មន្ទីរពេទ្យព្រះអង្គឌួង និងមូលនិធិហ្វ្រេដហូឡូ បង្ហាញឆន្ទៈខ្ពស់រួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងសុខភាពភ្នែក ដើម្បីឧត្តមប្រយោជន៍ប្រជាជនកម្ពុជា
09-09-2026 14:52
(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងមន្ទីរពេទ្យព្រះអង្គឌួង ជាមួយមូលនិធិហ្វ្រេហូឡូ នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ភាគីទាំងពីរបានសម្ដែងនូវការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការរួមគ្នាពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្ដិការ អនុវត្ដគម្រោងសុខភាពភ្នែក ដើម្បីឧត្ដមប្រយោជន៍ប្រជាជនកម្ពុជា។
ក្នុងជំនួបដ៏សិ្នទ្ធស្នាលនេះមានអញ្ជើញដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិហ្វ្រេដហូឡូ The Fred Hollows Foundation (FHF) និងគណៈប្រតិភូអមដំណើរ ពីប្រទេស អេត្យូពី (Ethiopia) និងតំណាងនៅកម្ពុជា។
ជំនួបដែលប្រកបដោយបរិយាកាសដ៏សាមគ្គីភាពខាងលើនេះ លោកសាស្ត្រាចារ្យ លូ លីឃាង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត អនុវត្តគម្រោងសុខភាពភ្នែកដោយផ្ទាល់កន្លងមក។
លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចសហការភាពជាដៃគូនេះ មន្ទីរពេទ្យបានផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ជនមានពិការភាព អ្នកពុំមានលទ្ធភាពបង់ថ្លៃបកបាយភ្នែក និងព្យាបាលជំងឺ ភ្នែកផ្សេងៗបានកាន់តែច្រើន។
លោកបន្ថែមថា «យើងកំពុងអនុវត្តទៅលើគម្រោងចំនួន២ គឺ១) គម្រោងសុខភាពភ្នែក ដែលគាំទ្រថវិកាដោយ Bloomberg Philanthropies ផ្តោតលើការពិនិត្យស្រាវជ្រាវជំងឺភ្នែក បកបាយភ្នែក ព្យាបាលជំងឺផ្នែកផ្សេងៗ ជាពិសេស ផ្តល់វ៉ែនតាឥតគិតថ្លៃដល់អ្នកមានបញ្ហាកំហុសកំណុំរូបភាព និង២) គម្រោងអភិបាលកិច្ចសុខភាពភ្នែកដែលគាំទ្រថវិកាដោយ រដ្ឋាភិបាលអូស្ត្រាលី (Australian Government Aid) ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្រ្តីសុខភាពភ្នែក កម្មវិធីអាហារូបករណ៍ និងការចុះអភិបាលកិច្ចគាំទ្រសុខភាពភ្នែកនៅតាមខេត្តសម្ព័ន្ធមេត្រីផងដែរ»។
ឆ្លៀតក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ លូ លីឃាង បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះដៃគូដ៏ស្វាហាប់ និងជិតស្និល «មូលនិធិហ្វ្រេដហូឡូ» ដែលតែងតែមានវត្ដមានជានិច្ចក្នុងការជួយលើកកម្ពស់សុខភាពភ្នែក ជូនប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈសកម្មភាពនានាកន្លង ក៏ដូចជាបច្ចុប្បន្ននេះ ពិសេសមានទាំងការចុះសំណេះសំណាល និងអប់រំណែនាំដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅតាមបណ្ដាលខេត្ដ។
ជាការឆ្លើយតប លោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិហ្វ្រេដហូឡូ និងជាប្រធានដឹកនាំគណៈប្រត្តិភូ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលឱ្យតម្លៃ និងលើកកម្ពស់ភាពជាដៃគូ ជាមួយមូលនិធិហ្វ្រេដហូឡូ អនុវត្តគម្រោងដោយភាពហ្មត់ចត់ ជាក់លាក់ ផ្តល់សេវាពិតប្រាកដ សមធម៌ បរិយាបន្ន និងប្រកបដោយគុណភាពខ្ពស់នាពេលកន្លងមក។
លោក Ross បានបន្ថែមថា «យើងខ្ញុំមកថ្ងៃនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់លទ្ធផល និងសមិទ្ធិផលការងារ ដែលមន្ទីរពេទ្យបានអនុវត្តគម្រោង និងអនុញ្ញាតឱ្យយើងខ្ញុំ រួមទាំងប្រតិភូមកពីប្រទេស អេត្យូពី (Ethiopia) បានរៀនសូត្របន្ថែមពីដំណើរការ ទទួលជំងឺភ្នែក ការពិនិត្យ រោគវិនិឆ្ឆ័យ ការផ្តល់សេវាព្យាបាល និងការកត់ត្រាទិន្នន័យផងដែរ»។
ជាទីបញ្ចប់ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈខ្ពស់ បន្តពង្រឹង កិច្ចសហប្រតិបត្តិការយូរអង្វែង ឱ្យតម្លៃលើការវិនិយោគផ្នែកសុខភាពភ្នែក និងធ្វើការរួមគ្នា ដើម្បីផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ ផ្តោតលើគុណភាព បរិយាប័ន សមធម៌ និងនិរន្តរភាព៕









































