* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា និងឥណ្ឌូនេស៊ី ជួបប្រជុំទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) នៅទីក្រុងគូឡាឡាំពួ

09-09-2026 19:15

(គូឡាឡាំពួ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយលោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹក និងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០២៤ លើវិស័យអាទិភាពចំនួន៤ រួមមាន៖ សេវាសុខាភិបាល, ភាពធន់ផ្នែកសុខាភិបាល (ការឆ្លើយតបគ្រាអាសន្ន សន្តិសុខឱសថ និងបរិក្ខារវេជ្ជសាស្ត្រ), ធនធានមនុស្ស, និងបច្ចេកវិទ្យាសុខាភិបាល (ឌីជីថល និងជីវបច្ចេកវិទ្យា)។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក៏បានស្នើឱ្យឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលកម្ពុជា តាមរយៈអាហារូបករណ៍ ផ្តល់ការចុះកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។

កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសុខភាពប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ។

សូមជម្រាបថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត»។

កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន បូកបី ២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន ៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋកូរ៉េ ៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-អាម៉េរិក ៥) និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-ជប៉ុន ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ប្រកបដោយសុខភាពល្អ ធានានិរន្តរភាព និងភាពធន់ ដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ាន តាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖

* ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន
* ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល
* ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ អាស៊ានអាមេរិក និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជប៉ុន និងរបាយការណ៍កិច្ចប្រជុំរបសឧត្តមមន្ត្រីសុខាភិបាល (PrepSOM) នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
* ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។
* ព្រមទាំងបង្ហាញនូវរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើ ប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕