មន្ត្រីសុខាភិបាល៖ ការស្រាវជ្រាវរកមេរោគ HPV ទាន់ពេលវេលា ជួយបង្ការ ព្យាបាល និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនប្រកបដោយប្រសិទ្ធភាព
08-09-2026 22:49
(ព្រះវិហារ)៖ វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការស្រាវជ្រាវរកមេរោគ HPV ទាន់ពេលវេលា គឺជាកត្តាគន្លឹះក្នុងការបង្ការ ព្យាបាល និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញប្រកាសបើកយុទ្ធនាការពិនិត្យស្រាវជ្រាវជំងឺមហារីកមាត់ស្បូន ដោយប្រើប្រាស់តេស្តរកមេរោគ HPV ដោយខ្លួនឯង នៅមណ្ឌលសុខភាពស្អាង ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងធនាគារពិភពលោក (World Bank) ដែលបានចូលរួមសហការជាមួយក្រុមការងារក្រសួងសុខាភិបាល ក្នុងការសម្របសម្រួល និងតាមដានដំណើរការស្រាវជ្រាវដ៏មានសារៈសំខាន់នេះ។
លោកបណ្ឌិត គួង ឡូ បានគូសបញ្ជាក់ថា ការពិនិត្យស្រាវជ្រាវរកមេរោគ HPV លើស្ត្រីដែលស្ថិតក្នុងក្រុមគោលដៅអាយុពី៣០ ដល់៤៩ឆ្នាំ គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាព និងសេដ្ឋកិច្ចគ្រួសារ។ ប្រសិនបើរកឃើញមេរោគ HPV វិជ្ជមានបានទាន់ពេលវេលា គ្រូពេទ្យជំនាញអាចចាត់វិធានការបង្ការ ព្យាបាល និងគ្រប់គ្រងជំងឺបានទាន់ពេល និងមានប្រសិទ្ធភាព។
លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងលើកឡើងថា៖ បច្ចុប្បន្នប្រមាណ ៦៥% នៃមរណភាពនៅកម្ពុជា បណ្តាលមកពីជំងឺមិនឆ្លង។ ដូច្នេះ ការពង្រឹងការពិនិត្យស្រាវជ្រាវ និងការរកឃើញជំងឺឱ្យបានទាន់ពេលវេលា គឺជាវិធានការដ៏សំខាន់មួយក្នុងការកាត់បន្ថយបន្ទុកជំងឺ និងការចំណាយរបស់គ្រួសារ។
ជាមួយគ្នានេះលោកវេបណ្ឌិត គួង ឡូ បានអំពាវនាវ និងជំរុញឱ្យស្ត្រីដែលស្ថិតក្នុងវ័យគោលដៅទាំងអស់ អញ្ជើញចូលរួមទទួលសេវាពិនិត្យស្រាវជ្រាវមេរោគ HPV ឱ្យបានផុសផុល ព្រោះសេវានេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ និងនៅជិតមូលដ្ឋាន ដែលអាចជួយសន្សំសំចៃទាំងពេលវេលា និងថវិកា។ លោកបានស្នើឱ្យបន្តសកម្មភាពពិនិត្យស្រាវជ្រាវនេះជាប្រចាំ និងខិតខំប្រែក្លាយសេវាពិនិត្យរកមេរោគ HPV ឱ្យទៅជាសេវាអចិន្ត្រៃយ៍នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ ទោះបីយុទ្ធនាការផ្លូវការត្រូវបានបញ្ចប់ក៏ដោយ។
លោក គួង ឡូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុទ្ធនាការនេះបានចាប់ផ្តើមអនុវត្តដំបូងនៅមណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពស្អាង ស្រុកជ័យសែន និងមណ្ឌលសុខភាពកោះកេរ្តិ៍ ស្រុកគូលែន ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ ចំណែកមណ្ឌលសុខភាពផ្សេងៗទៀត នឹងបន្តអនុវត្តជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់គ្របដណ្តប់លើប្រជាជនគោលដៅទាំងអស់ទូទាំងខេត្តព្រះវិហារ»។
ក្រៅពីការពិនិត្យរកមេរោគ HPV លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានស្នើឱ្យពង្រឹងបន្ថែមការស្រាវជ្រាវរកជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ព្រមទាំងជំរុញឱ្យស្ត្រីមានផ្ទៃពោះ មកទទួលការពិនិត្យសុខភាពឱ្យបានទៀងទាត់នៅមណ្ឌលសុខភាព តាមការណាត់របស់គ្រូពេទ្យជំនាញ ដើម្បីធានាសុវត្ថិភាពសុខភាពមាតា និងទារក។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រីក និងបង្ខិតសេវាពិនិត្យស្រាវជ្រាវ និងសេវាព្យាបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

















