និងសាលារៀនទាំងពីរ បានទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារត្រូវបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម្ល៉េះ ហើយអគារមន្ទីរពេទ្យក៏រងការខូចខាតដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ ផងដែរ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។
លោកបានគូសបញ្ជាក់ថា ការសាងសង់អគារថ្មីទាំងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តលើកកម្ពស់ និងពង្រឹងគុណភាពវិស័យសុខាភិបាល និងវិស័យអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី ១។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកណ្តាលឱ្យកាន់តែប្រសើរឡើង។
បើតាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អគារខ្លះនៃមន្ទីរពេទ្យបង្អែកស្រុកពញាឮនេះ ត្រូវបានសាងសង់ឡើង តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ ខណៈអគារថ្មីបន្ថែម ក៏ត្រូវបានកសាង ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការជាក់ស្តែង របស់ បងប្អូនប្រជាពលរដ្ឋដែលចេះតែបន្តកើន ជាលំដាប់ ។ ជាក់ស្តែង អគារ «ក» រួមមាន៖ ផ្នែកសម្រាប់អ្នកជំងឺសម្រាក, ផ្នែកចុះឈ្មោះ, ផ្នែកពិគ្រោះជំងឺក្រៅ និង ផ្នែកសង្គ្រោះបន្ទាន់ ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ ១៩៨៨ មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង ទោះត្រូវបានជួសជុល ជាបន្តបន្ទាប់ក្តី ហើយដំបូលរបស់អគារ ត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ (ខ្យល់កន្ត្រាក់) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ រហូតមិនអាចបន្ត ប្រើប្រាស់ទៀតបាន។
ដោយឡែក អគារនៃវិទ្យាល័យទេពប្រណម្យ និង វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ក៏មានលក្ខណៈស្រដៀងគ្នានឹងអគារមន្ទីរពេទ្យបង្អែកស្រុកពញាឮ ផងដែរ ដោយអគារខ្លះមានសភាពទ្រុឌទ្រោមជាខ្លាំង ពីព្រោះ អគារទាំងនោះ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ មក៕
















