ការបំភាយឧស្ម័នពុលពីភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងពិភពលោក
09-09-2026 19:33
(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី កំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងគំហុកនៃការបំភាយឧស្ម័នកាបូនិចចេញពីភ្លើងឆេះព្រៃនៅលើកោះ Borneo និងកោះស៊ូម៉ាត្រា ដោយបានរុញច្រានឱ្យកម្រិតឧស្ម័នផ្ទះកញ្ចក់នេះហក់ឡើងខ្ពស់បំផុតនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទិន្នន័យពីសេវាកម្មតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប បានបង្ហាញថា ការបំភាយឧស្ម័នចេញពីភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ក្នុងសប្តាហ៍ដំបូងនៃខែកញ្ញានេះ បានកើនឡើងដល់ជិត ២០លានតោន ដែលបានវ៉ាដាច់ប្រទេសរុស្ស៉ី និងស្មើនឹងជាងមួយភាគបីនៃការបំភាយឧស្ម័នសរុបទូទាំងពិភពលោក។ បាតុភូតអាកាសធាតុ «Super-El Niño» បានរុញច្រានសីតុណ្ហភាពឱ្យកើនឡើងខ្លាំង និងបង្កគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យឥណ្ឌូណេស៉ីកំពុងប្រយុទ្ធប្រឆាំងនឹងរដូវភ្លើងឆេះព្រៃដ៏សាហាវបំផុតនៅក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ។
លោក Mark Parrington អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃសេវាកម្ម Copernicus បានគូសបញ្ជាក់ដូច្នេះថា «វាស្ងួតខ្លាំង វាស្អុះស្អាប់ ហើយនៅពេលដែលភ្លើងចាប់ផ្តើមឆេះ ភ្លើងទាំងនេះនឹងឆាបឆេះក្នុងកម្រិតធ្ងន់ធ្ងរបំផុត»។ ក្នុងចំណោមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺទីក្រុង Pontianak ក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច ដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) បានហក់ឡើងដល់ ៣៩៤ (លើសពីកម្រិតគ្រោះថ្នាក់ ៣០០) នេះបើតាមស្ថាប័នតាមដាន IQAir របស់ប្រទេសស្វ៉ីស។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានឥណ្ឌូណេស៉ីបានសម្តែងក្តីព្រួយបារម្ភចំពោះកម្រិតបំពុលខ្យល់ដ៏គ្រោះថ្នាក់នៅក្នុងខេត្តកាលីម៉ាន់តាន់ និងតំបន់ដទៃទៀត ខណៈដែលការបំភាយឧស្ម័ននៅសប្តាហ៍នេះ បានកើនឡើងខ្ពស់ជាងមធ្យមភាគប្រចាំរដូវរហូតដល់ ២៧៣ភាគរយ ហើយផ្សែងអ័ព្ទពុលបានបន្តជះឥទ្ធិពលដល់សុខភាពសាធារណៈ និងបណ្តាប្រទេសជិតខាង៕





