កម្មករសំណង់ និងម្ចាស់ផ្ទះ ប្រមូលផ្ដុំគ្នាតវ៉ាមុខផ្ទះអ្នកម៉ៅការសំណង់ ដោយសារមិនបើកលុយ និងមិនគោរពកិច្ចសន្យាសាងសង់នៅខេត្តព្រះសីហនុ
09-09-2026 12:19
(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រមូលផ្តុំគ្នាតវ៉ា នៅមុខផ្ទះរបស់បុគ្គលឈ្មោះ មាស សំអាន ដែលគេស្គាល់ថាជាអ្នកម៉ៅការសំណង់ បានបោកប្រាស់ទំនុកចិត្តមិនបើកលុយឲ្យកម្មករ, ម្ចាស់ផ្ទះ ព្រមទាំងចេញស៊ែកស្អុយឲ្យមេតុងទីនថែមទៀតផង។ សកម្មភាពប្រមូលផ្តុំគ្នាធ្វើការតវ៉ានេះ បានធ្វើឡើងស្រុះគ្នាកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្បែរសាលាដំបូងខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
មនុស្ស៤នាក់ ក្នុងចំណោមប្រមាណ៤០នាក់ បានអះអាងថា បុគ្គល មាស សំអាន មិនបានគោរពតាមកិច្ចសន្យា និងគ្មានទំនួលខុសត្រូវការងារ បានបោកប្រាស់ទំនុកចិត្ត សរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយក្នុងនោះ លោក មាស សំអាន មិនបានបើកប្រាក់ឈ្នួលឲ្យមេជាង, កម្មករតាមផ្នែកនីមួយៗ, ម្ចាស់ផ្ទះដែលប្រគល់សិទ្ធសាងសង់មានតម្លៃសរុបប្រមាណជិត ២០ម៉ឺនដុល្លារ, មេតុងទីន ព្រមទាំងបោកប្រាស់ទៅលើស្ត្រី ដែលជាអតីតភរិយាយថែមទៀតផង។
ទុក្ខសោករបស់ក្រុមកម្មករសំណង់បានសម្តែងការក្តុកក្តួលថា ការមិនបើកប្រាក់ឈ្នួលពីសំណាក់អ្នកម៉ៅការរូបនេះ បានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនដល់ចំណុចសូន្យ គ្មានប្រាក់ទិញបាយហូបប្រចាំថ្ងៃ ព្រមទាំងកំពុងប្រឈមមុខការទារបំណុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងគ្មានប្រាក់ផ្ញើជូនគ្រួសារនៅស្រុកកំណើតឡើយ។
យោងតាមលោក តេង ពិសាល ជាម្ចាស់ផ្ទះបានរៀបរាប់ថា បុគ្គលរូបនេះបានទទួលម៉ៅការគម្រោងសាងសង់ផ្ទះឱ្យលោក ក្នុងទំហំទឹកប្រាក់រហូតដល់ទៅជាង១៦ម៉ឺនដុល្លារ ធ្វើមួយហើយចូលនៅ ប៉ុន្តែធ្វើបានតែតួផ្ទះសំបកក្រៅ រីឯខាងក្នុងមិនបានធ្វើឲ្យរួចរាល់នោះទេ ពោលគឺប្រើល្បិច «សន្យាខ្យល់» និងភូតភរពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យការដ្ឋានត្រូវកកស្ទះ និងខាតបង់យ៉ាងធ្ងន់ធ្ងរ មានន័យថាលុយត្រូវបានផ្តល់ជូនទៅឲ្យអ្នកម៉ៅការជិតគ្រប់ចំនួននៃតម្លៃសរុបទៅហើយ តែផ្ទះមិនអាចចូលនៅបាន។
ក្រៅពីនេះ ក្រុមអ្នកតវ៉ាផ្សេងៗទៀត ក៏បានលើកឡើងបន្ថែមថា អ្នកម៉ៅការរូបនេះបានទទួលគម្រោងសាងសង់ផ្សេងទៀត និងបានជំពាក់ប្រាក់ថ្លៃសម្ភារសំណង់នៅតាមដេប៉ូនានាជាហូរហែទៀតផងដែរ។
ការឆ្លើយតបរបស់ភាគីរងការចោទប្រកាន់ (លោក មាស សំអាន) ក្រុមអ្នកព័ត៌មានបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក មាស សំអាន ផ្ទាល់ ប៉ុន្តែលោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយ ឬបកស្រាយអ្វីទាំងអស់ ដោយបានឆ្លើយតបយ៉ាងខ្លីមកកាន់អ្នកយកព័ត៌មានថា លើករណីនេះ លោកបានប្រគល់ឲ្យមេធាវីរបស់លោកកំពុងធ្វើការ ព្រមទាំងចង់ប្តឹងមកលើអ្នកព័ត៌មានទៀតផង និងសូមអត់បកស្រាយអីទាំងអស់។
ដោយសារគ្មានជម្រើស និងរងទុក្ខវេទនាយ៉ាងខ្លាំង ក្រុមជនរងគ្រោះទាំងអស់បានលើកដៃសំពះ និងលើកបដាស្រែកអំពាវនាវយ៉ាងទទូចជូនចំពោះ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះសីហនុ មេត្តាចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ និងជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនពួកគាត់៕












