* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា តវ៉ាចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ដោយយោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់ (Video inside)

08-09-2026 20:52

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា។ បន្ទាប់ពីបានវាយកម្ទេចរួចកងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ត្រៃយ៍។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋានយោធានៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញានេះដែរ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជា ក្នុងភូមិព្រៃចាន់ ស្ថិតក្នុងឃុំ និងស្រុកខាងលើនេះ។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ Prapas Somchaidee បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) រួមនឹងអ្នកសារព័ត៌មានថៃ និងបរទេស មកពិនិត្យអគារមួយចំនួនស្ថិតនៅទិសអាគ្នេយ៍ នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ និងរីស៊ត (Royal O Smach Hotel and Resort) ស្ថិតក្នុងសង្កាត់អូរសាច់ ខេត្តឧត្តរមានជ័យ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ រំលោភចូលកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។

ការចូលមកទីតាំងទាំងនោះដោយគ្មានការអនុញ្ញាត គឺស្មើនឹងសកម្មភាពខុសច្បាប់នៃការអនុវត្តអំណាចរដ្ឋបាលរបស់ថៃ មកលើដែនដីកម្ពុជា។ កម្ពុជាបដិសេធដាច់ខាតចំពោះការយកលេស បង្ក្រាបបទល្មើសដើម្បីរំលោភបំពានដែនដីរបស់កម្ពុជា។

សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺបំពានអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ច ព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ព្រមទាំងគោរព នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕