សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ត្រៀមប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ
09-09-2026 16:54
(បាត់ដំបង)៖ លោក ផេង សិទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អមដំណើរដោយលោកនាយកប្រតិបត្តិសាខា និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីប្រគល់ផ្ទះមនុស្សធម៌លេខរៀងទី២៧ និងទី២៨ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យកន្លងមក។ ជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំទីតាំងសម្រាប់ចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារផ្សេងទៀតផងដែរ។
សកម្មភាពចុះពិនិត្យនេះ បានធ្វើឡើងនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងគោលបំណងធានាឱ្យដំណើរការនៃការរៀបចំកម្មវិធីដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយជាទីបំផុត។
ពិធីប្រគល់ផ្ទះមនុស្សធម៌ទាំង ២ខ្នង និងការចែកអំណោយមនុស្សធម៌នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
ការផ្តល់ជូនផ្ទះថ្មី និងអំណោយមនុស្សធម៌នាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងការជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមបាវចនា «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»៕
















