អគារទី២ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សម្រេចបានជាង ៨០% ត្រៀមបើកបង្រៀនចុងឆ្នាំ២០២៦ ផ្ដល់អាហារូបករណ៍១០០%
09-09-2026 16:38
(កណ្ដាល)៖ អគារទី២ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានស្ថាបនាសម្រេចបានជាង ៨០% ហើយ ក្រោមជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
តាមការគ្រោងទុក អគារដ៏ស្កឹមស្កៃនេះ នឹងបើកដំណើរការបង្រៀនជូននិស្សិត-សមណនិស្សិត នៅចុងឆ្នាំ២០២៦នេះ ដោយរំពឹងថាមានអ្នកចូលរៀនប្រមាណជាង ៣០០០ អង្គ/នាក់ ជាមួយនឹងការផ្ដល់អាហារូបករណ៍ ១០០% គ្រប់ៗរូប។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ បានមានថេរដីកាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ក្នុងការផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងសីលធម៌ និងចំណេះជំនាញ ដើម្បីកសាងធនធានមនុស្សពិតប្រាកដ សម្រាប់ជួយលើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ អគារកម្ពស់ ៥ជាន់ មាន ៨៧បន្ទប់នេះ គឺជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់កូនខ្មែរគ្រប់រូប ទទួលបានការសិក្សាថ្នាក់ឧត្តមសិក្សាដោយឥតគិតថ្លៃ។
បន្ថែមពីនេះ សាកលវិទ្យាល័យក៏មានគម្រោងពង្រីកទីតាំង ដោយស្ថាបនាអគារអន្តេវាសិកដ្ឋានសម្រាប់ផ្ដល់ការស្នាក់នៅដល់សមណនិស្សិត-និស្សិតក្រីក្រមកពីឆ្ងាយ សិក្សាដោយពុំបង់ថ្លៃអ្វីទាំងអស់។ ទីតាំងទី២ នេះ ក៏នឹងប្រែក្លាយជារមណីយដ្ឋានសាកលវិទ្យាល័យផងដែរ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ បណ្ណាល័យ និងទីតាំងផ្សេងទៀត ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីផ្ដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យពោរពេញដោយបទពិសោធន៍ និងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសជាច្រើន ដើម្បីបញ្ជូននិស្សិតទៅបន្តការសិក្សានៅក្រៅប្រទេស។
សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្ដមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់ ដោយផ្ដល់អាហារូបករណ៍ ១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤។
បច្ចុប្បន្ន សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, វិទ្យាសាស្ត្រសង្គម, វិស្វកម្ម និងស្ថាបត្យកម្ម, សិក្សាអភិវឌ្ឍ និងទេសចរណ៍, និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ និងកំពុងសិក្សាបើកថ្នាក់ជំនាញផ្នែកដឹកជញ្ជូនមួយទៀត៕




















