កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង ពាក់ព័ន្ធករណីរត់ពន្ធថ្នាំស៊ីរ៉ូក្អក និងប្រើប្រាស់សារធាតុញៀន
10-09-2026 11:11
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីរត់ពន្ធទំនិញ (ថ្នាំស៊ីរ៉ូក្អក) ដោយខុសច្បាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបញ្ជូនជនសង្ស័យនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង បានទទួលជនសង្ស័យទាំងពីរនាក់ពីកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមាត់អូរព្រំដែន ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ជនសង្ស័យទាំងពីរមានឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ផលលីន ភេទប្រុស អាយុ២៦ឆ្នាំ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាថ្នាំស៊ីរ៉ូក្អកម៉ាក DATISSIN ចំណុះ ៦០មីលីលីត្រ ចំនួន០៦កេស សរុបចំនួន១,១៥០ដប។
តាមការសួរនាំ ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេពិតជាបានដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អកម៉ាក DATISSIN ពីប្រទេសថៃ ឆ្លងចូលមកកម្ពុជាតាមអូរព្រំដែនដោយខុសច្បាប់ តាមការណែនាំរបស់មេក្លោងឈ្មោះ សំរើន (ស៊ុនរ៉ើន) ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបានរត់គេចខ្លួន។ លើសពីនេះ ជនសង្ស័យទាំងពីរនាក់ក៏ត្រូវបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមានផងដែរ។
ប្រតិបត្តិការបង្ក្រាបនេះ គឺស្ថិតក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ចំណែកមេក្លោងដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ការអនុវត្តច្បាប់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កងរាជអាវុធហត្ថក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត។









