សហគមន៍កសិកម្មចំនួន ២ និងក្រុមបណ្ដុំអាជីវកម្មស្រូវដំណើប ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែន SRP និងស្រូវចំណី ជាង៧,០០០តោន ជាមួយក្រុមហ៊ុន ខ្មែរ ហ្វូត គ្រុប
10-09-2026 09:29
(បន្ទាយមានជ័យ)៖ កិច្ចសន្យាផលិតកម្មកសិកម្មចំនួន ៤ រវាងក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (Khmer Food Group) និងសហគមន៍កសិកម្មចំនួន ២ (សហគមន៍កសិកម្មពោធិ៍រាំបុណ្យចម្រើនផល សហគមន៍កសិកម្មរំដួលទានកាំ) និងក្រុមបណ្ដុំអាជីវកម្មស្រូវដំណើបស្បៃមង្គល ក្នុងគោលបំណងធានានូវការទិញស្រូវចំនួន ៧,២០០តោន ជាប្រភេទស្រូវ SRP និងស្រូវចំណី នៅខេត្តបន្ទាយមានជ័យ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្ដើម លោក គួន កាយ ប្រធានសហគមន៍កសិកម្មពោធិ៍រាំបុណ្យចម្រើនផល បានមានប្រសាសន៍ថាក្នុងនាមកសិករដែលជាសមាជិកសហគមន៍កសិកម្មទាំងអស់សូមសម្ដែងនូវសេចក្តីរីករាយនិងថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម ជាពិសេសនាយកដ្ឋានកសិឧស្សាហកម្ម និងមន្ទីរសិកម្មហេតុបន្ទាយមានជ័យ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍជាតិកម្ពុជា និងអង្គការដៃគូរនានា ដែលបានជួយសម្រាបសម្រួលរហូតដល់មានការរៀបចំពិធីចុះកិច្ចសន្យាផលិតិកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវរវាងសហគមន៍កសិកម្មនេះឡើង។
តាមរយៈកិច្ចសន្យាខាងលើ កសិករទាំង២ខេត្ត ត្រូវផ្គត់ផ្គង់សែនក្រអូបអនុវត្តតាមស្តង់ដា SRP និងស្រូវចំណីលើផ្ទៃដីទំហំ ១៩២៦,៥ហិកតានិងបរមាណទិន្នផលរំពឹងទុក ៧២០២តោនឭសរុបឱ្យទៅក្រុមហ៊ុនខ្មែរហ្វូតគ្រុប។
លោក រំពឹងថា «ការចុះកិច្ចសន្យានេះនឹងជួយឲ្យកសិករប្រមាណ ៤០៦គ្រួសារ មានភាពកក់ក្តៅក្នុងការរៀបចំផែនការការផលិត ពីព្រោះមានការកំណត់ច្បាស់លាស់អំពីបរិមាណ គុណភាព និងលក្ខខណ្ឌច្បាស់លាស់ដែលមានចែងក្នុងកិច្ចសន្យានេះផងដែរ ជាពិសេសការផលិតស្រូវសែនក្រអូបអនុវត្តតាមស្តង់ដា srp និងស្រូវចំណី នឹងជួយលើកកម្ពស់គុណភាពផលិតផល បង្កើនតម្លៃ និងភាពប្រកួតប្រជែងនៅលើទីផ្សារ»។
ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនខ្មែរហ្វូតគ្រុប បានថ្លែងថា កិច្ចសន្យាសហគមន៍ស្រូវលើកនេះ គឺជាកិច្ចសន្យាកសិកម្មលើកទី៣ នៅក្នុងឆ្នាំ២០២៦។ តាមផែនការក្រុមហ៊ុនយើង នឹងទិញស្រូវ ១០ម៉ឺនតោន។
ឧកញ៉ារូបនេះ បន្តថា «កិច្ចសន្យាដែលយើងចុះថ្ងៃនេះនៅមានបរិមាណមិនទាន់គ្រប់គ្រាន់ក៏ពិតមែន ខ្ញុំគិតថាជាជំហានបន្តបន្ទាប់ក្រុមហ៊ុនយើងនឹងខំធ្វើការជាមួយបណ្ដាមន្ទីរកសិកម្ម និងសហគមន៍កសិករ ដើម្បីបង្កើនកិច្ចសន្យាកសិកម្មទិញស្រូវធ្វើម៉េចឲ្យបាន ១០ម៉ឺនតោន»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាកិច្ចសន្យាផលិតកម្មនៅថ្ងៃនេះ គឺជាការធានាតម្លៃជាក់លាក់មួយជូនប្រជាកសិកររបស់យើង។
លោក បានសង្កត់ធ្ងន់ថា៖ «ក្នុងរឿងនេះគឺកសិករត្រូវផលិតឱ្យមានគុណភាព ហើយអ្នកទិញរបស់យើងគឺស្មោះត្រង់ជាមួយគ្នា។ យើងលក់ឱ្យក្រុមហ៊ុនហើយ យើងអត់ទៅលក់ឱ្យអ្នកណាផ្សេងទៀតទេ ហើយនៅក្នុងនេះក្រុមហ៊ុនក៏ដូចគ្នាដែរត្រូវមានភាពស្មោះត្រង់ជាមួយកសិករយើង»។
លោករដ្ឋមន្ត្រី សង្ឃឹមថា ការចុះកុច្ចសន្យានាថ្ងៃនេះនឹងក្លាយជាគម្រូ និងលើកទឹកចិត្តឱ្យបន្តពង្រីកនូវការផលិតតាមកិច្ចសន្យានេះឱ្យបានច្រើន ដើម្បីសហគមន៍កសិកម្មកាន់តែជោគជ័យ និងបញ្ចៀសហានិភ័យទីផ្សារ៕














