អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
09-09-2026 16:55
(ភ្នំពេញ)៖ កម្លាំងទាហាន លែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលចេញដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបចេញផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា កាលពីកន្លងទៅ កងកម្លាំងនគរបាលជាតិ, កងកម្លាំងអាវុធហត្ថ និងកងកម្លាំងយោធា គឺត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត តែពេលនេះមានតែកងកម្លាំងនគរបាលជាតិ និងកងកម្លាំងអាវុធហត្ថប៉ុណ្ណោះ ដែលក្រោមការគ្រប់គ្រង និងបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត។
បើតាមអនុក្រឹត្យកាលពីថ្ងៃទី៣០ ខែកក្កដា, រាល់កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជូនដំណឹងដល់អង្គភាពយោធា តាមឋានានុក្រម ដែលស្ថិតនៅក្នុងមូលដ្ឋាន នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ ដើម្បីចាត់តាំង អ្នកតំណាងរបស់ខ្លួនឱ្យចូលរួមក្នុងកិច្ចប្រជុំ។
តំណាងអង្គភាពយោធា ដែលត្រូវបានចាត់តាំង ត្រូវចូលរួមក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីក្តាប់ សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋាន នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចស្នើសុំកិច្ចសហការ ពីអង្គភាពយោធាតាមឋានានុក្រម ដែលមានមូលដ្ឋាន ក្នុងដែនដីរបស់ខ្លួន ក្នុងការជួយសង្គ្រោះ នៅពេលមានគ្រោះធម្មជាតិ ជំងឺរាតត្បាត និងស្ថានភាពអាសន្នផ្សេងៗទៀត ឬក្នុងការបង្ក្រាបអំពើល្មើស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាលខាងលើនេះ មានគោលបំណងកំណត់អំពីសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបការងាររបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងតួនាទី ការទទួលខុសត្រូវ និង ចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពារធនធានព្រៃឈើ ជលផល តំបន់ការពារធម្មជាតិ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕











