អេទីកា បង្កើតបទពិសោធន៍ធានារ៉ាប់រងថ្មីនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ Etiqa+
10-09-2026 09:42

(ភ្នំពេញ)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមហ៊ុនធានារ៉ាប់រង អេទីកា កម្ពុជា នៅថ្ងៃនេះបានដាក់ឱ្យប្រើប្រាស់ Etiqa+ ដែលជាវេទិកាធានារ៉ាប់រងឌីជីថល និងកម្មវិធីទូរស័ព្ទ (App) របស់ខ្លួននៅកម្ពុជា។ វេទិកានេះផ្តល់ជូនអតិថិជននូវបទពិសោធន៍ធានារ៉ាប់រងដ៏រលូន និងគ្រប់ជ្រុងជ្រោយ ចាប់ពីការទិញធានារ៉ាប់រង ការគ្រប់គ្រងបណ្ណសន្យារ៉ាប់រង ការដាក់ពាក្យសំណង រហូតដល់ការទទួលបានសេវាជំនួយ។ ការដាក់ឱ្យប្រើប្រាស់ Etiqa+ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ អេទីកា និងគាំទ្រដល់ចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធានារ៉ាប់រងដែលមានការតភ្ជាប់គ្នាទូទាំងតំបន់អាស៊ាន។
ចាប់តាំងពីបានបង្កើតវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០២២ មក អេទីកា បានបន្តនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីជួយអតិថិជនការពារអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ ខណៈប្រជាជនកម្ពុជាកំពុងឈានទៅរកអនាគតឌីជីថលកាន់តែខ្លាំង Etiqa+ បន្តបង្ហាញពីការប្តេជ្ញាចិត្តនេះ ដោយនាំយកសេវាធានារ៉ាប់រងឱ្យកាន់តែខិតជិតអតិថិជន ដើម្បីឆ្លើយតបទៅនឹងរបៀបរស់នៅដែលកំពុងវិវត្តរបស់ពួកគេ។ បច្ចុប្បន្ន កម្មវិធី Etiqa+ មានអ្នកប្រើប្រាស់ជាង ២ លាននាក់នៅប្រទេសម៉ាឡេស៊ី ដែលអាចទិញធានារ៉ាប់រង ចូលប្រើឯកសារបណ្ណសន្យារ៉ាប់រង ដាក់ពាក្យសំណង ស្នើសុំជំនួយបន្ទាន់ និងគ្រប់គ្រងតម្រូវការធានារ៉ាប់រងរបស់ពួកគេបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក Amran Hassan ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Etiqa International Holding Sdn Bhd បានមានប្រសាសន៍ថា៖
“ការរំពឹងទុករបស់អតិថិជនកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មនុស្សកាន់តែច្រើនរំពឹងថា សេវាធានារ៉ាប់រងគួរតែមានភាពសាមញ្ញ ងាយស្រួលចូលប្រើ និងងាយយល់ ដូចទៅនឹងសេវាឌីជីថលដែលពួកគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ សម្រាប់យើង Etiqa+
មិនមែនគ្រាន់តែជាកម្មវិធីទូរស័ព្ទមួយប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាយុទ្ធសាស្ត្រដែលជួយឱ្យយើងគិតឡើងវិញអំពីរបៀបដែលអតិថិជនស្វែងយល់ ចូលប្រើ និងទទួលបានបទពិសោធន៍ពីសេវាធានារ៉ាប់រង។
កម្ពុជាគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងដំណើររបស់យើងឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីធានារ៉ាប់រងឌីជីថលដែលមានការតភ្ជាប់គ្នាទូទាំងតំបន់អាស៊ាន ដើម្បីធ្វើឱ្យការការពារកាន់តែងាយស្រួលចូលប្រើ និងមានភាពពាក់ព័ន្ធជាមួយសហគមន៍ដែលយើងបម្រើ។”
លក្ខណៈពិសេសដ៏សំខាន់មួយរបស់ Etiqa+ គឺសមត្ថភាពក្នុងការធ្វើឱ្យដំណើរការដាក់ពាក្យសំណងធានារ៉ាប់រងកាន់តែសាមញ្ញ ដែលជាទូទៅត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមផ្នែកដែលមានភាពស្មុគស្មាញបំផុតនៃបទពិសោធន៍របស់អតិថិជន។ តាមរយៈកម្មវិធីទូរស័ព្ទ អតិថិជនអាចដាក់ពាក្យសំណងតាមប្រព័ន្ធឌីជីថល បញ្ចូលឯកសារគាំទ្រ តាមដានវឌ្ឍនភាពនៃសំណង និងទទួលបានព័ត៌មានថ្មីៗ ដោយមិនចាំបាច់ទៅកាន់សាខា ឬបំពេញឯកសារជាច្រើនឡើយ។
ធានារ៉ាប់រងការធ្វើដំណើរ (Travel Insurance) នឹងក្លាយជាផលិតផលដំបូងដែលអាចប្រើប្រាស់តាមរយៈ Etiqa+ នៅកម្ពុជា ដែលបង្ហាញពីរបៀបដែលបច្ចេកវិទ្យាអាចធ្វើឱ្យសេវាធានារ៉ាប់រងកាន់តែងាយស្រួល និងឆ្លើយតបបានលឿនជាងមុន។
អតិថិជនដែលបញ្ចូលព័ត៌មានជើងហោះហើររបស់ខ្លួនទៅក្នុងកម្មវិធី អាចទទួលបានអត្ថប្រយោជន៍ពីមុខងារតាមដានការពន្យារពេលជើងហោះហើរដោយស្វ័យប្រវត្តិ។ នៅពេលមានការពន្យារពេលដែលស្ថិតក្នុងលក្ខខណ្ឌធានារ៉ាប់រង ប្រាក់សំណងអាចត្រូវបានផ្ទេរដោយផ្ទាល់ទៅកាន់គណនីធនាគារដែលអតិថិជនបានចុះឈ្មោះ ដោយមិនចាំបាច់ដាក់ពាក្យសំណងដោយដៃឡើយ។
វេទិកានេះក៏អនុញ្ញាតឱ្យអតិថិជនដែលធ្វើដំណើរទៅក្រៅប្រទេស អាចស្នើសុំ លិខិតធានាសម្រាប់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ (Guarantee Letter) ចូលមើលព័ត៌មានបណ្ណសន្យារ៉ាប់រងគ្រប់ពេលវេលា ដាក់ពាក្យសំណងតាមប្រព័ន្ធឌីជីថល និងតាមដានស្ថានភាពសំណងពីគ្រប់ទីកន្លែង។ សមត្ថភាពទាំងនេះផ្តល់ជូនអតិថិជននូវការទទួលបានជំនួយកាន់តែលឿនក្នុងស្ថានភាពដែលមិនបានរំពឹងទុក និងផ្តល់នូវភាពកក់ក្តៅចិត្តកាន់តែខ្លាំងក្នុងអំឡុងពេលធ្វើដំណើរ។

លោកស្រី អះស្មាត់ រ៉ូហ្សាន នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា បានមានប្រសាសន៍ថា៖
“ការទទួលយកបច្ចេកវិទ្យាឌីជីថលដែលកំពុងកើនឡើងនៅកម្ពុជា កំពុងបង្កើតឱកាសថ្មីៗ ដើម្បីកែលម្អបទពិសោធន៍របស់អតិថិជនជាមួយសេវាធានារ៉ាប់រង។ Etiqa+ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់យើង ដើម្បីធ្វើឱ្យការការពារកាន់តែងាយស្រួលចូលប្រើ ងាយស្រួលប្រើប្រាស់ និងមានភាពពាក់ព័ន្ធទៅនឹងតម្រូវការដែលកំពុងវិវត្តរបស់អតិថិជនកម្ពុជា។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយដែលងាយស្រួលប្រើប្រាស់ និងត្រូវបានរៀបចំឡើងដោយផ្តោតលើអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់អតិថិជនរបស់យើង។”
ឆ្ពោះទៅមុខ អេទីកាមានផែនការពង្រីកសេវាកម្មរបស់ Etiqa+ ជាបន្តបន្ទាប់ លើសពីធានារ៉ាប់រងការធ្វើដំណើរ ដោយរួមបញ្ចូល ធានារ៉ាប់រងរថយន្ត ធានារ៉ាប់រងម៉ូតូ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ធានារ៉ាប់រងអគ្គិភ័យ ធានារ៉ាប់រងសុខភាព និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបង្កើតជាវេទិកាឌីជីថលដ៏ទូលំទូលាយសម្រាប់ការការពារផ្នែកធានារ៉ាប់រងទូទៅ។

ការដាក់ឱ្យប្រើប្រាស់ Etiqa+ ក៏ជាមូលដ្ឋានសម្រាប់ការរួមបញ្ចូលដំណោះស្រាយ ធានារ៉ាប់រងអាយុជីវិត និងការសន្សំ នាពេលអនាគត ដើម្បីគាំទ្រអតិថិជននៅក្នុងដំណាក់កាលផ្សេងៗនៃជីវិត និងសុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេ។
តាមរយៈការរួមបញ្ចូលការការពារ សេវាកម្ម និងការគាំទ្រ នៅក្នុងប្រព័ន្ធអេកូឡូស៊ីតែមួយដែលមានការតភ្ជាប់គ្នា Etiqa+ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ អេទីកា ក្នុងការធ្វើឱ្យធានារ៉ាប់រងកាន់តែសាមញ្ញ ងាយស្រួលចូលប្រើ និងមានភាពពាក់ព័ន្ធសម្រាប់អតិថិជនទូទាំងតំបន់អាស៊ាន។
អតិថិជនអាចទាញយក Etiqa+ តាមរយៈ App Store និង Google Play Store និងចាប់ផ្តើមទទួលបានបទពិសោធន៍ធានារ៉ាប់រងដែលកាន់តែសាមញ្ញ និងងាយស្រួល។


អំពីក្រុមហ៊ុនធានារ៉ាប់រង អេទីកា កម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងដែលផ្តល់ជូនដំណោះស្រាយការពារដ៏ទូលំទូលាយសម្រាប់បុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃបណ្តាញ អេទីកា ទូលំទូលាយក្រោម Maybank Group នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនទាំងពីរផ្តោតលើការផ្តល់សេវាធានារ៉ាប់រងដែលមានភាពរហ័ស ងាយស្រួល និងគួរឱ្យទុកចិត្ត ដោយផ្អែកលើគោលការណ៍សំខាន់ៗនៃបទពិសោធន៍អតិថិជន។
ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនរួមមាន ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងការធ្វើដំណើរ ធានារ៉ាប់រងគេហដ្ឋាន ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងអាយុជីវិត ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏សម្បូរបែប និងកំពុងវិវត្តរបស់អតិថិជន។
មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ អេទីកា កម្ពុជា បន្តពង្រីកវត្តមាននិងនវានុវត្តន៍ផលិតផលរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា៕



