រាជរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ឆ្នាំ២០២៥
09-09-2026 21:28
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ របស់ក្រសួងផែនការ។
ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការទាំងមូល ដែលក្នុងរយៈពេលកន្លងទៅ បានខិតខំយ៉ាងសកម្មឈ្មុសឈ្មុលបំពេញការងារក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។
ពិសេស ក្នុងកិច្ចការរៀបចំប្រមូល កសាងទិន្នន័យ រៀបចំតាក់តែងផែនការជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ និងមិនត្រឹមតែប៉ុណ្ណោះ បានវិវឌ្ឍប្រែក្លាយទិន្នន័យទាំងនោះ ទៅជាថ្នាលឌីជីថល ដែលជាការអនុវត្តបានយ៉ាងល្អប្រពៃ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល លើការងារបរិវត្តកម្មឌីជីថល និងឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលផងដែរ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ CDB បានក្លាយជាប្រព័ន្ធព័ត៌មានដ៏សំខាន់មួយ ដែលភ្ជាប់រវាងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និងការរៀបចំគោលនយោបាយនៅថ្នាក់ជាតិ ដែលបានគាំទ្រការធ្វើផែនការអភិវឌ្ឍន៍ ការកំណត់អាទិភាព កម្មវិធីវិនិយោគ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍនៅគ្រប់កម្រិត។ ក្នុងបរិបទ នៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល ដែលបានផ្តោតការយកចិត្តទុកដាក់ លើការកែលម្អអភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ។
ទោះបីជា ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ CDB បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងការវិវឌ្ឍទៅជាថ្នាលឌីជីថល បានផ្តល់នូវសុក្រឹតភាព និងទំនើបភាពយ៉ាងណាក្តី ប៉ុន្តែមិនមានន័យថា សមិទ្ធផលដែលយើងសម្រេចបានថ្ងៃនេះ គឺជាទីបញ្ចប់នៃការកែទម្រង់ប្រព័ន្ធស្ថិតិជាតិនោះទេ ផ្ទុយទៅវិញ នេះគឺជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មី ដែលតម្រូវឱ្យក្រសួងផែនការ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា បន្តចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ចូលរួមផ្តល់ទិន្នន័យពិត កែលម្អចំណុចខ្វះខាត និងប្រើប្រាស់ទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធនេះ ដើម្បីធានាថា ប្រព័ន្ធស្ថិតិជាតិមួយនេះ ពិតជាអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសបានកាន់តែប្រសើរ។
ដើម្បីធានាប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងជាពិសេស និរន្តរភាពនៃប្រព័ន្ធឌីជីថលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ CDB ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី ឧបនាយរដ្ឋមន្ដ្រី នេត សាវឿន បានចែករំលែកនូវទស្សនទាន និងដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*ទី១៖ ក្រសួងផែនការ ត្រូវខិតខំបន្តពង្រឹងគុណភាព និងស្តង់ដាទិន្នន័យស្ថិតិ។ ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិ ត្រូវបន្តលើកកម្ពស់គុណភាពទិន្នន័យ តាមរយៈការធ្វើបច្ចុប្បន្នភាពសូចនាករ ការអនុវត្តស្តង់ដាបច្ចេកទេស ការផ្ទៀងផ្ទាត់ទិន្នន័យ និងការពង្រឹងយន្តការធានាគុណភាព ដើម្បីធានាថា ទិន្នន័យដែលផលិតមានភាពត្រឹមត្រូវ អាចប្រៀបធៀបបាន និងអាចទុកចិត្តបាន
*ទី២៖ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ ត្រូវបន្តកិច្ចសហការជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្នុងការជួយប្រមូល ចែករំលែក និងប្រើប្រាស់ទិន្នន័យស្ថិតិ ដើម្បីធានាឱ្យមានឯកភាព សង្គតិភាព និងប្រសិទ្ធភាពក្នុងប្រព័ន្ធស្ថិតិជាតិ
*ទី៣៖ ក្រសួងផែនការ ត្រូវបន្តជំរុញការធ្វើទំនើបកម្មប្រព័ន្ធ CDB នេះ បន្ថែមទៀត និងត្រូវគិតគូរពង្រឹងសុវត្ថិភាពនៃប្រព័ន្ធផងដែរ
*ទី៤៖ ក្រសួងផែនការ ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការបណ្តុះបណ្តាល កសាងធនធានមនុស្សបន្ថែមទៀត
*ទី៥៖ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយទិន្នន័យ និងរបាយការណ៍ស្ថិតិឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍ អាចទាញយក និងប្រើប្រាស់ទិន្នន័យបានកាន់តែមានប្រសិទ្ធភាព។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ នូវរបាយការណ៍ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ និងឆ្នាំជាបន្តបន្ទាប់ទៀត តាមរាជធានី ខេត្ត នីមួយៗរបស់ខ្លួន។
*ទី៦៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ណែនាំ និង ពង្រឹងដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្នុងការប្រមូលទិន្នន័យជារៀងរាល់ឆ្នាំ ឱ្យមានគុណភាព និងទាន់ពេលវេលា
*ទី៧៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិចារណាក្នុងការបន្តពិនិត្យផ្តល់ប្រភពហិរញ្ញវត្ថុនានា សម្រាប់ការគាំទ្រដល់ការកែទម្រង់វិទ្យាស្ថានជាតិស្ថិតិ និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ ដើម្បីឱ្យកម្ពុជាមានប្រព័ន្ធស្ថិតិ ដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព តម្លាភាព និងអាចគាំទ្រការសម្រេចចិត្ត និងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ប្រព័ន្ធស្ថិតិជាតិ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
























