លោក ហ៊ុន បូរិន ត្រូវប្រកាសចូលកាន់តំណែងជាប្រធានច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង
10-09-2026 16:08
(ស្ទឹងត្រែង)៖ លោក ហ៊ុន បូរិន នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សម្រួលកិច្ចការពាណិជ្ជកម្ម និងទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងភាគីពាក់ព័ន្ធទាំងកម្ពុជា និងឡាវ។
ក្នុងឱកាសនោះលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងការអបអរសាទរចំពោះលោក ហ៊ុន បូរិន ដែលទទួលបានការទុកចិត្តឱ្យទទួលតួនាទីថ្មីនេះ បន្ថែមលើតួនាទីចាស់ជានាយករងរដ្ឋបាលខេត្ត។
លោកអភិបាលខេត្តបានណែនាំឱ្យប្រធានច្រកថ្មីត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុតនូវរាល់ការប្តេជ្ញាចិត្ត និងបទបញ្ជាដែលថ្នាក់ដឹកនាំបានដាក់ចេញ។ លោកក៏បានគូសបញ្ជាក់ថា កងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលប្រចាំការនៅទីស្នាក់ការច្រកទ្វារ ត្រូវតែបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីសម្រួលដល់ការចេញ-ចូលរបស់អ្នកវិនិយោគ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
បន្ថែមលើនេះ លោកអភិបាលខេត្តបានរំលឹកយ៉ាងច្បាស់ពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ថា «មិនអនុញ្ញាតដាច់ខាតឱ្យមានការយកទឹកដីនៃខេត្តស្ទឹងត្រែង ជាតំបន់ចេញ-ចូល ឬជម្រករបស់ពួកសង្គមងងឹត និងក្រុមឧក្រិដ្ឋជនឡើយ»។
ដើម្បីសម្រេចបាននូវគោលដៅនេះ លោកបានផ្តាំផ្ញើឱ្យគ្រប់អាជ្ញាធរ និងកងកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ជាមួយគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីមន្ត្រី ច្រកទ្វារណងនុកខៀនរបស់ប្រទេសឡាវ ដើម្បីលុបបំបាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាពបំផុត៕


























