ស្ត្រីមេម៉ាយវ័យ៦០ឆ្នាំម្នាក់ ស្នើសុំអន្តរាគមន៍ពីក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ក្រោយរងបណ្តឹង និងការគំរាមកំហែងពីកូនប្រុសបង្កើត
10-09-2026 15:49
(ភ្នំពេញ)៖ លោកស្រី ស៊ុន សុខង៉េង អាយុ ៦០ឆ្នាំ ជាស្ត្រីមេម៉ាយម្នាក់ បានអំពាវនាវដល់ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ឱ្យជួយការពារសុវត្ថិភាព និងស្វែងរកយុត្តិធម៌ជូនរូបគាត់ បន្ទាប់ពីបានរងនូវបណ្តឹង និងការគំរាមកំហែងជាបន្តបន្ទាប់ពីកូនប្រុសបង្កើតរបស់ខ្លួន។ ករណីនេះបានកើតឡើងក្រោយពេលដែលស្វាមីរបស់លោកស្រីបានទទួលមរណភាពកាលពីឆ្នាំ២០២៣។
លោកស្រី ស៊ុន សុខង៉េង បានរៀបរាប់ថា ក្នុងអំឡុងពេលដែលស្វាមីរបស់លោកស្រីនៅមានជីវិត ពួកគាត់បានបែងចែកទ្រព្យសម្បត្តិមួយចំនួនជូនកូនៗរួចហើយ។ ជាក់ស្ដែង កូនប្រុសច្បងឈ្មោះ ស៊ុន សុមាលី បានទទួលដីចម្ការចំនួន ១៣ ហិកតា នៅខេត្តកំពង់ស្ពឺ និងផ្ទះមួយកន្លែងនៅភ្នំពេញ។ លើសពីនេះ លោកស្រីក៏បានអនុញ្ញាតឱ្យកូនប្រុស និងកូនប្រសារឈ្មោះ ហុម សុជាតា ខ្ចីប្លង់ដីចំនួន ៣ កន្លែង ដើម្បីដាក់ធានាខ្ចីប្រាក់ពីធនាគារចំនួន ៤៥ ម៉ឺនដុល្លារ។
ទោះជាយ៉ាងណា លោកស្រីបានអះអាងថា បច្ចុប្បន្នកូនប្រុស និងកូនប្រសាររបស់លោកស្រីមិនព្រមសងប្រាក់ធនាគារនោះទេ ថែមទាំងបានព្យាយាមរករឿង និងគំរាមកំហែងលោកស្រីជាច្រើនលើកច្រើនសារ។ អ្វីដែលធ្វើឱ្យលោកស្រីឈឺចាប់បំផុតនោះ គឺកូនប្រុសបង្កើតរបស់លោកស្រីបានប្តឹងលោកស្រីជាម្តាយបង្កើត ដោយចោទប្រកាន់ថាបានសម្លាប់ប្តីខ្លួនឯង និងទាមទារសំណងរហូតដល់ ៥០ ម៉ឺនដុល្លារ។
លោកស្រី ស៊ុន សុខង៉េង បានបន្តថា ដោយទ្រាំលែងបាន លោកស្រីបានសម្រេចចិត្តស្នើសុំអន្តរាគមន៍ពីប្រព័ន្ធច្បាប់ ហើយតុលាការក៏បានចេញដីការក្សាការពារមិនឱ្យកូនប្រុសរបស់លោកស្រីមកជិតលោកស្រីឡើយ។ ប៉ុន្តែទោះបីជាមានដីការក្សាការពារនេះ ក៏កូនប្រុសរបស់លោកស្រីនៅតែបន្តរករឿង និងមិនខ្លាចច្បាប់ដដែល។ ក្នុងនាមជាម្តាយម្នាក់ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំដល់កូន លោកស្រីពិតជាមានការឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើរបស់កូនប្រុសខ្លួន។ ហេតុដូច្នេះហើយ លោកស្រី ស៊ុន សុខង៉េង សូមសំណូមពរដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងការពារសុវត្ថិភាពជូនរូបលោកស្រីជាស្ត្រីមេម៉ាយម្នាក់នេះផង៕










